ភ្នំពេញ៖ នគរបាលប៉ុស្ដិ៍វត្ដភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១យប់ រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ បានឃាត់ខ្លួន ជនល្មើសពីរនាក់ ក្រោយពីធ្វើ សកម្មភាពឆក់ខ្សែក នៅខាងត្បូង រង្វង់មូលវត្ដភ្នំ ខណៈដែល ជនល្មើស ម្នាក់ទៀតរត់ គេចខ្លួនបាត់ ។

នាយនគរបាលប៉ុស្ដិ៍វត្ដភ្នំ លោកអ៊ុន សំអាត បានឱ្យដឹងថា ជនល្មើសទី១ ឈ្មោះ មឿង មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិន ពិតប្រាកដ រស់នៅផ្ទះជួល ម្ដុំហូលីដេរ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជនល្មើសទី២ ឈ្មោះ មាស លីហ្សា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិន ពិតប្រាកដ រស់នៅផ្ទះជួល ផ្លូវរថភ្លីង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រីឯជនល្មើសទី៣ ដែលកំពុង រត់គេចខ្លួននោះ ឈ្មោះ យួន ភេទស្រី អាយុប្រហែល ២០ឆ្នាំ ជនជាតិ វៀតណាម រស់នៅនិង មុខរបរ មិនពិតប្រាកដ ។

នាយនគរបាល ប៉ុស្ដិ៍វត្ដភ្នំ បានបន្ដថាមុន ពេលកើតហេតុ ជនរងគ្រោះ និងមិត្ដភក្ដិ ម្នាក់ទៀត នាំគ្នាជិះម៉ូតូ មួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1BA-6933 ចេញពីធ្វើការ នៅស្រុកស្អាង ខេត្ដកណ្ដាល តាមបណ្ដោយ ផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅ ពីត្បូងទៅជើង ហើយពេលមក ដល់ខាងត្បូង រង្វង់មូលវត្ដភ្នំ បានឈប់ម៉ូតូ ។

ភ្លាមៗនោះ ស្រាប់តែលេច មុខជនល្មើស ទាំង៣នាក់ មកធ្វើសកម្មភាព ឆក់ខ្សែករបស់ ជនរងគ្រោះ ហើយ រត់ឡើងជិះម៉ូតូ ម៉ាកសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-2722 ។ ភ្លាមៗនោះ ជនរងគ្រោះ បានស្រែកឆោឡោ ថាចោរៗ ហើយជិះម៉ូតូ ដេញតាមពីក្រោយ លុះមកដល់ ខាងក្រោយ មន្ទីរពេទ្យ កាល់ម៉ែត ប្លុកបឹងកក់ សង្កាត់ស្រះចក ម៉ូតូរបស់ជន សង្ស័យ បានទៅបុក និងជញ្ជាំង ផ្ទះរបស់ ប្រជាពលរដ្ឋ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាន ពីរនាក់ រីឯបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជន សង្ស័យទាំង ពីរនាក់ ត្រូវបាន បញ្ជូនទៅសួរនាំ នៅអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ ការបន្ដតាមផ្លូវច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]