តើអ្នកដឹងទេថា កូនក្នុងគ្រួសារ ដូចជា កូនច្បង កូនកណ្តាល និងកូនពៅ ក៏អាចដឹងពី វាសនា និងចរិក លក្ខណៈរបស់បុគ្គលម្នាក់ៗផងដែរ នេះបើ យោងតាម គេហទំព័របរទេស ដែលបានបកស្រាយ។

កូនច្បង៖ ភាគច្រើន កូនច្បង ចូលចិត្តដឹកនាំគេ តាំងពីធម្មជាតិ ហើយមនុស្សដែលកើតជា កូនច្បង តែងចូលចិត្តនូវអ្វីដែល ពិតប្រាកដ មានមន សិកា ល្អិតល្អន់បំផុត ក្នុងរឿងអ្វីមួយ ប៉ុន្តែមិនចូលចិត្ត ភាពភ្ញាក់ផ្អើលនោះទេ។ បន្ថែមពីនេះទៀត ទោះបីជាកូនច្បង ជាមនុស្សឆែវឆាវ ពិតមែន ប៉ុន្តែ ពួកគេ ក៏ចេះផ្គាប់ចិត្ត មនុស្សជាច្រើន ឲ្យមានភាពសប្បាយរីករាយ ផងដែរ។ មិនតែប៉ុណ្ណោះ ពួកគេ ជាកូន ដ៏គំរូក្នុងគ្រួសារ ដែលរឹងមាំម្នាក់។

ចរិកលក្ខណៈរបស់កូនច្បង៖ ជាអ្នកដឹកនាំ ក្នុងគ្រួសារ បន្ទាប់ពីឪពុកម្តាយ ហើយពួកគេ ចូលចិត្តរ៉ាប់រ៉ង និង ចង់ឲ្យអ្វីគ្រប់យ៉ាង ច្បាស់លាស់ និងត្រឹមត្រូវ។ បន្ថែមពីនេះទៅទៀត ពួកគេតែងចង់ជំនះ ក្នុងការ ធ្វើអ្វីមួយ យ៉ាងខ្លាំង។ បើនិយាយឲ្យចំទៅ ដូចជា អវកាសចរ ដែលឡើងទៅលំហ ផ្សេងៗ ភាគច្រើន គឺជាកូនប្រុសច្បង ក្នុងគ្រួសារតែម្តង។ ជាពិសេសនោះ បើយោងតាម ប្រវត្តិសាស្រ្ត ដែលបានចែង បានឲ្យដឹងថា ច្រើនជាងពាក់ កណ្តាល នៃអ្នកឈ្នះរង្វាន់ ណូបែល និង ប្រធានាធិបតីអាមេរិក ភាគច្រើន គឺសុទ្ធតែជាកូនច្បង។ ជាពិសេស ចរិកនៃកូនច្បង គឺជាមនុស្សម្នាក់ ដែលប្រយ័ត្នប្រយែងខ្ពស់ និង ស្អប់ភាពប្រថុយប្រថាន ក្នុងរឿងអ្វីមួយ។

កូនកណ្តាល៖  កូនកណ្តាល ចូលចិត្តពិភាក្សា ចូលចិត្តចរចា ហើយចូលចិត្ត រំពឹងលើការធ្វើអ្វីមួយ ជាពិសេសនោះ ពួកគេចូលចិត្ត ភាពឯករាជ្យ ម្ចាស់ការលើខ្លួនឯង ខ្លាំងបំផុត។

ចរិកលក្ខណៈរបស់កូនកណ្តាល៖ ដោយសារតែ កូនកណ្តាល មានអារម្មណ៍ថាពិភពលោក បានចែងឲ្យ ពួកគេ មានស្មារតី ប្រុងប្រយ័ត្នតិចតួច ដូច្នេះ បានធ្វើឲ្យពួកគេ ក្លាយជាមនុស្សចូលចិត្ត មានការ លាក់បាំងច្រើន ដែលអាចនិយាយបានថា ជាមនុស្សសម្ងាត់ ហើយពួកគេមិនចូលចិត្ត បើកចំហរ គំនិត និងអារម្មណ៍របស់ពួកគេ នោះទេ។ ប៉ុន្តែកូនកណ្តាល ចូលចិត្តមើលចិត្ត មនុស្សដែលនៅជុំវិញខ្លួន ហើយពួកគេ ក៏ជាមនុស្សដឹកនាំសន្តិភាព ដែលចូលចិត្ត ឈរនៅម្ខាង ក្នុងស្ថានភាពណាមួយ ដែលបាន កើតឡើង។ ជាពិសេស ពួកគេ ជាមនុស្សឯករាជ្យ និងចូលចិត្ត ច្នៃប្រឌិត។ ជាឧទាហរណ៍ បើកូន ច្បង ជានាយកប្រតិបត្តិ ក្នុងក្រុមហ៊ុនណាមួយ នោះកូនកណ្តាល គឺជាសហគ្រិន។  អ្វីដែល ចំនុចសំខាន់ សម្រាប់ចរិកកូនកណ្តាលនោះគឺ ពួកគេ មិនសូវ មានការសម្តែង រឺក៏បង្ហាញ អាកប្បកិរិយា មកខាង ក្រៅនោះទេ  និង ជាមនុស្ស ដែលចូលចិត្តសហការ ក្នុងរឿងអ្វីមួយ។

កូនពៅ៖ មនុស្សភាគច្រើន តែងជឿថា កូនពៅជាកូន ដែលសប្បាយរីករាយ ក្នុងជីវិតរបស់ពួកគេ ប៉ុន្តែផ្ទុយ ទៅវិញពី គឺកូនពៅ មិនមែនសុទ្ធតែមាន តែការសប្បាយរីករាយ ទាំងអស់នោះទេ ព្រោះពួកគេ តែងលួច មើល បងកណ្តាលរបស់គេ ដែលដើរលឿនជាង រឹងមាំជាង ធំជាង ឆ្លាតជាង ហើយ ពួកគេ នឹងរៀន សម្របខ្លួន និងខំធ្វើតាម ជាពិសេស នៅក្នុងអារម្មណ៍របស់ពួកគេ តែងបញ្ជាក់ប្រាប់ អ្នករាល់គ្នាថា "រូបគេនឹងបង្ហាញឲ្យ គ្រប់គ្នាបាន ឃើញ"។ បន្ថែមពីនេះទៅទៀត កូនពៅ មិនងាយ ស្តាប់បង្គាប់ នរណាម្នាក់នោះទេ ជារឿយៗ បើនិយាយឲ្យចំ គឺគេថា ជាក្មេងរឹងរូស ប៉ុន្តែពួកគេ ចូលចិត្ត មានគំនិត ច្នៃប្រឌិតខ្លាំងបំផុត។ ជាមួយគ្នានោះដែរ កូនពៅ គឹចូលចិត្ត ចូលប្រឡូកក្នុងសង្គម រួសរាយ ហើយ ពួកគេជាមនុស្សម្នាក់ ដែលមានទំនួលខុសត្រូវ ខាងលុយកាក់ ខ្លាំងបំផុតផងដែរ។

ចរិកលក្ខណៈរបស់កូនពៅ៖ កូនពៅ ជាមនុស្សដែលទំរើស ជាងកូនដទៃទៀត ចូលចិត្តធ្វើអ្វីដោយ ប្រើគំនិត រឺក៏ចេញពីស្នាដៃរបស់ខ្លួន។ បើតាមអ្នក ស្រាវជ្រាវ បានរកឃើញថា កូនពៅ ជាកូនដែលគួរឲ្យ ស្រឡាញ់ ចិត្តល្អ រីករាយច្រើន មិនងាយគ្រប់គ្រងបាន ចេះយកចិត្ត សិល្បៈ តស៊ូ ចូលចិត្តប្រឡូក ក្នុងសង្គម ប្រជាប្រិយ មានទំនុកចិត្ត មិនមានការអត់ធ្មត់ និងចូលចិត្ត មានគំនិត ដោយខ្លួនឯង។

កូនទោល៖ កូនទោល គឺដូចជាកូនច្បងដែរ ដែលពួកគេ ជាមនុស្សមានការរំពឹងខ្ពស់ ជាមនុស្សមាន ការរៀបចំ បានល្អ អាចទុកចិត្តបាន មានការ យកចិត្តទុកដាក់ លើរឿងអ្វីមួយ ប្រាកដប្រជា និងចូលចិត្ត ផ្លាស់ប្តូរ។ បន្ថែមពីនេះទៅទៀត ពួកគេចូលចិត្ត ប្រើប្រាស់ ការស្រមៃរបស់ខ្លួន ទៅលើ រឿងអ្វី មួយ ច្រើនជាងកូនផ្សេងៗ ក្នុងគ្រួសារ និងចូលចិត្តបង្កើត ភាពស្និទ្ធស្នាល ជាមួយនឹងមនុស្ស ដែលមានវ័យ ចំនាស់ជាងខ្លួន។

ចំណាំ៖ ទាំងនេះ គ្រាន់តែជាការទាយពី អត្តចរិត របស់កូននិមួយៗ ក្នុងគ្រួសារ ដោយយោងទៅតាម ប្រភពពីបរទេស ដូចនេះ មិនមានការធានា ថាត្រឹមត្រូវជាក់លាក់ ទាំងស្រុងនោះទេ៕ ចុះចំណែកប្រិយមិត្ត ជាកូនទីប៉ុន្មាន ក្នុងគ្រួសារ?    

 

ប្រភព Interesting-fact

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]