ភ្នំពេញៈ នគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ ហើយឈាន ទៅដល់ការចាប់ខ្លួន ក្មេងទំនើងម្នាក់ ដែលជាប់ពាក់ព័ន្ធ ទៅហ្នឹងបទល្មើសព្រហ្មទណ្ឌ ពង្រត់កូនស្រីគេ ចេញពីផ្ទះដោយធ្វើការបង្ខាំងទុក មិនឲ្យមកជួបគ្រួសារ។

ការឃាត់ខ្លួនក្មេងទំនើងរូបនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ក្រោយពីក្រុម គ្រួសារនារីរងគ្រោះ បានដាក់ ពាក្យបណ្តឹង ទៅសមត្ថកិច្ច ពាក់ព័ន្ធទៅហ្នឹងសកម្មភាព បទល្មើស ព្រហ្មទណ្ឌទាំងនេះដែលបានកើតឡើង អស់រយៈពេល ប្រមាណ៤ សប្តាហ៍មកហើយ។

មន្ត្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ រ៉ែម ឧសភា អាយុជាង២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ត្រូវបានចាប់ខ្លួននៅក្បែរផ្សារ ទួលទំពួន ក្នុងខណ្ឌ ចំការមន ហើយបច្ចុប្បន្ន នេះត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅនាយកដ្ឋាន ព្រហ្មទណ្ឌ ដើម្បី កសាង សំណុំរឿង បញ្ជុនទៅកាន់ តុលាការផ្តន្ទាទោស តាមផ្លូវច្បាប់។

មន្ត្រីនគរបាលខាងលើ បានបញ្ជាក់ទៀតថា ជនសង្ស័យរូបនេះត្រូវបាន ស្ត្រីម្នាក់ដែលជាម្តាយ របស់នារីរងគ្រោះ ដាក់ពាក្យ បណ្តឹងដោយ ចោទប្រកាន់ ពីការពង្រត់កូនស្រី របស់គាត់ ចេញពីផ្ទះ យកទៅបង្ខាំងទុក ដោយខុសច្បាប់ ហើយមិនឲ្យ មានទំនាក់ទំនង ជាមួយ ក្រុមគ្រួសារ ទៀតផង។

យោងតាមពាក្យ បណ្តឹងរបស់ស្រ្តីជាម្តាយ បានបង្ហាញការឈឺចាប់ទៀតថា ជនបង្ករូបនេះបាន គំរាមកំហែង ដល់អាយុជីវិត លើក្រុមគ្រួសារ របស់គាត់ បំផ្លាញទ្រព្យសម្បត្តិ និងរៀបចំ បង្កអំពើ ហិង្សានៅ ពេលដែលក្រុមគ្រួសារចង់ទៅជួបកូនស្រី។ ជាមួយគ្នានេះជនបង្ករ៉ែម ឧសភា ក៏ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់ គ្រឿងញៀនផងដែរ ដូច្នេះក្នុងករណីនេះ ជនសង្ស័យអាចបង្ខំឲ្យនារីរងគ្រោះ ប្រើប្រាស់គ្រឿង ញៀនទៀតផង។

ដោយសារតែមិនអាចឈរមើលពីភាពឈឺចាប់របស់ខ្លួន និងអនាគតកូនស្រីបានទៅទៀតនោះ ក៏សម្រេចចិត្ត ដាក់ពាក្យ បណ្តឹងទៅនគរ បាលនាយកដ្ឋានព្រហ្មទណ្ឌដើម្បីតាមចាប់ខ្លួន ចាត់វិធានការ តាមផ្លូវច្បាប់។

ម្តាយរបស់នារីរងគ្រោះបាននិយាយទាំងទឹកភ្នែក និងសូមអំពាវនាវដល់ស្ត្រីជាម្តាយគ្រប់រូបឲ្យ ដឹងលឺពីល្បិចកល ប្រុសដើរ បញ្ឆោត ធ្វើឲ្យក្រុមគ្រួសារបាត់បង់សុភម្គល និងខ្លោចផ្សារ ដែលពួកគេយកស្រី ជាទាសីស្នេហ៍ ព្រមទាំងធ្វើការពង្វក់ឲ្យ ក្រុមគ្រួសារប្រាសចាក បន្សល់នូវការ ឈឺចាប់ឥតឧបមា។

អ្នកស្រី ចាន់ មន្ថា ជាម្តាយនារីរងគ្រោះបានលើកឡើងពោរពេញដោយការឈឺចាប់ទៀតថា "នេះជាមេរៀន សម្រាប់ សង្គមខ្មែរ ហើយខ្ញុំសង្ឃឹមថា ទឹកភ្នែកម្តាយគ្រប់រូបច្បាស់ជាបានរួចផុត ពីអំពើថោក ទាប ស្មោកគ្រោកទាំងនេះ ហើយសូមឲ្យ ស្ត្រីជាម្តាយគ្រប់រូប ត្រូវប្រុងប្រយ័ត្ន ចំពោះមនុស្សបែបនេះ"។

ក្រុមគ្រួសារនារីរងគ្រោះមានជំនឿយ៉ាងមុតមាំថា សមត្ថកិច្ចនិងមន្ត្រីតុលាការចាត់វិធានការឲ្យ ម៉ើងម៉ាត់បំផុតចំពោះជនបង្ក ដែលបានធ្វើអំពើដ៏ថោកទាប និង គួរថ្កោលទោសមួយនេះ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]