ភ្នំពេញៈ តារាចម្រៀង ប្រចាំផលិតកម្ម ហង្សមាស លោក សាពូន មីដាដា នៅពេលថ្មីៗនេះ បានជួបទុក្ខ សោក ក្រៀមក្រំយ៉ាងធំ ដោយសារតែ បងប្រុស ជាទីស្រលាញ់ របស់លោក គឺលោក សាពូន នីទីតា បានទទួលមរណភាព កាលពីល្ងាចថ្ងៃទី២៨ ខែមករា ព្រោះតែរោគ គាំងបេះដូង ពេលកំពុង បើករថយន្ត។

លោក សាពូន មីដាដា បានរៀបរាប់ប្រាប់ LookingTODAY ឲ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះថា លោកនិងក្រុមគ្រួសារ មាន អារម្មណ៍ សោកស្តាយ និងរន្ធត់ចិត្តជាខ្លាំង នៅពេលដែល បានទទួល ព័ត៌មានថា បងប្រុសរបស់ខ្លួន ត្រូវបានស្លាប់ ដោយសារតែជំងឺគាំងបេះដូង ខណៈដែល កំពុងតែធ្វើដំណើរ នៅតាមផ្លូវជាមួយមិត្តភក្តិ។ នៅពេលដែលទទួល បានដំណឹងនេះភ្លាម លោកស្ទើរតែមិនជឿ ព្រោះថា បងប្រុស លោក មានសុខភាពល្អ មិនដែលឈឺអ្វីទេ កន្លងមក ។

លោក សាពូន មីដាដា បានប្រាប់ទាំងអារម្មណ៍ក្តុលក្តួលទៀតថា “ខ្ញុំរន្ធត់ចិត្ត និងពិបាកធ្វើចិត្ត ទទួលយក មែនទែន ពេលដឹងដំណឹងថា បងប្រុសខ្ញុំ គាត់ទទួលមរណភាព បើសិនជាបងខ្ញុំគាត់ធ្លាប់ មានជំងឺ ព្យាបាល ខ្ញុំមិនសូវរន្ធត់ទេ ព្រោះថា យើងដឹងថាគាត់ឈឺ និងអាច សម្រួលអារម្មណ៍ ធ្វើចិត្តបានខ្លះ តែនេះ កន្លងមក គាត់មិនធ្លាប់ឈឺអ្វីឡើយ គាត់មានសុខភាពល្អ តែនៅសុខៗ បែរជាគាំងបេះដូង ស្លាប់ភ្លាមៗ បែបនេះទៅវិញ” ។

តារាចម្រៀងរូបនេះ បានប្រាប់ទៀតថា “ខ្ញុំមានអារម្មណ៍សោកសង្រេងខ្លាំងណាស់ រកអ្វីប្រៀបផ្ទឹមមិន បានទេ ដែលនៅសុខៗក្មួយៗ ទាំង៣ ត្រូវមកកំព្រាឪពុកលឿនបែបនេះ ហើយគ្រាន់តែទទួលបាន ដំណឹងភ្លាម បងថ្លៃខ្ញុំ គាត់យំឡើងសន្លប់បាត់ស្មារតី ហើយចំណែកខ្ញុំ និងគ្រួសារក៏ រំជួលចិត្ត មិនចាញ់ គាត់(បងថ្លៃ)ដែរ”។
តារាចម្រៀងកំពុងជួបទុក្ខធំ រូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ពេលនេះសពតម្កល់ធ្វើបុណ្យ នៅវត្តកោះ ហើយការបូជាសព និងធ្វើនៅថ្ងៃទី៣០ ខែមករា ។ ចំណែកពិធីបុណ្យ៧ថ្ងៃ និង១០០ថ្ងៃ គឺនឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី២ ខែកុម្ភៈខាងមុខនេះ ។ ព័ត៌មាន ក៏ជាការ គោរពអញ្ជើញ ដល់ សិល្បករ- សិល្បការិនី ក៏ដូចជាញាតិមិត្តជិតឆ្ងាយ ចូលរួមរំលែកទុក្ខ ដ៏មហាក្រៀមក្រំនេះ ជាមួយ ក្រុមគ្រួសារ របស់លោក សាពូន មីដាដា ឲ្យបានគ្រប់ៗគ្នា ។

គេហទំព័រ LookingTODAY ក៏សូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារ លោក សាពូន មីដាដា និងគ្រួសារ បងប្រុស របស់លោក និង សូមឲ្យវិញ្ញាណក្ខន្ធ នេះបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាត ឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ បងប្រុសបង្កើត របស់តារាសម្ដែង សឿ សុធារ៉ា លោក សឿ រ៉ាវុធ អាយុ៣៤ឆ្នាំ ដែលត្រូវបានមជ្ឈដ្ឋាន អ្នកសិល្បៈស្គាល់តាមរយៈ ជំនាញផាត់មុខ ដ៏ប៉ិន ប្រសព្វនោះ ក៏បានទទួលមរណភាព ដោយជំងឺគាំងបេះដូង នេះដែរ ខណៈដែលលោកកំពុងតែលេង Facebook នៅក្នុងផ្ទះ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា