ភ្នំពេញ៖ តើប្រិយមិត្ត ធ្លាប់ពិសា ប្រហិតអប់ អាំងអំបិលម្ទេស ដែរឬទេ? ជាការពិតណាស់ សម្រាប់ប្រិយមិត្ត មួយចំនួន ប្រហែលជាធ្លាប់បាន ពិសា និង ភ្លក់រសជាតិ ប៉ុន្តែប្រិយមិត្ត ខ្លះទៀត អាចនឹងមិនទាន់បានស្គាល់ ប្រហិតអប់ អាំងអំបិលម្ទេសនេះទេ។

តោះ! កុំឲ្យខាតពេល ទៅស្គាល់ហាងសាច់អាំង មួយកន្លែង ដែលមានលក់ ប្រហិតអប់ អាំងអំបិលម្ទេស នេះទាំងអស់គ្នា...


ប្រហិតអប់ អាំងអំបិលម្ទេស

ក្រុមការងារខ្មែរឡូត បានចុះទៅដល់ផ្ទះ លក់សាច់អាំង មួយកន្លែង ដែលមានទីតាំង ក្បែរវិទ្យាល័យសន្ធរម៉ុក (ច្រកចូល ទល់មុខ ផ្សារសាមគ្គី) និងបានធ្វើការ សម្ភាសន៏ផ្ទាល់ ជាមួយនឹងម្ចាស់ហាង។

ជួបជាមួយ បងស្រីឈុន ដែលជាម្ចាស់ហាង “សាច់អាំង” បានប្រាប់ ក្រុមការងារខ្មែរឡូតថា បងស្រីបានបើកហាងនេះ អស់រយៈពេល ជាង២ឆ្នាំ មកហើយ។ នៅហាងរបស់គាត់ មានលក់អាហារ ឆ្ងាញ់ៗ ជាច្រើនមុខ ដូចជា ពងមាន់អាំង ស្លាបមាន់អាំង ពងទាកូន មឹកអាំង កង្កែបអាំង និងជាពិសេស នោះ គឺប្រហិតអប់ អាំងអំបិលម្ទេស តែម្តង ដែលវាជាអាហារ កំពុងតែមានឈ្មោះល្បីខ្លាំង នៅម្តុំសន្ធរម៉ុក ដោយសារតែ រសជាតិ របស់វា ឆ្ងាញ់ប្លែក មិនធ្លាប់មាន ពីមុនមក។


ប្រហិតអប់ អាំងអំបិលម្ទេស


កង្កែបអាំង


ពងមាន់អាំង

បងស្រីឈុន បានប្រាប់ឲ្យដឹងទៀតថា ហាងរបស់បងស្រី ចាប់បើកពី ម៉ោង២រសៀល ដល់ម៉ោង ៩យប់ឯណោះ ដែលក្នុងមួយថ្ងៃ បងស្រី អាចរកចំនូលបាន ពី២លាន ទៅ៣លានរៀល ខណៈភ្ញៀវ ដែលមក ពិសាអាហារ នៅទីនោះ ភាគច្រើន គឺជាសិស្សសាលា និងយុវវ័យ តែក៏មាន អ្នកធ្វើការ ផងដែរ ដោយសារតែពួកគេ ចូលចិត្តរសជាតិអាហារ នៅក្នុងហាងបងស្រី ជាពិសេសនោះគឺ ប្រហិតអប់ អាំងអំបិលម្ទេស នេះតែម្តង។


ទិដ្ឋភាពក្នុងហាង

ម្ចាស់ហាង “សាច់អាំង” រូបនេះ បានបង្ហើប ឲ្យដឹងពីការលំបាកថា «នៅពេលល្ងាច បងមានការលំបាក និងនឿយហត់ ខ្លាំងណាស់ ព្រោះមានភ្ញៀវ យ៉ាងច្រើន ដែលពួកគេ ក្រោយសម្រាកពី ការសិក្សា ក៏ដូចជាការងារ បានចូលមក ពិសាអាហារ នៅទីនេះ។ ភ្ញៀវទាំងនោះ ម្នាក់ៗតែងតែកុម្ម៉ង់ ប្រហិតអប់ អាំងអំបិលម្ទេស មិនដែលខានឡើយ ចំនែកបងឯណេះវិញ អាំងស្ទើរតែ មិនទាន់។ ពួកគាត់ចូលចិត្ត ប្រហិតអាំង នេះណាស់ ព្រោះរសជាតិរបស់វា ឆ្ងាញ់គួរឲ្យ ចង់ញ៉ាំ បូករួមទាំងម្ទេស ដែលអប់ ជាមួយនឹង ប្រហិតនោះ ធ្វើឲ្យវា មានរសជាតិហឹរល្មម ញ៉ាំហើយ ចង់ញ៉ាំទៀត។ ជាងនេះទៅទៀត ក៏មានបន្លែស្រស់ៗ និងទឹកជ្រលក់ ឈ្ងុយឆ្ងាញ់ សម្រាប់ញ៉ាំជាមួយនឹង ប្រហិតនោះ ធ្វើឲ្យវា កាន់តែឆ្ងាញ់ មួយកម្រិតទៀត។»


ប្រហិតអប់ អាំងអំបិលម្ទេស ជាមួយនឹង បន្លែ និងទឹកជ្រលក់ គួរឲ្យចង់ញ៉ាំ

ជាចុងក្រោយ បងស្រីឈុន ក៏បានអរគុណ ដល់អតិថិជនទាំងឡាយ ដែលតែងតែ ពិសាអាហារ នៅហាងរបស់គាត់ និងសូមផ្តាំផ្ញើរ ដល់ប្រិយមិត្ត ដែលមិនទាន់បាន ភ្លក់រសជាតិ សាច់អាំង ជាពិសេស គឺប្រហិតអប់ អាំងអំបិលម្ទេស ទេ សូមអញ្ចើញមកពិសា នៅហាងរបស់គាត់ ពិតជាមិនខក បំណងឡើយ៕


ហាង "សាច់អាំង" ស្ថិតក្បែរវិទ្យាល័យ សន្ធរម៉ុក (ច្រកចូល ទល់មុខ ផ្សារសាមគ្គី)

ដោយ ៖ លីណា និង ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]