ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ បានក្របួចជន សង្ស័យពីរនាក់ ពាក់ព័ន្ធទៅ នឹងសកម្មភាពឆក់ កាបូប មិនបាន សម្រេច កាលពីវេលា ម៉ោង៩និង១៥នាទី យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅ ផ្លូវលេខ១៧៨ កែង ១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

មន្ដ្រីអាវុធហត្ថ ខណ្ឌដូនពេញ បានបញ្ជាក់ថា ការឃាត់ខ្លួន ជនសង្ស័យទាំង ពីរនាក់ បានធ្វើឡើង ខណៈដែលកម្លាំង អាវុធហត្ថកំពុង ចុះល្បាតនៅ តាមមូលដ្ឋាន ក៏ជួបបទល្មើសមួយនេះ ចេញអន្ដរាគមន៍ ឃាត់ខ្លួនបាន ទាំងពីរនាក់ តែម្ដង ។

មន្ដ្រីអាវុធហត្ថ បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ អាំ សំណាង អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ១២៧ ផ្លូវលេខ៣៥៧ ក្រុមទី១០ ភូមិដើមអម្ពិល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ និងទី២ ឈ្មោះ មូល ប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមមន្ដ្រីអាវុធហត្ថ ក្រៅពីការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ កម្លាំងអាវុធហត្ថ ក៏បានដកហូត ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ 1CN-5495 មួយគ្រឿង ទូរស័ព្ទដៃ ៣គ្រឿង និងសម្ភារៈ មួយចំនួនទៀត ព្រមទាំងកាបូប របស់ជន រងគ្រោះផងដែរ ។

មន្ដ្រីអាវុធហត្ថ បានបន្ដថា មុនពេលកើត ហេតុជនសង្ស័យ ទាំងពីរនាក់ ចេញពីផឹកស៊ី នៅហាងចេតភ្លើស នៅក្បែរ កោះពេជ្រ រួចហើយជិះ ម៉ូតូតាមមាត់ទន្លេ ពេលដល់មុខ ផ្សារកណ្ដាល ក៏ឃើញស្ដ្រីជនជាតិ បរទេសពីរនាក់ កំពុងស្ពាយ កាបូបដើរតាមផ្លូវ ពេលនោះជនសង្ស័យ អង្គុយពីក្រោយ ឈ្មោះ សំណាង ធ្វើសកម្មភាពឆក់ តែឆក់មិនបាន ព្រោះស្ដ្រីរងគ្រោះ កាន់កាបូបជាប់ ។

ក្រោយពីឆក់ មិនបានសម្រេច ជនសង្ស័យទាំងពីរនាក់ ក៏ជិះម៉ូតូចុះឡើងៗ មកដល់ចំណុច ផ្លូវ១៧៨ ក៏ឃើញជនបរទេស ៤នាក់ ប្រុសពីរស្រីពីរ កំពុងដើរ ស្រាប់តែពួកគេ ជិះម៉ូតូទៅអែប ហើយឆក់កាបូបទៀត តែមិនបានសម្រេច ។

ភ្លាមៗនោះធ្វើឱ្យ មានការភ្ញាក់ផ្អើល បណ្ដាលឱ្យពួកគេ ទាំងពីរនាក់ភ័យខ្លាំង បើកម៉ូតូយ៉ាងលឿន គេចខ្លួន ពេល មកដល់ចំណុច ផ្លូវកែងលេខ១៩ បុករថយន្ដមួយគ្រឿង បណ្ដាលឱ្យដួល ក៏ត្រូវកម្លាំង អាវុធហត្ថកំពុង ល្បាតឃាត់ទាំង ពីរនាក់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យ ទាំងពីរនាក់ ត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ន នៅការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ។

ដោយមានការណែនាំ ពីមេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ លើការពង្រឹង សន្ដិសុខតាមមូលដ្ឋាន មេបញ្ជាការ អាវុធហត្ថ ខណ្ឌដូនពេញ លោក ថោង ពិសិដ្ឋ បានដាក់ផែនការ ឱ្យកម្លាំងរបស់ខ្លួន ចុះល្បាតជា ប្រចាំទាំងយប់ ទាំងថ្ងៃ ងាយស្រួលចេញ ជួយអន្ដរាគមន៍ ភ្លាមៗនៅពេល មានបទល្មើស អ្វីមួយកើតឡើង ករណី ដូចបទល្មើស ខាងលើនេះ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]