បរទេស៖ ក្រុមហ៊ុនអាកាសចរ ម៉ាឡេស៊ី ត្រូវបានគេ ដឹងថា មួយរយៈ ចុងក្រោយនេះ បានជួបរឿង អាក្រក់ៗ ជាច្រើន ព្រោះតែការ ធ្លាក់ និង បាត់ខ្លួន ជាបន្តបន្ទាប់ ហើយស្រាប់តែថ្មីៗនេះដែរ មានដំណឹងថា វេបសាយជា ផ្លូវការ របស់ ក្រុមហ៊ុននេះ ត្រូវបាន គេលួច Hack បានសម្រេច ទៀតផងដែរ។

យោងតាមប្រភព ព័ត៌មាន បានឲ្យដឹងថា កាលពីព្រឹក ថ្ងៃច័ន្ទ ម្សិលមិញនេះ នៅពេលដែល ចូលទៅកាន់ វេបសាយ (www.malaysiaairlines.com) ដែលជា វេបសាយ ផ្លូវការរបស់ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នោះនឹងឃើញ នូវការបង្ហាញ រូបភាព នៃយន្តហោះ ប្រភេទ Airbus របស់ក្រុមហ៊ុន មួយនេះ ជាមួយសារពីរឃ្លា មានន័យថា «៤០៤- យន្តហោះ មិនត្រូវបានរកឃើញ» និង «ត្រូវបាន Hack ដោយក្រុម Cyber Caliphate»។ ក្នុងនោះក្រុម ដែលបាន Hack ចូលក្នុង វេបសាយរបស់ ក្រុមហ៊ុននេះ ក៏បានបញ្ជាក់ និង អះអាងថា ពួកគេគឺជា ក្រុមដែលគាំទ្រ ពួកភេរវកម្ម ឥស្លាម ហៅកាត់ថា ISIS។

បន្ទាប់ពីមាន ហេតុការណ៍បែបនេះ កើតឡើងក្រុម សារព័ត៌មាន ជាច្រើន បានធ្វើការទាក់ទង ទៅក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី ដើម្បីបំភ្លឺ តែទូរស័ព្ទ មិនអាចទាក់ទង បានឡើយ។ យ៉ាងណាមិញ ក្រោយមក ទំព័រហ្វេសប៊ុក ផ្លូវការ របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី ក៏បានបង្ហោះសារ ក្នុងន័យបញ្ជាក់ថា ចំពោះដំណឹង ផ្ទៃក្នុងរបស់ខ្លួន ដែលមានផ្ទុក ដូចជាព័ត៌មាន របស់អ្នកដំណើរ ជាដើមនោះ មិនត្រូវបាន ក្រុមមួយនេះ hack ចូលបានឡើយ រីឯបញ្ហាដែល បានកើតឡើង ចំពោះវេបសាយរបស់ខ្លួននោះ ក៏បានដោះស្រាយ រួចជាស្រេច បន្ទាប់ពីធ្វើការ សម្របសម្រួល អស់រយៈពេល ២២ម៉ោង។

បន្ថែមពីនេះ ផងដែរ ក្រុមហ៊ុនក៏បាន ធ្វើការរាយការណ៍ បញ្ហាមួយនេះ ទៅដល់ក្រុម អាជ្ញាធររបស់ ប្រទេសម៉ាឡេស៊ី រួចរាល់ហើយដែរ ដើម្បីឲ្យពួកគេ ចាត់វិធានការ សមរម្យណាមួយ ក្នុងការដោះស្រាយ រឿងនេះ។

គួរបញ្ជាក់ផងដែរថា តាំងពីឆ្នាំ ២០១៤ រឿងអាក្រក់ៗ ជាច្រើនបានកើតឡើង ចំពោះក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី ដែលយន្តហោះ MH-370 និង MH-17 ត្រូវបានធ្លាក់ និងបាត់ខ្លួន ហើយបានធ្វើឲ្យ ក្រុមហ៊ុនមួយនេះ ខាតបង់ ទឹកប្រាក់ អស់ជាច្រើន៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាព នៃពេលដែល វេបសាយផ្លូវការ របស់ក្រុមហ៊ុន អាកាចរណ៍ ម៉ាឡេស៊ី ត្រូវបាន Hack

ប្រភព៖ ស៊ីអិនអិន

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]