ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ល្បីល្បាញ នាង ពេជ្រ សោភា នឹងត្រូវចូលរោងការ ក្រាបក្បាលដល់កន្ទេល ជាមួយមន្ត្រីអន្តោប្រវេសន៍ លោក ឆលី បុរសមុខស្រស់រាងសង្ហា ជាអាណិកជនខ្មែរ រស់នៅអាមេរិក នៅរយៈពេលមិនដល់មួយសប្ដាហ៍ទៀតទេ ហើយកម្មវិធីដ៏មានអត្ថន័យ សម្រាប់ជីវិតរបស់ ពេជ្រ សោភា ត្រូវបានគេដឹងថា អញ្ជើញអ្នកសិល្បៈចូលរួមតិចតួចប៉ុណ្ណោះ ។

អនាគតស្វាមី ពេជ្រ សោភា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ជាងមួយសប្ដាហ៍ហើយ ពោលរង់ចាំ តែថ្ងៃ ចូលរោងការ ដែលប្រារព្ធឡើងនៅ ថ្ងៃ ព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ខាងមុខនេះ ប៉ុណ្ណោះ។ ប្រភពដ៏ ទុកចិត្តមួយបាននិយាយថា សម្រាប់កម្មវិធីមង្គល របស់តារាច្រៀង ពេជ្រ សោភា អាចនឹង មិនមានតារា ហោះហើរ ទៅចូលរួមពេញរោងការ ដូចតារាសិល្បៈដទៃឡើយ ព្រោះនាងជាមនុស្ស មិនចូលចិត្ត ធ្វើអ្វីដែលសំញ៉ែងគេ អួតថាអស្ចារ្យ គឺជាមិនមែនចំណង់ចំណូលចិត្តរបស់នាងឡើយ ។ ពេជ្រ សោភាចូលចិត្ត ធ្វើអ្វីសាមញ្ញធម្មតាៗ ដូចមនុស្សទូទៅ ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា អាចនឹងមានវត្តមាន តារាចម្រៀង និងតារាសម្ដែងល្បីៗ ដែលធ្លាប់ សម្ដែង ជាមួយនាងប៉ុន្មាននាក់ ប៉ុណ្ណោះ បូករួមទាំង សាច់ញាតិ អ្នកស្រុកព្រៃវែងផងនោះ ដែល ត្រូវអញ្ជើញឲ្យចូលរួម ។ មហាជនកត់សម្គាល់ឃើញថា តារាចម្រៀង ពេជ្រ សោភា ជាតារាចម្រៀងស្រី ម្នាក់ មិនសូវចូលរួម កម្មវិធីអ្នកសិល្បៈណាផ្ដេសផ្ដាសឡើយ លើកលែងតែស្និទ្ធបំផុត ដូចជាករណី មង្គលការ សារាយ សក្ខណា ដែលនាងបានចូលរួម ហើយជាកម្មវិធីមង្គលអ្នកសិល្បៈតែម្នាក់គត់ ដែល នាងចូលរួម ក្រៅពីនោះមិនឃើញវត្តមាននាងឡើយ ។

ចំណែកឯមហាជនវិញ បាននាំគ្នាសាទរ ពេជ្រ សោភា ដែលអាចរកបានបុរសល្អម្នាក់ និងចូលរោងការ តាមប្រពៃណីខ្មែរ ជាគំរូល្អរបស់អ្នកសិល្បៈ ព្រោះការចូលរោងការ ជារឿងមួយល្អបំផុត ក្នុងជីវិត មនុស្សស្រី ពិសេសបានចូលរោងការជាមួយមនុស្ស ដែលខ្លួនស្រឡាញ់ ។ តារាចម្រៀង ពេជ្រ សោភា មិនអាចទាក់ទង ដើម្បីបំភ្លឺបានឡើយទេ ជុំវិញពិធីមង្គលការរបស់នាង៕












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា