ខេត្ដសៀមរាប ៖ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥នេះ ក្នុងសវនាការជំនុំជំរះករណី ជនបរទេសជាជនជាតិ បារាំងទាំងបីនាក់ដែលបានថតរូបអាក្រាត ក្នុងប្រាសាទបន្ទាយក្តីនោះត្រូវបាន តុលាការលើក យក មកជំនុំជំរះ ភ្លាមៗបន្ទាប់ពីមានការបញ្ជូនខ្លួន ពីនគរបាលទេសចរ មកកាន់តុលាការ ដែល ក្រោមការជំនុំជំរះ ដោយចៅក្រម កូយ សៅ និងតំណាងអយ្យការ លោក សុក កែវបណ្ឌិត ក្រឡាបញ្ជីលោក យ៉េង ដា មេធាវីលោក ភុំ ប៊ុនផាន់ និងមេធាវីរដ្ឋាភិបាលព្រម ទាំងសមត្ថកិច្ចចូលរួមមាន អាជ្ញាធរអប្សរា ,នគរ បាល ទេសចរ សាក្សី មួយចំនួនផងដែរ ។

ទាំងបីនាក់នោះ ជាជនជាតិបារំាង មានទី១. ឈ្មោះ  Vincent Henri ភេទប្រុស អាយុ២០ឆ្នាំ កាន់លិខិតឆ្លង ដែនលេខ13AK95763 រស់ នៅ Carriere sur Seine ប្រទេសបារាំង ,ទី២. ឈ្មោះ Rodoiphe Fourgeot ភេទប្រុស អាយុ២១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 14AY83 376 រស់នៅទីក្រុង Lille ប្រទេសបារាំង និងទី៣. ឈ្មោះ Alexander André Raymond ភេទប្រុស អាយុ២២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 13AZ49579 រស់ នៅទីក្រុង Hiedésheim ប្រទេសបារាំង ។

លោក កូយ សៅ ចៅក្រមជំនុំជំរះបានសម្រេច ដាក់ពន្ធនាគារក្នុងម្នាក់ៗចំនួន៦ខែ និងពិន័យជាទឹកប្រាក់ ម្នាក់ៗ១លានរៀល ពីបទជួញដូររូបភាពអាសអាភាស និងបទបង្ហាញកេរភេទក្នុងមាត្រា៣៩ កថាខណ្ឌ ទី៣នៃច្បាប់ស្តី ពីការជួញដូរមនុស្សនិងអាជីវកម្ម ផ្លូវភេទក្នុងមាត្រា ២៤៩នៃក្រមព្រហ្មទណ្ឌដែលជន ទាំងនេះប្រព្រឹត្តិភូមិស្រះស្រង់ សង្កាត់នគរធំ ក្រុងសៀមរាប កាលពីថ្ងៃទី២៩ ខែមករា កន្លងទៅ ។ ប៉ុន្តែទោសទាំងអស់នេះ ត្រូវបានព្យួរទាំងមូលស្រប តាមមាត្រា១០៧,១០៩,១១១ នៃក្រមព្រហ្មទណ្ឌ ដោយគ្រាន់តែពិន័យក្នុង ម្នាក់ៗចំនួន១ លាន រៀលនិងមិនអនុញ្ញាតិឲ្យជនទាំងបីនាក់ នោះចូលមកស្នាក់នៅប្រទេស កម្ពុជារយៈពេល៤ឆ្នាំ ។ក្នុងនោះតុលាការសម្រេច ដកហូត យកវត្ថុតាងមួយចំនួន ទុកជាសម្បត្តិរដ្ឋរួមមានទូរស័ព្ទដៃម៉ាក អាយហ្វូនស៊ិចចំនួន១គ្រឿង,អាយហ្វូនហ្វ័រ១គ្រឿង,មេម៉ូរី១,ម៉ាស៊ីនថតវីដេអូ ១,ឧបករណ៍ បំពងសំលេង១,ជើងកាម៉ារាចំនួន២ ឆ្នាំងសាកទូរស័ព្ទចំនួន២, រីឯសម្ភារក្រៅពីនោះត្រូវ ប្រគល់ឲ្យជនជាប់ ចោទវិញ។

ជនជាប់ចោទទាំង៣នាក់ នោះបានសារភាពនៅចំពោះ មុខតុលាការថាខ្លួនពិតជាបានថត រូបអាក្រាតយ៉ាងដូច្នេះមែន ហើយពួកគេនិងធ្វើការសុំទោស ចំពោះប្រជាជនកម្ពុជាទាំងអស់ ដូច្នេះពួកគេនឹងឈប់ប្រព្រឹត្ត យ៉ាងនេះទៀតហើយ ។ ចំណែកការលើកឡើង ក្នុងបណ្តាញទំនាក់ទំនងសង្គម បានលើកឡើងផ្សេងៗគ្នាថា ការចាប់ខ្លួនបុរសជនជាតិបារាំង ទាំង៣នាក់នោះគឺជាការរៀបចំ របស់អាជ្ញាធរទៅវិញ។ តាមពិតករណីថតរូបអាក្រាត កាយនៅក្នុងប្រាសាទបុរាណរបស់ខ្មែរ នេះគឺជាការឆកល្វែងមួយរបស់សមត្ថកិច្ច កាលពីពេលកន្លងទៅ ប៉ុន្តែបន្ទាប់ពីកើតរឿងរ៉ាវនេះទៅអាជ្ញាធរ ចំរុះបានបង្កើនការរឹតបន្តឹងបន្ថែមទៀត រហូតឈានទៅដល់ការឃាត់ខ្លួនជនជាតិ បារាំងទាំង៣នាក់នេះ តែម្តង ដូច្នេះការលើកឡើងថា ករណីខាងលើនេះជា ការរៀបចំទុកជាមុននោះ គឺជារឿងមិនពិតនោះទេ ។

មជ្ឈដ្ឋាននានាបានសាទរ ទៅនឹងចំណាត់ការរបស់អាជ្ញាធរ ដែលសម្រេចបានយ៉ាងល្អ ខណៈពេលដែលមានជន បរទេសចូលមកលួចថត រូបអាសអាភាសក្នុង ប្រាសាទបូរាណរបស់ខ្មែរ ប៉ុន្តែករណីស្តី្រម្នាក់ដែលគេ ថតរូបពាក់កណ្តាលខ្លួនក្នុងប្រាសាទ នោះនៅមិនទាន់ស្វែងរកឃើញនៅឡើយទេ យ៉ាងនេះក្តី សេចក្តីថ្លែងការ របស់អាជ្ញាធរអប្សរាធ្លាប់បានបង្ហាញ ថាស្វែងរកជនទាំងនោះមកផ្តន្ទា ទោសតាមផ្លូវច្បាប់ ព្រោះវាធ្វើឲ្យប៉ះពាល់ ដល់វប្បធម៌សេចក្តីថ្លៃថ្លូរ របស់ខ្មែរ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]