រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មិនដឹងថា ខូចចិត្តប្តីបែកចិត្ត ឬក៏សង្សារមានថ្មីទេ បានទៅផឹកទឹកត្នោតជូរ រហូតស្រវឹងសន្លប់ ទាល់តែសមត្ថកិច្ចទៅជួយដាស់ ហើយចេញលុយឲ្យ ម៉ូតូឌុបដឹកទៅវិញ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ នៅមុខរោងចក្រភួយ តាមបណ្តោយ មហាវិថី ព្រះមុនីរ៉េត ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បើតាមសម្តីអ្នកលក់ ទឹកត្នោតជូរបានឲ្យដឹងថា ស្ត្រីវ័យជិត៣០ឆ្នាំម្នាក់ រូបសម្ជស្សសមរម្យ បានមកផឹកទឹកត្នោតជូរ នៅកន្លែងរបស់គាត់ប្រមាណ ជាងមួយម៉ោង គឺអង្គុយផឹករហូតស្រវឹង សន្លប់ស្តូកស្តឹងដេកនៅកន្លែង លក់ទឹកត្នោតជូរ រហូតដល់ម៉ោងគាត់រើ តូបឈប់លក់ដូរ ហើយនៅតែមិនព្រមភ្ញាក់ទៀត ទើបរាយការណ៍ទៅសមត្ថកិច្ច ចុះមកជួយដាស់នៅ តែមិនព្រមភ្ញាក់ ដាស់យូរណាស់ ទើបភ្ញាក់ ហើយសមត្ថកិច្ចធ្វើការសាកសួរ អត់ដឹងអ្វីទាំងអស់ គ្រាន់តែនាងប្រាប់ថាផ្ទះ របស់នាងនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយមកលេងផ្ទះបងប្អូននៅជិតកន្លែង លក់ទឹកត្នោតជូរ ។

ដោយសារតែស្រវឹងទឹកត្នោតជូរ សមត្ថកិច្ចសាកសួរអត់ ដឹងអ្វីទាំងអស់ ដឹងនៅភ្នំពេញថ្មី សមត្ថកិច្ចក៏បាន ជួល ម៉ូតូឌុបមួយគ្រឿងក្នុងតម្លៃ១ ម៉ឺនរៀលឲ្យដឹក នាងយកទៅផ្ទះ ។

មិនមាននរណាម្នាក់ដឹងថា ស្ត្រីខាងលើមានវិបត្តិរឿងអីទេបាន ទៅអង្គុយផឹកទឹកត្នោតជូរហូត សន្លប់បែបនេះ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]