ភ្នំពេញ : កម្មករសំណង់ ជាជនជាតិវៀតណាមម្នាក់ ឆ្លៀតពេលមុនចេញទៅធ្វើការ តែងតែរាយខ្សែភ្លើង ដើម្បីឆក់ត្រី នៅផែខាងក្រោយផ្ទះ តាមមាត់ទន្លេបាសាក់ តែចៃដន្យថ្ងៃស៊យ បែរជាឆក់ខ្លួនឯង ប្រកាច់ ធ្លាក់ទឹក ទោះបីក្រុមគ្រួសារ ខិតខំមុជទឹករាវរក ដើម្បីសង្គ្រោះ យ៉ាងណាក្តី តែមិនអាចជួយ សង្គ្រោះបានទាន់ពេលវេលា រហូតជាង២ម៉ោង ទើបរាវរកឃើញ ប៉ុន្តែជនរងគ្រោះ បានផុតដង្ហើម បាត់ទៅហើយ ។

ហេតុការណ៍ឆក់ត្រី បែរជាឆក់ខ្លួនឯងស្លាប់នេះ កើតឡើងកាលពីវេលាម៉ោង ១ និង២៥នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៥ ស្ថិតនៅក្រុម  ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។

លោក ហ៊ុន សុផល នាយនគរបាលប៉ុស្តិ៍ បានឲ្យដឹងថា ជនរងគ្រោះ ចាន់ សាង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករសំណង់ស្នាក់នៅ ផ្ទះជួល ក្រុមទី៣ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។

នាយប៉ុស្តិ៍ច្បារអំពៅទី១ លោក ហ៊ុន សុផល បានបញ្ជាក់ថា តាមការរៀបរាប់ របស់ឪពុក-ម្តាយសព ជនរងគ្រោះ ឆ្លៀតពេល មុនចេញទៅ ធ្វើការជាកម្មករសំណង់ តែងតែលួចទៅ ឆក់ត្រីនៅដង ទន្លេបាសាក់តែម្នាក់ ដើម្បីបានត្រីយកមកទុកចំអិនម្ហូប ។ នៅថ្ងៃកើតហេតុ ជនរងគ្រោះ បានទៅឆក់ ដូចសព្វដង ខណ:នោះជនរងគ្រោះបានទាក់នឹងខ្សែ ភ្លើង ហើយដួលទៅចំមុខតំណខ្សែភ្លើង ឆក់ប្រកាច់ ធ្លាក់ចូលទឹកទន្លេ បណ្តាលឲ្យស្លាប់តែម្តង ទោះបីពួក គាត់ខំប្រឹង មុជទឹករាវរក អស់រយ:ពេលជាង ២ម៉ោង ទើបរកឃើញ ប៉ុន្តែមិនអាចជួយ សង្គ្រោះបានឡើយ។

ក្រោយកើតហេតុ ក្រុមគ្រួសារសព បានរាយការណ៍ ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ និងតាមការបញ្ជាក់ ពីឪពុក- ម្តាយជនរងគ្រោះ ដោយគ្មាន ពាក់ព័ន្ឋនឹងអំពើឃាតកម្មណាមួយនោះ សមត្ថកិច្ចសម្រេចប្រគល់ សពទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យនៅនឹងលំនៅឋាន កន្លែងកើតតែម្តង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]