ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចស្រុកភ្នំស្រួចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយជាប់ពាក់ព័ន្ធ ទៅនឹង ករណី បាញ់សម្លាប់ ភិក្ខុសង្ឃមួយអង្គ ជាគ្រូ សូត្រស្តាំ នៅវត្តភ្នៀត ខណៈ កំពុងគង់ ទេសនានៅ ក្នុងរោងបុណ្យ មួយក្នុងភូមិ ។ ជនសង្ស័យត្រូវ បានសមត្ថកិច្ចឃាត់ ខ្លួននៅយប់ កើតហេតុ ។

ជនសង្ស័យមានឈ្មោះ ជា សារ៉ុម ភេទប្រុស អតីតភិក្ខុសង្ឃគង់នៅក្នុងវត្តភ្នៀត និងមានទីលំនៅ ក្នុងភូមិ តាំងរងៀង ឃុំមហាសាំង  ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យធ្លាប់បួសជាសង្ឃគង់នៅវត្តភ្នៀត កាលពីឆ្នាំ ២០១០ នឹងទើប តែសឹកទៅ ជាគ្រហស្ថវិញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ។ ប្រភព ព័ត៌មាន បានបន្តថា ជនសង្ស័យ កាលនៅជាភិក្ខុ សង្ឃធ្លាប់បាន ឈ្លោះគ្នាជាមួយ ភិក្ខុសង្ឃ រងគ្រោះដោយសារ តែសង្ឃ រងគ្រោះមាន ប្រជាប្រិយភាពក្នុង ការសម្តែង ធម្មទេសនាជាង ហើយនៅ ក្នុងថ្ងៃកើត ហេតុបុរសសង្ស័យ បានទៅចូល ក្នុងពិធីបុណ្យមួយ នៅក្បែរ រោងបុណ្យ កន្លែងកើត ហេតុផងដែរ ។ ចាប់តាំងពីថ្ងៃ ឃាត់ខ្លួនរហូត មកដល់ពេល នេះជនសង្ស័យ មិនទាន់ឆ្លើយ សារភាពនៅឡើយទេ ។

គួរបញ្ជាក់ថាភិក្ខុសង្ឃមួយអង្គត្រូវជនមិនស្គាល់មុខលបបាញ់ប្រហារពីក្រោយ ចំព្រះកេសធ្លាយមកដល់ មាត់បណ្តាល ឱ្យអនិច្ចធម្ម នៅនឹងកន្លែង កើតហេតុ ខណៈកំពុង គង់ទេសនា នៅក្នុង រោងបុណ្យ ក្នុងភូមិ មួយកន្លែង។ ហេតុការណ៍នេះ បង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៨និង ៣០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ នៅចំណុច ភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ភិក្ខុសង្ឃដែលជនមិនស្គាល់មុខលបបាញ់ប្រហារបណ្តាលឱ្យអនិច្ចធម្មមាន ព្រះនាម មឹុង អ៊ុំ ព្រះជន្ម៧៦ឆ្នាំ ជា គ្រូសូត្រស្តាំ គង់នៅក្នុង វត្តភ្នៀត ក្នុងភូមិ-ឃុំ កើតហេតុ ហើយ ព្រះអង្គមាន ស្រុកកំណើត នៅក្នុងភូមិថ្មី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះបុណ្យឈ្មោះ គង់ ឌីម អាយុ ៦៥ឆ្នាំ បាននិមន្ត ព្រះសង្ឃរង គ្រោះមក ទេសនា ក្នុងពិធីបុណ្យខួបគម្រប់ ១ឆ្នាំកូន ខណៈពេល ដែលភិក្ខុសង្ឃ រងគ្រោះកំពុង គង់ទេសនានៅ ក្នុងរោងបុណ្យនោះ ស្រាប់តែមានជន មិនស្គាល់មុខ លបបាញ់ប្រហារពី ក្រោយចំព្រះកេស ធ្លាយមក ដល់មាត់បណ្តាល ឱ្យអនិច្ចធម្ម នៅនឹងកន្លែងកើត ហេតុបង្កឱ្យ មានការ ភ្ញាក់ផ្អើល ដល់ពុទ្ធបរិស័ទ ដែលអង្គុយ ស្តាប់ធម្មទេសនា និងបានរាយការណ៍ ទៅសមត្ថកិច្ច មូលដ្ឋានចុះ មកពិនិត្យ កន្លែងកើត ហេតុ ។ បន្ទាប់ពីធ្វើ សកម្មភាពបាញ់ ប្រហារហើយ នោះជនដែល ជាខ្មាន់កាំភ្លើង បានរត់គេច ខ្លួនបាត់ស្រមោល តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យនៅទីតាំងកើតហេតុ ដោយរកមិនឃើញសម្បក គ្រាប់កន្ទុះ នោះទេ ។ សមត្ថកិច្ច មិនទាន់ធ្វើ ការសន្និដ្ឋានថាអំពើបាញ់ប្រហារ នេះជាករណី អ្វីនៅ ឡើយទេ តែមជ្ឍដ្ឋានមហាជន ដាក់ការសង្ស័យថា ជារឿងគំនុំ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]