អូស្ត្រាលី៖ អ្នកនេសាទមួយក្រុម មានការភ្ញាក់ផ្អើល ជាពន់ពេក នៅពេលដែល ពួកគាត់ នេសាទបាន ត្រីឆ្លាម ដ៏ចម្លែក និងគួរឲ្យខ្លាច មួយក្បាល ដែល ពួកគាត់ មិនដែលឃើញពីមុន ចេញពីក្នុងទឹកសមុទ្រ នៅភាគខាងកើត តំបន់ Victoria  ក្នុងប្រទេស អូស្ត្រាលី។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ត្រីចម្លែកនេះ មានពណ៌តោ្នតចាស់ មានរូបរាងស្រដៀង នឹងសត្វអន្ទង់ ដែលអ្នកវិទ្យាសាស្ត្រ ហៅថា ជាប្រភេទ ត្រីឆ្លាម «frilled shark» ឬស្គាល់ថាជា «ផូស៊ីលមានជីវិត» ដោយសារ សត្វត្រីឆ្លាម ប្រភេទនេះ ជាប្រភេទត្រីដែលរស់នៅ សម័យបុរេប្រវត្តិ ៨០លានឆ្នាំមុន ហើយសត្វប្រភេទនេះ ស្ថិតក្នុងចំណោមសត្វពីរប្រភេទ ដែលមិនទាន់ដាច់ពូជ តាំងពី សម័យបុរេប្រវត្តិមក។

បើតាមសំដីរបស់ នាយកសមាគមន៍ នេសាទ ក្នុងតំបន់នោះ លោក Simon Boag បានឲ្យដឹងថា នេះជាលើកទីមួយហើយ ដែលត្រីឆ្លាមប្រភេទ frilled shark ត្រូវចាប់បាន ដោយមនុស្ស ទាំងនៅរស់ ។ លោក បានបន្តថា ត្រីនេះ មានប្រវែងរហូតដល់ ២ម៉ែត្រ និង ត្រូវចាប់បាន ដោយអ្នក នេសាទ នៅក្នុងទឹកសមុទ្រ ជម្រៅតែ ៧០០ ម៉ែត្រ ប៉ុណ្ណោះ ដែលត្រីឆ្លាមនេះ មានធ្មេញរហូតដល់ ៣០០ធ្មេញ  ប៉ុន្តែ ត្រូវបានអ្នកនេសាទវាយ សំពង ចំក្បាលរបស់វា ពេលចាប់បាន ភ្លាមៗនោះ។ តាមប្រភពដដែល បានឲ្យដឹងថា ជាទូទៅ សត្វត្រីឆ្លាមប្រភេទនេះ ត្រូវរកឃើញ នៅជម្រៅ ១,៥០០ ម៉ែត្រ ប៉ុន្តែវាជាករណី ចម្លែកមួយ ដែលរកឃើញ នៅ ជម្រៅក្រោម ១,២០០ ម៉ែត្រ។

យ៉ាងណាមិញ  ភ្នាក់ងារស្រាវជ្រាវវិទ្យាសាស្ត្រ អូស្ត្រាលី (CSIRO) បានបញ្ជាក់ដែរថានេះ ជាប្រភេទត្រីឆ្លាម «frilled shark»  ដែលត្រីឆ្លាមប្រភេទ នេះ ត្រូវបានស្គាល់ ដោយក្រុម អ្នកវិទ្យាសាស្ត្ររួចមកហើយ យ៉ាងណាក៏ដោយ វាជារឿងចម្លែក និងកម្របំផុត ដែល អ្នកនេសាទក្នុងតំបន់ ចាប់បាន ត្រីប្រភេទនេះ៕





រូបភាព ត្រីឆ្លាមសម័យបុរេប្រវត្តិចាប់បានដោយអ្នកនេសាទនៅអូស្ត្រាលី

ប្រភព Dailymail | ABC

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]