ខេត្តក្រចេះ៖ អាជ្ញារធរកំពុងតែស្រាវជ្រាវរកមូលហេតុនៃគ្រោះអគ្គិភ័យដែល បណ្តាលឲ្យឆាបឆេះលំនៅ ឋាន ផ្ទះឈើចំនួនពីរខ្នង នៅក្បែរៗ គ្នាខូចខាត ទ្រព្យសម្បត្តិអស់រាប់ ម៉ឺនដុល្លារ ក្នុងឃុំសំបុក ស្រុកចិត្របុរី ស្របពេលដែលម្ចាស់ លំនៅឋានលក់គ្រឿងទេស ដែលជា លំនៅឋាន បង្កហេតុបាន ដាក់ពាក្យបណ្តឹង មកសមត្ថកិច្ចថា អគ្គិភ័យនេះ គឺមានអ្នកលួចបង្ក។

ប៉ូលិសប៉ុស្តិ៍រដ្ឋបាលសំបុកបានឲ្យដឹងថា គ្រោះអគ្គិភ័យនេះបានកើតឡើង កាលពីវេលាម៉ោងជាង២រំលង អធ្រាត្រឈាន ចូលថ្ងៃទី៣០ មករា នៅក្នុងឃុំសំបុក ស្រុកចិត្របុរី ក្នុងនោះបណ្តាលឲ្យ មានផ្ទះឈើ២ខ្នង ចំនួន៥ដំបូល សង់ជាប់ៗគ្នា ត្រូវបានអគ្គិភ័យ ឆាបឆេះ អស់ទាំង ស្រុង ។

នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសំបុក លោកអនុសេនីយ៏ទោ អ៊ុន ហយ បានឲ្យដឹងថា អណ្តាតភ្លើងបាន ផ្តើមចេញ ពីលំនៅឋានផ្ទះ តៀមលក់ ចាប់ហួយ មានម្ចាស់ ឈ្មោះ សេង ម៉ារឌី អាយុ៤៣ឆ្នាំ ជាផ្ទះឈើ ប្រក់ស័ង្កសី មានទំហំ ៥គុណ៩ម៉ែត្រ និងក៏បានឆាបឆេះរាល ដាលទៅ ដល់ ផ្ទះឈើប្រក់ក្បឿង ១ខ្នង៤ ដំបូលទៀត ជាកម្មសិទ្ធិរបស់ ជនរងគ្រោះឈ្មោះ តែម ម៉េងគ្រី អាយុ៤៤ឆ្នាំ មានទំហំ ៧គុណ១៥ម៉ែត្រ បណ្តាលឲ្យ ខូចខាតទាំងស្រុង។

យ៉ាងណាក៏ដោយបើទោះបីជានគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ធំៗរបស់ស្នងការដ្ឋានមាន ចំនួន២គ្រឿង និងប្រើប្រាស់ទឹក អស់២០រថយន្ត ដើម្បីជួយបាញ់ពន្លត់ និងទប់ស្កាត់ការ ឆាបឆេះរាលដាលក៏ មិនអាចជួយ ទាន់ពេលដែរ ខណៈអណ្តាតភ្លើង កំពុងឆាបឆេះ ខ្លាំង ដែលផ្តើមចេញពីផ្ទះ លក់គ្រឿងទេស ដែលមានស្តុកសាំង ប្រេង និងហ្គាស មួយចំនួនធំទៀតផងនោះ។

បន្ទាប់ពីរងនូវការឆាបឆេះ ម្ចាស់លំនៅឋានរងគ្រោះទាំងពីរ បានធ្វើការប៉ាន់ប្រមាណលើការខាតបង់ ដោយសារអគ្គិភ័យនេះថា មានចំនួន ជាង៨ម៉ឺនដុល្លារ ។ ចំណែកឯម្ចាស់ លំនៅឋាន បង្កហេតុជាផ្ទះតៀម លក់គ្រឿងទេស បានរៀបរាប់ប្រាប់ សមត្ថកិច្ចថា ដំបូងគឺអណ្តាតភ្លើង ឆេះចេញពីជ្រុងម្ខាង នៃផ្ទះតៀមលក់ ចាប់ហួយរបស់ គាត់ ហើយគាត់ក៏ បាញ់ពន្លត់ដោយ បំពង់ពន្លត់អគ្គិភ័យ តែមិនអាចទប់ស្កាត់ បាន ដោយសារតែ អណ្តាតភ្លើងបាន ឆាបឆេះមកដល់កន្លែង ស្តុងសាំង និងប្រេងភ្លាមៗ។

យ៉ាងណាក៏ដោយម្ចាស់លំនៅឋានបង្កហេតុឈ្មោះសេង ម៉ារឌី បានដាក់ពាក្យបណ្តឹងមកកាន់អាជ្ញាធរ មូលដ្ឋាន បន្ទាប់ពីកើតហេតុរួច ដោយគាត់សំអាងថា មូលហេតុបង្កឲ្យ មានគ្រោះអគ្គិភ័យនេះ គឺមានអ្នកលួចបង្ក៕



 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]