ខេត្តកណ្តាល ៖ នារីម្នាក់ ដែលជាអ្នកចម្រៀង តាមអកកណ្តង់ ប្រចាំភូមិ បានស្លាប់ យ៉ាងអាណោចអាធ័ម បន្ទាប់ពីនាង ទៅចូលរួមច្រៀង នៅក្នុងពិធី រៀបមង្គលការ មួយកន្លែងនៅ ភូមិសំរោងធំ ឃុំសំរោងធំ ហើយមានអាការៈ ចុកពោះ យ៉ាងខ្លាំង ហើយក៏បាន សុំគេចេញទៅផ្ទះមុន ។

ប្រភពបានឱ្យដឹងថា នារីរងគ្រោះ ឈ្មោះ ហែម ណារី អាយុ២៦ឆ្នាំ ជាអ្នកចម្រៀង ប្រចាំក្រុមតន្ត្រី អកកណ្តង់ មានទីលំនៅ ក្នុងភូមិតារាបដូនគ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពបន្តថា បន្ទាប់ពីមកដល់ផ្ទះហើយ ក៏ត្រូវក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ស្រុកកៀនស្វាយ តែត្រូវក្រុមគ្រូពេទ្យ នៅទីនោះ មិនហ៊ានទទួលទេ ក៏បញ្ជូនបន្ត ទៅគ្លីនិកឯកជន «មហាសាល» ទៀត នៅរាជធានីភ្នំពេញ តែក៏ត្រូវ មន្ទីរពេទ្យនោះ បានបដិសេធដែរ ក្រុមគ្រួសារឃើញដូច្នោះ ក៏បញ្ជូនត្រឡប់ មកផ្ទះវិញ ។

ប្រភពបន្តទៀតថា ពេលមកដល់ផ្ទះ អាការនាង នៅតែមិនទាន់ ធូរស្បើយទេ លុះរហូតដល់ វេលាម៉ោង១១ ថ្ងៃទី២៦ មករា ២០១៥ នេះ នាងក៏បានដាច់ខ្យល់ ស្លាប់តែម្តង ។

ទោះបីជាយ៉ាងណា គេនៅពុំទាន់ដឹង ពីមូលហេតុ នៃការស្លាប់ ដោយសារជំងឺ អ្វីពិតប្រាកដ និងមិនអាច សុំការទាក់ទង ពីមន្ទីរពេទ្យ ខាងលើនោះ ផងដែរ ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]