ជាការពិត គ្មាននរណាម្នាក់ ដែលមិនចង់ បានជីវិតមួយ ដែលមានភាពល្អប្រសើរ នោះឡើយ ប៉ុន្តែ អ្វីដែលពិបាកធ្វើឲ្យ មនុស្សភាគច្រើន មិនអាចផ្លាស់ប្តូរជីវិត បាននោះ គឺការ ព្យាយាមកុហកខ្លួនឯង និង មិនអើពើ ដែលជាហេតុបណ្តាលឲ្យ  ផ្តល់ផល អវិជ្ជមាន និង មិនអាច ផ្លាស់ប្តូរជីវិត ខ្លួនឯងបាន។ យ៉ាងណាមិញ បើតាមអ្នកជំនាញ បានបង្ហាញឲ្យដឹងពី ១០ ចំនុចសំខាន់ៗ ដែលមនុស្ស គួរបញ្ឈប់កុហកខ្លួនឯង បន្តទៀត៖

១. គិតថា មិនមែន ជាអ្នកនោះ ឬ ជាអ្នកនេះ ៖ មនុស្សភាគច្រើន មានទំនោរ ធ្វើការប្រៀបធៀប ខ្លួនឯង ទៅនឹងអ្នកដទៃ ដូចជា គិតថាខ្លួនឯង មិនមែនជាគេ ធ្វើម្តេចអាចសម្រេចបានជោគជ័យ ដូចជាគេនោះ។ ប៉ុន្តែ ការគិតបែបនេះ ជាអ្វីដែលអ្នក កំពុងបោកកុហក ខ្លួនឯង និង បង្អាប់សមត្ថភាពខ្លួនឯង និង ជាឧបសគ្គ ធ្វើឲ្យអ្នក មិនអាចសំរេច បានគោលដៅផងដែរ។ ផ្ទុយទៅវិញ ព្យាយាមយកនរណា ដែលអ្នកកំពុង ប្រៀបធៀប ខ្លួនឯង ជាមួយគេនោះ ហើយយកគេជាគំរូវិញ ដោយមានគំនិតមួយថា គេធ្វើបាន ដូច្នេះ យើងក៏អាច ធ្វើដូចគេដែរ។

២. គិតថា អ្វីៗដែលខ្លួនមាន និង កន្លែងដែល រស់នៅសព្វថ្ងៃ សុខស្រួលហើយ ៖ នេះជាការល្អហើយ ប៉ុន្តែ អ្នកក៏មិនត្រូវ ឲ្យភាពសុខស្រួលនោះ បង្កឲ្យអ្នក មិនអាចផ្លាស់ប្តូរជីវិតអ្នកនោះដែរ។ ប្រសិនបើអ្នក កំពុងពេញចិត្ត នឹងអ្វីដែលសុខស្រួល និង ងាយស្រួល ក្នុងផ្នែកមួយនៃជីវិត តើអ្នក សង្ឃឹមថា ផ្នែកផ្សេងទៀត នៃជីវិតអ្នក នឹងងាយស្រួល ហើយសុខស្រួល ដូចគ្នាដែរឬ? ជំនួសឲ្យ ការកុហកខ្លួនឯង ផ្ទុយមកវិញ ព្យាយាមរុញច្រាន ជីវិតខ្លួនឯង ទៅជា មានភាពសុខស្រួល ជាមួយអ្វី ដែលពិបាកយកបានវិញ ដែលអនុញ្ញាតឲ្យ អ្នកសាកល្បងរៀនអ្វី ដែលថ្មីផងដែរ។

៣. គិតថា អាចធ្វើអ្វីមួយ នៅពេលក្រោយ ៖ ការមិនធ្វើអ្វីមួយភ្លាម ឬ ព្យាយាមពេលនេះទេ វាជាការសម្លាប់នូវ ឆន្ទះ របស់ខ្លួនឯង។ វាជារឿងងាយ យល់ណាស់ ពីព្រោះ ការកុហកខ្លួនឯង ដោយពន្យាពេល មិនធ្វើអ្វីមួយ ឲ្យបានសម្រេច អាចជះឥទ្ធិពលអាក្រក់ ដល់ខ្លួនឯង ដោយបន្តធ្វើអ្វីដដែលៗ ម្តងហើយម្តងទៀត។ ជំនួសឲ្យ ការពន្យាពេល ងាកមកចាប់ផ្តើម ប្រើពាក្យ "ខ្ញុំអាចធ្វើវាបានឥលូវនេះ!"  វិញទៅមើល វានឹងអាច ជួយឲ្យជីវិតរបស់អ្នក រំកិលទៅមុខ កាន់ការផ្លាស់ប្តូរ មួយដ៏ល្អ។

៤. គិតថា មិនដឹងត្រូវធ្វើ បែបណាទេ ៖ ពាក្យមួយឃ្លានេះ មនុស្សគ្រប់រូប ប្រាកដជាបានប្រើ ក្នុងជីវិត ពីព្រោះមនុស្ស មិនមែន កើតមកចេះ ធ្វើអ្វី ដោយខ្លួនឯងនោះទេ។ ប៉ុន្តែ អ្នកក៏មិនត្រូវ យកពាក្យមួយឃ្លានេះ មកបន្តកុហកខ្លួនឯង នៅពេល អ្នកចង់ផ្លាស់ប្តូរជីវិត ហើយប្រទះនូវអ្វី ដែលពិបាក ដោយជំទាស់ថា មិនដឹងថា ត្រូវធ្វើដូចម្តេចនោះទេ។ ព្យាយាម ប្រើប្រាស់ការលើកទឹកចិត្ត ខ្លួនឯង និង និយាយថា "ខ្ញុំអាចចាប់ផ្តើមរៀន ពីវិធីធ្វើអ្វីមួយឲ្យបានសំរេច"។

៥. ខ្ញុំគិតថា វាមិនសំខាន់ ៖ នេះជាការ កុហកដ៏ធំមួយ ក្នុងជីវិត។ មនុស្សភាគច្រើន បានគិតថា ការផ្លាស់ប្តូរជីវិត មិនសំខាន់ មានប៉ុណ្ណា រស់ប៉ុណ្ណោះទៅ ប៉ុន្តែវា ជាជីវិតរបស់អ្នក ហើយការផ្លាស់ប្តូរ ប្រាកដជាសំខាន់។ អ្វីទាំងអស់ ក្នុងជីវិតរបស់អ្នក គឺជាអ្វី ដែលត្រូវគិតពីវា ហើយគួរគិត ជីវិតខ្លួនឯង ជារឿងសំខាន់ណាស់ សំរាប់ខ្លួនឯង  ដូច្នេះ ឈប់បន្ត កុហកខ្លួនឯងបន្តទៀត។

៦. ខ្ញុំខ្លាចភាពបរាជ័យ៖ ជាការពិត ការបរាជ័យ ជារឿង គួរឲ្យខ្លាច សំរាប់របត់ នៃការផ្លាស់ប្តូរ ដំណើរជីវិត។ មនុស្សគ្រប់គ្នា នរណាមិនខ្លាច ភាពបរាជ័យនោះ ហើយវាជារឿងធម្មតា។ ប៉ុន្តែ ភាពភ័យខ្លាច និង បាំងជិត ភាពជោគជ័យ ហើយ អ្នកក៏កំពុងតែ ផ្តល់គំនិតអវិជ្ជមាន ឲ្យខ្លួនឯង រួចទៅហើយ ដោយមិនទាន់ ទាំងបាន ធ្វើការផ្លាស់ប្តូរជីវិត ផងនោះ។

៧. ខ្ញុំមិនចង់ជួប ការឈឺចាប់៖ ចំពោះចំនុចនេះ ជារឿយៗ កើតឡើង ចំពោះរឿង ទំនាក់ទំនងស្នេហា។ វាជាការពិត វាពិបាកក្នុងការ ចាប់ផ្តើមអ្វី ដែលថ្មី ខណៈដែល អ្នកកំពុងតែ ក្រលេកមើល អ្វីដែលនៅអតីតកាល។ ប្រសិនបើអ្នក នៅតែបន្តចងចាំ  ឲ្យការឈឺចាប់ ដែលធ្លាប់ កើតមាននៅ ពេលកន្លង ដូចជាក្នុងរឿងស្នេហា ជាដើម និង មិនព្រមបំភ្លេចវាទេនោះ អ្នកកំពុងតែ បន្តកុហកខ្លួនឯងហើយ និង មិនចង់ផ្លាស់ប្តូរ ទៅរកអ្វីដែល ថ្មី ឬ ជួបទំនាក់ទំនង គូស្នេហ៍ណាមួយ ដែលមិនឈឺចាប់ និង ល្អជាងអ្នកមុននោះទេ។  ប៉ុន្តែ អ្នកកំពុងតែយក លេសមួយ  ដោយប្រើពាក្យការឈឺចាប់  ដើម្បីកុហកខ្លួនឯង។

៨. គិតថា នឹងមិនអាច គ្រប់គ្រងបាន ៖ ការផ្លាស់ប្តូរអ្វីមួយ ទៅកាន់អ្វីមួយដែលថ្មី ត្រូវមានការផ្លាស់ប្តូរ ស្ថានភាពដែលធ្លាប់ ជួបប្រទះពីមុន មកជួបស្ថានភាពប្លែកមួយថ្មី ប៉ុន្តែ អ្នកមិនត្រូវបន្តកុហកខ្លួនឯង ដោយនិយាយថា ខ្ញុំនឹងមិនអាច គ្រប់គ្រងបាននោះទេ ពីព្រោះបើអ្នកមិនទាន់ នឹងបាន ផ្លាស់ប្តូរ ផងនោះ ម្តេចដឹងថា មិនអាចគ្រប់គ្រងបាន។ ការផ្លាស់ប្តូរ គឺពឹងលើ ការតាំងចិត្ត និង ព្យាយាមសម្រេចចិត្ត ដោយមុតមាំ ។

៩ . ខ្ញុំមិនចូលចិត្ត ការផ្លាស់ប្តូរ៖ ចំនុចនេះ គឺជាការកុហក ដ៏ធំមួយ សំរាប់ខ្លួនឯង ហើយវា នឹងមិនអាចធ្វើ ឲ្យជីវិតរបស់អ្នក លូតលាស់ទៅមុខ និង អភិវឌ្ឍន៍ខ្លូនឯង ដើម្បីស្វែងរកអ្វីដែលថ្មី និង ល្អប្រសើរ  នោះទេ។ ការផ្លាស់ប្តូរ អាចជាអ្វី ដែលគួរឲ្យខ្លាច ប៉ុន្តែ វាក៏ជាផ្នែក មួយដែលឲ្យ អ្នកចាស់ទុំ និងលូតលាស់ ជាងមុន។ ហើយយើងក៏ មិនអាច នៅតែមួយកន្លែង ជារៀងរហូតនោះដែរ។ គិតថា ផ្លាស់ប្តូរ គឺជាការល្អ អាចឲ្យ អ្នកជួបឱកាសថ្មី បទពិសោធន៍ថ្មី ។

១០. ខ្ញុំ គ្មានពេលវេលា ៖ ប្រសិន បើអ្នកចេះតែ បណ្តោយពេលវេលា ឲ្យដើរទៅមុខនោះ ហើយចេះ តែបន្ត កុហកខ្លួនឯងថា គ្មានពេលវេលានោះ តើពេលណា ដែលអ្នកនឹងមាន ពេលវេលាទៅ? កុំព្យាយាមបន្តកុហកខ្លួនឯង ខណៈពេល ដែលការផ្លាស់ប្តូរ ទៅរកអ្វីមួយដែល ល្អប្រសើរនៅចំពោះ មុខហើយនោះ។ គួរតែ កំនត់ផ្លាស់ប្តូរល្អប្រសើរមួយ សំរាប់ជីវិត  ហើយក៏ធ្វើវា ភ្លាមឲ្យទាន់ពេលវេលា នៅពេល ដែលមានឱកាស មកដល់៕

 

តើចំនុច ណាខ្លះ ដែលអ្នកកំពុង កុហកខ្លួនឯងសព្វថ្ងៃ ?

ប្រភព lifehack

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]