ត្បូងឃ្មុំ ៖ កូនស្រី២នាក់ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនដាក់ខ្នោះដៃខ្នោះជើង យោងទៅតាម បណ្តឹងរបស់ឪពុក ដោយសារតែកូនស្រីខាងលើនេះ ផ្ទុះកំហឹងទាញកង្ហារគប់ទៅលើឪពុក បណ្តាលឲ្យរងរបួស ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ ស្ថិតនៅក្នុង ភូមិឃុំ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ ក្នុងនោះ នៅក្នុងជម្លោះផ្ទៃក្នុងគ្រួសារនេះ គេស្គាល់តែកូនស្រី ម្នាក់ប៉ុណ្ណោះ មានឈ្មោះ ឃឿន សុខលិច អាយុ ៣០ឆ្នាំ មានទីលំនៅផ្ទះជាប់គ្នា ជាមួយនឹង ផ្ទះឪពុក ។ ចំណែកបុរសជាឪពុក និងកូនស្រីម្នាក់ទៀត មិនត្រូវបានសមត្ថកិច្ច បង្ហើបប្រាប់ ឈ្មោះឲ្យដឹងនោះឡើយ ។

យោងតាមប្រភពពីអ្នកជិតខាង បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា បុរសជាឪពុក រួមជាមួយអ្នកជិតខាង មួយចំនួនទៀត បាននាំគ្នា កាប់ឆ្កែធ្វើម្ហូបក្លែមស្រា ។ ខណៈកំពុងធ្វើសាច់ឆ្កែ កូនស្រី មកដល់ឃើញ ក៏ធ្វើ ការស្តីបន្ទោសទៅលើ ឪពុកដែលមិនគួរណា កាប់ឆ្កែដែលខ្លួន ស្រឡាញ់ស៊ី យ៉ាងដូច្នេះសោះ ។ ការស្តី បន្ទោសខាងលើនេះ បានបង្កឲ្យរវាង ឪពុក និងកូនស្រី កើតជម្លោះ នឹងគ្នា ហើយខណៈនោះ ដោយទប់ កំហឹង មិនបានកូនស្រីក៏បានទាញយកកង្ហារគប់ទៅ លើឪពុក បណ្តាលឲ្យចំផ្ទៃមុខរយះ បែកឈាម ជោកមុខ ។ បន្ទាប់ពីកូនស្រី ប្រើហិង្សាយ៉ាងដូច្នេះ បុរសជាឪពុកទប់ កំហឹងមិនបាន ក៏រត់ទាំង ផ្ទៃមុខ ប្រឡាក់ឈាម ទៅប្តឹងនគរបាលមូលដ្ឋាន ហើយនគរបាល ប៉ុស្តិ៍ក៏បាន នាំបុរស ជាឪពុកយក ទៅព្យាបាល របួសនៅមន្ទីរពេទ្យ រួចហើយទៅឃាត់ខ្លួនកូនស្រី ដែលជាភាគី បង្កចំនួន ២នាក់ យកមក ដាក់ខ្នោះច្រវ៉ាក់ ឃុំទុករង់ចាំកសាង សំណុំរឿង បញ្ជូនទៅ តុលាការ ។ ប៉ុន្តែមួយសន្ទុះ ក្រោយមក បន្ទាប់ពី រំសាយកំហឹង និង នឹកឃើញអាណិតកូនស្រី បុរសជា ឪពុកក៏បានទៅ អង្វរ សមត្ថកិច្ចសូមឲ្យ បញ្ចប់រឿង និងសូមឲ្យដោះលែងកូនស្រី ត្រឡប់ទៅផ្ទះវិញ ដោយគ្រាន់តែ សំណូមពរ សូមឲ្យកូនស្រី ផ្លាស់ប្តូរទីលំនៅ កុំឲ្យធ្វើផ្ទះនៅក្បែរខ្លួនទៀតតែប៉ុណ្ណោះ។

ពាក់ព័ន្ធករណីខាងលើនេះ លោក ស៊ា ម៉េងស៊ា អធិការនគរបាលស្រុកតំបែរ បានអះអាងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា តាមពិតករណីខាងលើ គឺជារឿងហិង្សា ក្នុងគ្រួសារ ដោយសារតែគ្រួសារខាងលើនេះ មានជីវភាព ក្រីក្រ ហើយពួកគេក៏ឧស្សាហ៍ ឈ្លោះ វាយតប់គ្នា ញឹកញាប់ផងដែរ ហើយករណីខាងលើបន្ទាប់ពីបុរសជាឪពុកដែលជា ជនរងគ្រោះ អង្វរ-កសមត្ថកិច្ច សុំដកពាក្យបណ្តឹង និងសូមឲ្យដោះលែងកូនស្រី សមត្ថកិច្ចក៏ធ្វើការអប់រំ រួចហើយឲ្យ ត្រឡប់ទៅផ្ទះ វិញអស់ទៅ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]