រាជធានីភ្នំពេញ ៖ នារី២នាក់ ក្នុងនោះមានម្នាក់ ជានិស្សិតឆ្នាំទី៤ រៀននៅសាកល វិទ្យាល័យ IU រងរបួសបាក់ភ្លៅម្ខាង និងម្នាក់ទៀតរង របួសស្រាល បន្ទាប់ពីត្រូវរថយន្ត ដឹកសំរាមរបស់ក្រុមហ៊ុន ស៊ិនទ្រីមួយគ្រឿង បើកលឿនដូចហោះក៏ជ្រុល ទៅបុកពីក្រោយយ៉ាងពេញទំហឹង ខណៈពួកនាងកំពុុងជិះម៉ូតូ ឌុបគ្នាចេញពីសាលា ឆ្ពោះមកកាន់លំនៅឋាន កាលពីវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី៣០ មករា ២០១៥ ស្ថិតនៅខាងត្បូង ផ្សារស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពបានឱ្យដឹងថា និស្សិតដែលរងរបួស បាក់ភ្លៅឈ្មោះអ៊ឹុង សុនីតា អាយុ២៥ឆ្នាំ ជានិស្សិតឆ្នាំទី៤ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងនារីម្នាក់ទៀតរងរបួសស្រាល មិនបានស្គាល់អត្តសញ្ញាណទេ ដោយសារនាងមិនប្រាប់។ ចំណែកអ្នកបើកបររថយន្តបង្ក ក្រោយពីកើតហេតុបាន ចុះរត់គេចខ្លួនបាត់ ទុកតែរថយន្តចោល ត្រង់ចំណុចកើតហេតុ។

ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះទាំង២ នាក់ជិះម៉ូតូម៉ាកគុបជ្រុង៥០មួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AF-8953 ធ្វើដំណើរចុះពីលើស្ពាន អាកាសស្ទឹងមានជ័យ ចុះតាមផ្លូវមុន្នីរ៉េត ក្នុងទិសដៅពីជើងទៅត្បូង លុះជិះហួសស្ពាន ជាង១០០ ម៉ែត្រ ស្របពេលមានរថយន្តស៊ិនទ្រី ប្រមូលសំរាមមួយគ្រឿងកំពុងបើកពីក្រោយ ក្នុងល្បឿនយ៉ាងលឿន ហើយទំនងចាប់ ហ្វ្រាំងមុនស៊ី ក៏ជ្រុលទៅបុកម៉ូតូរបស់ នារីរងគ្រោះពេញទំហឹង បណ្តាលឱ្យម៉ូតូនិងអ្នក ឌុបខ្ទាតមកខាងស្តាំដៃ ឯនារីឈ្មោះអ៊ឹង សុនីតា ជាអ្នកជិះក្រោយបានធ្លាក់ពីលើម៉ូតូខ្ទាតខាងឆ្វេងដៃ ត្រូវកង់ក្រោយរបស់រថយន្ត ស៊ិនទ្រីកិនចំចំហៀងភ្លៅខាងឆ្វេងបាក់ឆ្អឹងខ្ទេច រងរបួសយ៉ាងធ្ងន់ធ្ងរ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីកើតហេតុ ក៏មានរថយន្តសង្គ្រោះបន្ទាន់មកដឹក នារីដែលរងរបួសធ្ងន់ទៅសង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាព-ខ្មែរសូវៀត (រុស្ស៊ី) ភ្លាម ។ ចំណែកអ្នកបើកបរថយន្តបង្ក រួមជាមួយអ្នកដើរប្រមូល សម្រាមដាក់ក្នុងរថយន្ត បាននាំគ្នារត់គេច ខ្លួនបាត់អស់ តែម្តង ។

គួរកត់សម្គាល់ រថយន្តដឹកសំរាម របស់ក្រុមហ៊ុនស៊ិនទ្រីតែងតែ បង្កគ្រោះថ្នាក់ចរាចរណ៍ ជារឿយៗ ហើយបន្ទាប់ពី បង្កហេតុរួច គឺតែងតែរត់ ប្រះអាយុបាត់អស់ហើយ ដោយគេមិនដឹងថា ខាងកម្លាំងសមត្ថកិច្ចរកអ្នក ដែលបើករថយន្តបង្កបានឬ ក៏អត់នោះទេ?




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]