អេស្ប៉ាញ៖ យ៉ាងហោចណាស់ មនុស្ស ១០ នាក់ បានស្លាប់បាត់បង់ជីវិត ដោយក្នុងនោះ មានជនជាតិ បារាំង ៨ នាក់ និង ជនជាតិក្រិច ២ នាក់ ព្រមជាមួយនឹង មនុស្ស ២១ នាក់ផ្សេងទៀត បានរងរបួស នៅក្នុងឧបទ្ទវហេតុ ធ្លាក់យន្តហោះមួយ ខណៈពេល កំពុងធ្វើសមយុទ្ធ កាលពីថ្ងៃច័ន្ទម្សិលមិញ នេះបើតាម ប្រសាសន៍ របស់នាយករដ្ឋមន្ត្រី អេស្ប៉ាញ លោក Mairano Rajoy។

យន្តហោះចម្បាំង F-16 របស់អង្គការ NATO មួយគ្រឿង បានធ្លាក់ នៅវេលាម៉ោង ប្រមាណជា ៣ និង ២០ នាទី រសៀល បន្ទាប់ពីហោះហើរ បានបន្តិចប៉ុណ្ណោះ ពីមជ្ឈមណ្ឌលហ្វឹកហ្វឺន ក្នុងទីក្រុង Albacete ភាគអាគ្នេយ៍ និង មានចម្ងាយ ២៦០ គីឡូម៉ែត្រ ពីទីក្រុង ម៉ាឌ្រីដ របស់ ប្រទេស អេស្ប៉ាញ។

ឧបទ្ទវហេតុ ធ្លាក់យន្តហោះចម្បាំង មួយគ្រឿងនេះ បានកើតឡើង ក្នុងពេលធ្វើសមយុទ្ធ របស់អង្គការ NATO។ «យន្តហោះរលត់ម៉ាស៊ីន ហើយធ្លាក់ចូលទៅ កន្លែងចត ដែលមាន យន្តហោះ ជាច្រើនគ្រឿងផ្សេងទៀត កំពុងចតចោល» នេះជាខ្លឹមសារ នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិ អេស្ប៉ាញ។

ជនរងគ្រោះដែលបាន ស្លាប់បាត់បង់ជីវិត នៅក្នុងឧបទ្ទវហេតុនេះ រួមមាន អ្នកបើកបរយន្តហោះ ចំនួន ២នាក់ និង ផ្សេងៗទៀត ជាយន្តការី (ជាងម៉ាស៊ីន) ដែលស្ថិតនៅក្រោម យន្តហោះ ដែលកំពុងចតចោល ខណៈអ្នករងរបួសដទៃ ជាច្រើននាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ក្នុងទីក្រុង ម៉ាឌ្រីដ និង Albacete។

គួរបញ្ជាក់ផងដែរថា អគ្គលេខាធិការ អង្គការ NATO ឧត្តមសេនីយ Jens Stolenberg បានចូលរួមរំលែកទុក្ខ ជាមួយនឹងសាច់ញាតិ របស់ជនរងគ្រោះ ដែលបាន បាត់បង់ជីវិត ខណៈ រូបលោក បានរំពឹងថា អ្នករងរបួស ដទៃទៀត នឹងឆាប់ជាសះស្បើយ៕

ប្រភព៖ Reuters

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]