អង់គ្លេស៖ បុរសវ័យ៤៦ឆ្នាំម្នាក់ មានឈ្មោះថា Jamie Roper មកពីស្រុក Long Stratton ទីក្រុង Norfolk នៃប្រទេសអង់គ្លេស ដែលគាត់បាន កើតជំងឺមហារីក ហើយបានបដិសេធ មិនព្រមទៅ ធ្វើតេស្ត ផ្នែកវេជ្ជសាស្រ្ត ដ៏សំខាន់ ដែលគ្រូពេទ្យ តម្រូវឲ្យគាត់ទៅទេ ព្រោះគាត់ខ្លាច ខកខាន ថ្ងៃរៀបមង្គលការ របស់ខ្លួន ជាមួយនឹង គូដណ្តឹង វ័យ៣០ឆ្នាំ មានឈ្មោះថា Jen រហូតដល់ចុងក្រោយ គាត់ត្រូវស្លាប់ ដោយសារតែ ជំងឺមហារីក នេះដដែល។


លោក Jamie Roper វ័យ៤៦ឆ្នាំ និងអ្នកស្រី Jen វ័យ៣០ឆ្នាំ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Roper បានរងទុក្ខវេទនា ដោយសារតែ កើតជំងឺមហារីកសួត ខណៈគ្រូពេទ្យ បានតម្រូវឲ្យគាត់ ទៅធ្វើតេស្ត ផ្នែកវេជ្ជសាស្រ្ត ដ៏សំខាន់មួយ ប៉ុន្តែលោក បែរជាបដិសេធ មិនព្រមទៅ ទៅវិញ ព្រោះខ្លាច ខកខាន ថ្ងៃរៀបមង្គលការ ដ៏សំខាន់ និងទទូចថា គាត់នឹងមិនទៅ ធ្វើតេស្តឡើយ រហូតដល់បាន រៀបការ ជាមួយនឹង គូដណ្តឹង របស់លោក។

ប្រភពដដែល បានឲ្យដឹងទៀតថា ក្រោយពីលោក Roper បានរៀបមង្គលការ ជាមួយនឹង គូដណ្តឹង គឺអ្នកស្រី Jen រួចមក មិនយូរប៉ុន្មាន ជំងឺមហារីក របស់លោក Roper ក៏បានរើឡើង និងធ្វើទុក្ខ អស់រយៈពេល ៦សប្តាហ៍ ខណៈលោក Roper ត្រូវទៅសម្រាក ព្យាបាល និងវះកាត់ នៅឯមន្ទីរពេទ្យ។ ប៉ុន្តែដោយសារតែ ការពន្យាពេលពិនិត្យ និងព្យាបាល អាការៈរបស់ លោក Roper កាន់តែធ្ងន់ធ្ងរទៅៗ។ នៅដំណាក់កាល ចុងក្រោយ លោក Roper ក៏បានស្លាប់ នៅលើដៃប្រពន្ធ ដោយបានបន្សល់ទុក ត្រឹមតែពាក្យថា “បងស្រលាញ់អូន” ទៅឲ្យអ្នកស្រី Jen តែប៉ុណ្ណោះ។

បើតាមសម្តី របស់អ្នកស្រី Jen បានរៀបរាប់ ឲ្យដឹងថា «យើងតែងតែសង្ឃឹមថា គាត់នឹងមិនមានរឿងអ្វី ប៉ុន្តែខ្ញុំបានដឹងហើយ ថាវាមិនដូច្នោះទេ។ គាត់មានអារម្មណ៏ ថាលំបាក អស់រយៈពេល ១ខែ ប៉ុន្តែយើងមិនបានគិតថា វាជាការធ្ងន់ធ្ងរ នោះទេ អីចឹងហើយ ទើបយើង មិនបានព្រួយបារម្ភ។ គាត់ (លោក Roper) បានប្រាប់ទៀតថា គាត់មានជំងឺក្អក និងរលាកទងសួត ហើយគាត់ក៏បាន ទៅធ្វើការស្គេន។ នៅក្នុងខែកញ្ញា នៅថ្ងៃដែលខ្ញុំ លឈុតកូនក្រមុំ ជាលើកចុងក្រោយនោះ គាត់ (លោក Roper) បានប្រាប់ខ្ញុំថា គាត់ប្រហែលជា មានជំងឺមហារីកសួត។ យើងទាំងអស់គ្នា បានប្រាប់គាត់ថា គាត់ត្រូវតែ ទៅធ្វើតេស្ត ដើម្បីបញ្ជាក់ ពីបញ្ហានេះ ប៉ុន្តែយើង នៅតែគិតថា វាមិនធ្ងន់ធ្ងរ ដូច្នេះយើង ក៏សម្រេចចិត្ត ពន្យាការធ្វើតេស្ត ដើម្បីរៀបមង្គលការ តែម្តង។ យើងបានសង្ឃឹមថា ពួកយើង អាចរស់នៅ ជាមួយគ្នា ប៉ុន្តែពេលនេះ អ្វីៗមិនដូចការគិតឡើយ។»

យ៉ាងណាមិញ អ្នកស្រី Jen ដែលក្លាយខ្លួន ជាស្រ្តីមេម៉ាយ បានធ្វើការជំរុញ ឲ្យមនុស្សដទៃទៀត ដែលកើតមាន ជំងឺមហារីក សូមកុំពន្យាពេល ធ្វើតេស្ត និងព្យាបាលជំងឺ ឲ្យសោះ៕

ប្រភព ៖ ដេលីម៉ែល

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]