ភ្នំពេញ៖ សំណុំរឿងចាប់ពង្រត់ កូនស្រីម្នាក់ ដែលធ្វើឡើងដោយ យុវជនជាសង្សារ ត្រូវបាន សាលាដំបូង រាជធានីភ្នំពេញ ដោះលែង ជនសង្ស័យ ឈ្មោះ រ៉ែម ឧសភា ឲ្យមានសេរីភាព កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ ជាចំណាត់ការមួយ ដែលមានការ កោតសរសើរ ជាទូទៅចំពោះការ ផ្តល់សុភវិនិច្ឆ័យ ទៅខាងភាគីប្រុស។

ឈ្មោះ រ៉ែម ឧសភា ដែលជាសង្សារ របស់ឈ្មោះ នៅ សុខឡែន ត្រូវបានម្តាយ របស់នាង ប្តឹងឲ្យសមត្ថកិច្ច ឃាត់ខ្លួន ពីបទចាប់ពង្រត់ និងបង្ខាំង កូនស្រី របស់គាត់ ប៉ុន្តែត្រូវបានភាគី ខាងបុរស ចេញមុខ អះអាងថា មិនមែន ជាការពិត ដូចជាការចោទ ប្រកាន់នោះទេ ពីព្រោះខ្លួននិង សុខឡែន បានស្រលាញ់ គ្នាព្រមទាំង បានរួមរស់ជាមួយគ្នា និងមិនតែ ប៉ុណ្ណោះក៏ បានដាក់ពាក្យ ឲ្យអាជ្ញាធរសង្កាត់ ដឹងលឺថែម ទៀតផង។

សមត្ថកិច្ចបានឃាត់ខ្លួន យុវជន រ៉ែម ឧសភា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ប៉ុន្តែត្រូវបានដោះលែង មកវិញ ពីសំណាក់ តំណាង អយ្យការ អមសាលា ដំបូងរាជធានីភ្នំពេញ លោក ព្រះរាជអាជ្ញារង មាស ច័នុ្ទពិសិដ្ឋ។ ក្រោយពេល សាកសួរ រួចមកតំណាង អយ្យការយល់ ឃើញថាយុវជន ខាងលើនេះ មិនជាប់ ពាក់ព័ន្ធដូចការ ចោទប្រកាន់នោះទេ ព្រោះអ្នកទាំងពីរ បានស្រលាញ់គ្នា និងរួមរស់ជា មួយគ្នាជិត មួយឆ្នាំមកហើយ ដូច្នេះភាគី ប្រុសនិងស្រី គឺបានស្ម័គ្រចិត្ត រៀងខ្លួន មិនមែន ចាប់ពង្រត់ ឬក៏បង្ខាំងនោះទេ។

ចំណាត់ការរបស់តំណាងអយ្យការនេះ ពិតជាបានសម្រេចប្រកបដោយ សុភវិនិច្ឆ័យចំពោះរឿងនេះ ហើយក៏អាច ក្លាយ ទៅជាករណី គំរូមួយទៀត ដល់ករណីផ្សេងៗ ដូចជារឿង ស្រីប្រកាន់ ប្រុសប្រកែក យ៉ាងដូច្នោះដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]