-ជនបង្កត្រូវ សមត្ថកិច្ចចាប់ខ្លួន រយៈពេល ៤ម៉ោងក្រោយកើតហេតុ

ភ្នំពេញ ៖ អំពើឃាតកម្ម ដ៏គួរឱ្យរន្ធត់មួយ បានកើតឡើង រវាងជនបង្ក ជាប្អូនប្រុស និង ជនរងគ្រោះ ជាបងស្រី ឈ្លោះគ្នារឿង ដណ្ដើមដីភូមិ រហូតប្អូនប្រុស ទាញកាំបិតកាប់បងស្រី របស់ខ្លួន ចំនួន៣កាំបិត បណ្ដាលឱ្យ ស្លាប់ភ្លាមៗ នៅនឹងមុខ កាលពីវេលាម៉ោង ៦និង៣០នាទី ល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅ ភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។

ប៉ុន្ដែជនបង្ក ជាប្អូនប្រុស ក្រោយពីរត់គេចខ្លួន ចូលទៅក្នុងព្រៃ បម្រុងឡើងឆ្លងដ ទៅត្រើយម្ខាង ក៏ត្រូវបាន កម្លាំង នគរបាលនិង ប្រជាការពារភូមិ ធ្វើការឡោមព័ទ្ធ ហើយឈាន ទៅដល់ការឃាត់ខ្លួន ក្នុងរយៈពេល ៤ម៉ោងក្រោយ ពោលនៅវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃ ដដែលនោះ ។

យោងតាមមន្ដ្រី នគរបាលប៉ុស្ដិ៍ សង្កាត់កោះដាច់ បានបញ្ជាក់ថា ស្ដ្រីរងគ្រោះឈ្មោះ បាន អេងលាង អាយុ៤១ឆ្នាំ មុខរបរជា គ្រូពេទ្យ អង្គការទឹក ចិត្ដម្ដាយ មានកូន៥នាក់ ក្នុងបន្ទុក រីឯជនដៃដល់ជាប្អូន ប្រុសបង្កើតឈ្មោះ បាន វុត្ថា ហៅអានាង អាយុ២១ឆ្នាំ មុខរបរជា កម្មករ សំណង់ដែល មានប្រពន្ធឈ្មោះ នី អាយុ១៨ ឆ្នាំ មុខរបរ កម្មការិនីកាត់ដេរ និងមានកូនម្នាក់ ក្នុងបន្ទុក ។

អំពើឃាតកម្ម រវាងបងប្អូនបង្កើតខាង លើនេះ បានធ្វើឱ្យប្រជាពលរដ្ឋ នៅក្នុងភូមិ មានក្ដីរន្ធត់ យ៉ាងខ្លាំងនូវទង្វើ ដ៏ព្រៃផ្សៃ របស់ប្អូនប្រុស ដែលហ៊ានយក កាំបិតទៅកាប់បង ស្រីបង្កើត បណ្ដាលឱ្យស្លាប់ មុខផ្ទះយ៉ាង អណោចអធម័ ហើយអ្វីដែល គួរឱ្យអាសូរ ទៀតនោះ គឺកូនៗទាំង៥នាក់ ខ្លះនៅតូចនៅ ឡើយ រស់នៅកំព្រា ម្ដាយជារៀងរហូត ។

អធិការនគរបាល ខណ្ឌជ្រោយចង្វារ លោក ទាម សុត្ថាវុធ បានថ្លែងឱ្យដឹងថា អំពើឃាត កម្មមួយនេះ ផ្ដើមចេញ ពីជម្លោះក្នុងគ្រួសារ ដណ្ដើមដីភូមិ រវាងបងស្រី និងប្អូនប្រុស ហើយ បានកើតឡើងជា យូរណាស់មកហើយ និង តែងតែឈ្លោះគ្នាទៀតផង ។

លោកអធិការ ខណ្ឌជ្រោយចង្វារ បាន បញ្ជាក់ទៀតថា «ជម្លោះក្នុងគ្រួសារ ហើយ ម្ដាយតែងតែស្រវឹង និងមានទំនោរ ស្រឡាញ់ កូនប្រុសជាង ហើយពេលបងស្រី និយាយណែនាំប្រដៅ ក៏ទាញកាំបិត កាប់សម្លាប់តែម្ដង»។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌខណ្ឌ ជ្រោយចង្វារ បានឱ្យដឹងថា រឿងហេតុនេះ ផ្ដើមចេញពីការ ដណ្ដើមដីកេរភូមិ ព្រោះ ប្លង់កម្មសិទ្ធគឺនៅលើ ឈ្មោះបងស្រី ហើយជនបង្កជាប្អូនប្រុសទំនង មានការព្រួយបារម្ភ ទើបចេះតែឈ្លោះប្រកែក គ្នាយ៉ាងដូច្នេះ ។

មន្ដ្រីនគរបាលរូបនេះ បានលើកឡើង ទៀតថា មុនពេលកើតហេតុ ជនបង្កដែល មានធ្វើការ កម្មករសំណង់ នៅក្នុង រាជធានីភ្នំ ពេញ រួចបានត្រឡប់ ទៅផ្ទះកាលពី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ លុះដល់ល្ងាច ម៉ោងកើត ហេតុជនបង្ក បានផឹកត្នោតជូរ ៣-៤បំពង់ ជាមួយមិត្ដភក្ដិ នៅក្បែរផ្ទះ ហើយពេលផឹករួច ក៏ដើរទៅផ្ទះ ស្រាប់តែឃើញ ម្ដាយ ដួល(ទំនង ស្រវឹងខ្លាំង) ក៏ស្ដីឱ្យបងស្រី មិនបើកភ្លើង ដែលនាំឱ្យម្ដាយដួល ។

ក្រោយពីនិយាយ បែបនេះរួច ជនរងគ្រោះនិង ជនបង្កបានឈ្លោះ ប្រកែកគ្នារហូត ជនបង្កបានរត់ ទៅយកកាំបិត កាប់លើបងស្រី អមដោយការ ឌឺពាក្យរបស់ បងស្រីថា បើអ្ហែងចិត្ដខ្លាំង កាប់អញមក ។

ឮដូច្នេះទន្ទឹមទៅ នឹងមានអាការៈ ស្រវឹងដោយ សារទឹកត្នោត ជូរផងនោះ ជនបង្កបានកាប់ ចំនួន៣កាំបិតផ្គាក់ បណ្ដាល ឱ្យចំក្បាលមួយ កាំបិត ចំដៃស្ដាំមួយកាំបិត និងស្មាស្ដាំមួយ កាំបិត បណ្ដាលឱ្យ ស្លាប់ភ្លាមៗក្នុង ថ្លុកឈាម នៅខាងមុខ ចម្ងាយ១៥ម៉ែត្រ ។

តាមការបញ្ជាក់ពី មន្ដ្រីនគរបាលរូបនេះ ក្រោយកាប់បងស្រី របស់ខ្លួនបណ្ដាល ឱ្យស្លាប់រួច ជនបង្កបានរត់ចូល ទៅក្នុងព្រៃប្រុងគេច ខ្លួនតែត្រូវ តាមចាប់ពី សំណាក់កម្លាំង សមត្ថកិច្ចមូលដ្ឋាន និងប្រជាការពារភូមិ រយៈពេល ៤ម៉ោងក្រោយ ។

អធិការនគរបាល ខណ្ឌជ្រោយចង្វារ បានគូសបញ្ជាក់ ទៀតថា ក្រោយទទួលបានព័ត៌ មានភ្លាមៗពី ប្រជាពលរដ្ឋរួចមក លោកបាន សុំគោលការណ៍ ណែនាំភ្លាមៗពី សំណាក់លោក ឧត្ដមសេនីយ៍ស្នងការ និងស្នងការរង ទទួលផែន ព្រហ្មទណ្ឌ ដើម្បីធ្វើការ ស្រាវជ្រាវរហូត ឃាត់ខ្លួនជនបង្ក រូបនេះយកមក ផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

បច្ចុប្បន្នជនបង្ក កំពុងធ្វើការសួរនាំនិងឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌ ជ្រោយចង្វារ ដើម្បីបញ្ជូនខ្លួនទៅ កាន់សាលា ដំបូងរាជធានីភ្នំពេញ វិនិច្ឆ័យ ទោសតាមផ្លូវច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]