ខេត្តស្វាយរៀង៖ បុរសម្នាក់មានជំងឺសរសៃប្រសាទជាយូរឆ្នាំមកហើយ ត្រូវបានម្តាយសម្រេចចិត្តយក ច្រវាក់ដាក់ដៃជើង ភ្ជាប់ទៅនឹង សរសរក្រោម ផ្ទះ ទុកចោលលែងរវល់ ខណៈមិនអាច មានលទ្ធភាព មើលថែបន្ត ដោយសារតែកូនប្រុសរូបនេះ បានវាយបំផ្លាញទ្រព្យសម្បត្តិ របស់គ្រួសារ អស់ ។

ទាក់ទងនិងករណីខាងលើ ស្ត្រីម្នាក់ឈ្មោះសែន ណី អាយុ៣៦ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់បុរសខាងលើ បានរៀបរាប់ទាំងអួលដើម.កថា ប្អូនប្រុសគាត់ដែល មានជំងឺសរសៃ ប្រសាទនេះ ឈ្មោះសែន ផល្លី ហៅក្លី អាយុ៣៣ឆ្នាំ មានទីលំនៅ ក្នុងភូមិស្រម៉ ឃុំខ្សែត្រ ស្រុកកំពង់ រោទិ៍ ។

ប្រភពបន្តថា កាលពីជាង៧ឆ្នាំមុន ប្អូនប្រុសរបស់គាត់បានប្រលងជាប់បាក់ឌុប ក៏ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យមួយនៅ ក្នុង រាជធានី ភ្នំពេញ តែដោយសារតែគ្រួសារ មានជីវភាពខ្វះខាត ក៏បាន ឈប់រៀន នៅឆ្នាំទី២ រួចក៏បានបន្តរស់នៅ ក្នុងរាជធានីភ្នំពេញ បន្តទៀត ដោយបានចូល បម្រើការងារ ជាកម្មករ នៅក្នុងរោងចក្រ មួយមួយកន្លែង ក្នុងរាជធានីភ្នំពេញ ។

ក្រោយមក ប្អូនប្រុសរបស់គាត់ក៏បានប្តូរមកធ្វើការក្នុងរោងចក្រមួយផ្សេង ទៀតនៅក្រុងបាវិត ខេត្ត  ស្វាយរៀងវិញ និងបានរាប់អានមិត្តភក្តិ មួយចំនួន ហើយក៏នាំគ្នាជួបជុំ ផឹកស៊ីស្ទើររាល់ថ្ងៃ ដោយសង្ស័យថា មានទាំង លេងថ្នាំផងដែរ ។  បន្ទាប់ពីធ្វើការនៅ ក្រុងបាវិតបានមួយ រយៈ ប្អូនប្រុសគាត់ក៏ ធ្លាក់ខ្លួនឈឺ និយាយស្តី លែងដឹងខុសត្រូវ ហើយបានវាយ បំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះថែម ទៀតផង ។ នៅពេល នោះ មានអ្នកស្រុកមួយ ចំនួនបាន ប្រាប់ម្តាយ របស់គាត់ថា ប្រហែលជាកូន របស់គាត់ត្រូវអំពើ គេហើយ គួរនាំទៅឱ្យគ្រូមើល ទើបបាន ។

ឮដូច្នោះ ម្តាយរបស់គាត់ក៏បាននាំប្អូនប្រុសដើរមើលគ្រូខ្មែរអស់រយៈពេលជា ច្រើនឆ្នាំ ដែលធ្វើឱ្យចំណាយ អស់ប្រាក់ ជាច្រើនរហូតឈាន ដល់ការ លក់ស្រែលក់ ភ្លឺអស់ជាច្រើន នៅតែមិនជា ចុងក្រោយម្តាយ របស់គាត់ ក៏បាននាំប្អូនប្រុសយកមក ព្យាបាលនៅមន្ទីរពេទ្យ បង្អែក ជីភូ ក្រុងបាវិត ។

បន្ទាប់ពីពិនិត្យរួច គ្រូពេទ្យបានឱ្យថ្នាំសរសៃប្រសាទមកលេប តែបានហាមមិនឱ្យផឹកគ្រឿងស្រវឹងទេ ព្រោះខ្លាចជំងឺរើឡើងវិញ ។ ក្រោយពី ផឹកថ្នាំសរសៃ ប្រសាទបានមួយឆ្នាំ ប្អូនប្រុសក៏មានស្មារតី ធម្មតាអាចធ្វើការដូចគេឯង ដែលធ្វើឱ្យម្តាយនិង បងស្រីមានការសប្បាយ ចិត្តជា ខ្លាំង ។ ប៉ុន្តែការ សប្បាយចិត្តនេះ មិនបានយូរ ប៉ុន្មាននោះទេ ដោយសារការអផ្សុក និងរាប់អានមិត្តមិនល្អ ប្អូនប្រុស របស់គាត់បាន ត្រឡប់ទៅ ផឹកស្រា ដែលធ្វើឱ្យរើជំងឺ សរសៃប្រសាទ ឡើងវិញ ហើយបានអុកឡុក និងវាយកម្ទេច របស់របរក្នុងផ្ទះ ព្រមទាំងឈានដល់ការ កាន់កាំបិត ដេញ កាប់ម្តាយ របស់ គាត់ថែមទៀតផង ។

នេះជាហេតុធ្វើឱ្យគាត់និងម្តាយសម្រេចចិត្តចាប់ប្អូនប្រុស ដាក់ច្រវាក់ដៃជើងទុកចោលនៅក្រោមផ្ទះអស់ រយៈពេល២ឆ្នាំ ដោយខ្លាចគាត់ បង្កគ្រោះថ្នាក់ ដល់គ្រួសារ និងអ្នកដទៃទៀត ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]