ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ ទន្លេបាសាក់ ស្ទាក់ចាប់ខ្លួនបានភ្លាមៗ ខណៈដែល យុវជនរូបនេះ បន្លំធ្វើជាជាង ជួសជុល កុំព្យូទ័រ ដោយប្រាប់ក្មេងស្រីរងគ្រោះថា ឪពុករបស់នាង ឱ្យមក យកឡេបថបទៅជួសជុល ប៉ុន្ដែក្មេងស្រីរងគ្រោះមិនទាន់ ថាម៉េចផង ស្រាប់តែ កញ្ឆក់យក កុំព្យូទ័រ ឡេបថប មួយគ្រឿង និងទូរស័ព្ទដៃមួយគ្រឿង ពីក្មេងស្រីរងគ្រោះ រួចឡើងជិះម៉ូតូបម្រុង គេចខ្លួន តែគេចមិនរួច ។

ករណីនេះកើតឡើង នៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ នៅផ្ទះលេខ២បេ ផ្លូវ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ មានឈ្មោះ វ៉ាន់ វីរៈ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅផ្ទះ ជួល លេខ ១៣ E1 ផ្លូវ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។  រីឯក្មេងស្រីរងគ្រោះឈ្មោះ កែវ ឈុនសុវណ្ណបញ្ញា អាយុ ១៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ ទន្លេបាសាក់បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ កំពុងអង្គុយ ចុចទូរស័ព្ទ ហើយកុំព្យូទ័រ ឡេបថបលេង ហ្គេមក្នុងផ្ទះ របស់ខ្លួន គាប់ជួនពេលនោះជនសង្ស័យ ខាងលើជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ ១២៥ ពណ៌ខៀវ ស៊េរីឆ្នាំ២០០៦ ឡើងតែម ២០១៣ ចុះឡើងៗ ក៏ឈប់ម៉ូតូ នៅមុខផ្ទះ ក្មេងស្រីរងគ្រោះរួចបានដើរចូល ទៅដល់ក្នុងផ្ទះប្រាប់នាងថា ឪរបស់នាង ឱ្យខ្លួនគេមកយក ឡេបថបទៅ ជួសជុល ព្រោះខ្លួនគេជាជាងជួសជុលកុំព្យូទ័រ ។ ដោយមានការសង្ស័យ និងមិនជឿថា ឪពុករបស់នាង ឱ្យមកយកឡេបថបនោះ ក្មេងស្រីរងគ្រោះ បានទូរស័ព្ទទៅសួរឪពុក ប៉ុន្ដែឆ្លៀតពេលនោះ ជនសង្ស័យខាងលើ បានឆក់យកឡេបថប និងទូរស័ព្ទពីដៃ របស់នាងរួច បញ្ឆេះម៉ូតូបម្រុង ជិះគេចខ្លួន ។

ដោយគេឃើញទង្វើបែបនេះ ក្មេងស្រី រងគ្រោះបានស្រែកឆោឡោឡើង ផ្អើលដល់អ្នកជិតខាង ស្របពេលនោះ កម្លាំង នគរបាលប៉ុស្តិ៍ទន្លេ បាសាក់ ឈរជើងនៅក្បែរនោះ ឃើញទាន់ក៏ស្ទាក់ចាប់ ម៉ូតូជនសង្ស័យ បណ្ដាលឱ្យដួល ទើបចាប់ ខ្លួនបាន និងបញ្ជូនមកកាន់ប៉ុស្ដិ៍ ទន្លេបាសាក់ ចាត់ការតាម ច្បាប់តែម្ដងទៅ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេ ពិតជាមានកំហុស ចូលទៅកញ្ឆក់យក ឡេបថប និងទូរស័ព្ទដៃ ពីក្មេងស្រី រងគ្រោះខាងលើប្រាកដមែន ។ ក្រោយការសារភាព និងតាមបណ្តឹង របស់ជនរងគ្រោះ សមត្ថកិច្ច នគរបាលប៉ុស្ដិ៍ទន្លេបាសាក់ បានកសាង សំណុំរឿង បញ្ជូនទៅ អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]