ភ្នំពេញ៖ ការបើកជំនួញអាជីវកម្ម លក់ចំនីអាហារ ដែលរួមមាន ភោជនីយដ្ឋាន អាហារដ្ឋានតូច-ធំ ឬ តាមផ្លូវជាដើម កំពុងតែរីកដូចផ្សិត ក្នុងរាជធានីភ្នំពេញ ដែលជាកត្តាធ្វើឲ្យ ម្ចាស់អាជីវកម្មនិមួយៗ ត្រូវស្វែងរកអ្វី ដែលប្លែកៗ និង គួរឲ្យទាក់ទាញ ដើម្បីធ្វើការ ប្រកួតប្រជែងលើទីផ្សារ។


ស្លាកយីហោ ហាង បាយមាន់ ទិនហ្វី

មានទីតាំងស្ថិតនៅតាម បណ្តោយ ផ្លូវ ៣១០ ក្នុង សង្កាត់បឹងកេងកង ២ ខណ្ឌចំការមន «ហាងបាយមាន់ ទីនហ្វី»  ទើបនឹងបើកកាលពីឆ្នាំ ២០១៤ កន្លងទៅនេះប៉ុណ្ណោះ តែហាក់មាន ការចាប់អារម្មណ៍ ពីអតិថិជន ហើយអ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះ គឺស្ថិតនៅលើ ឈ្មោះហៅតែម្តង។ បើនឹកឃើញពីឈ្មោះ «ទិនហ្វី»  ប្រជាជនខ្មែរ ភាគច្រើន ប្រាកដជានឹកឃើញ ទៅដល់ តួអង្គ បែបកំប្លុងកំប្លែង ក្នុងភាពយន្តហុងកុង ដែលតែងធ្វើឲ្យអ្នកទស្សនា ទប់សំណើចមិនបាន។ ចុះ «ហាងបាយមាន់ទិនហ្វី» ដែលទើបនឹងរះថ្មីនេះ តើម្ចាស់ហាង ជាអ្នកគាំទ្រ ទិនហ្វី ឬមួយ មានអ្វីជាប់ទាក់ទងគ្នាដែរ បានជាដាក់ឈ្មោះ បែបនេះទៅវិញ?

យ៉ាងណាមិញ ដោយចង់ដឹង ពីដំណើរការ ដើមទង នៃអាជីវកម្ម របស់ហាងបាយមាន់ ទិនហ្វី និង មូលហេតុនៃ ការដាក់ឈ្មោះ ទ្វីនហ្វី ផងនោះ ក្រុមការងារខ្មែរឡូត ក៏បានចុះ ទៅសម្ភាសន៍ និង ជួបជាមួយម្ចាស់ហាង ផ្ទាល់តែម្តង។


លោក មុនី លីហ៊ាង ឈ្មោះហៅក្រៅ Roy ដែលជាសហស្ថាបនិក ហាងបាយមាន់ ទិនហ្វី

ជួបជាមួយ លោក មុនី លីហ៊ាង ឈ្មោះហៅក្រៅ (Roy) វ័យ ២៧ឆ្នាំ ដែលជាអ្នកគ្រប់គ្រង ក្នុងហាងផ្ទាល់ម្នាក់ រួមជាដៃគូ អាជីវកម្ម ចំនួន២រូបទៀត ក្នុងការបើកហាង ទិនហ្វី នេះ បានផ្តល់បទសម្ភាសន៍ឲ្យ ខ្មែរឡូត ដោយបានរៀបរាប់ថា៖ «គំនិតនៃការ បើកអាជីវកម្ម ហាងបាយនេះ កើតឡើងដោយយល់ឃើញថា ប្រជាជនខ្មែរ ភាគច្រើន ចូលចិត្តពិសាបាយ ជាអាហារពេលព្រឹក និង ខណៈ ពេលរសៀល ប្រជាជនអាច មកពិសាបុកល្ហុង និង បាយមាន់ បន្ទាប់ពីអស់កម្លាំង ពីការបំពេញ ការងារ និង សិក្សា»។

ចំពោះមូលហេតុនៃ ការដាក់ឈ្មោះហាង លោកបានបន្ត ឲ្យដឹងថា ឈ្មោះ ទិនហ្វី មិនមានអ្វី ជាប់ពាក់ព័ន្ធ នឹងលោក Stephen Chow ដែលនៅក្នុងភាពយន្តហុងកុង នោះទេ តែការដាក់ឈ្មោះ បែបនេះ ដោយសារយល់ឃើញថា ឈ្មោះតួអង្គ ទិនហ្វី គឺជាតួអង្គល្បីមួយរូប ដែលប្រជាជនខ្មែរ ភាគច្រើនស្គាល់ និង ចូលចិត្តតួអង្គនេះ។ ហើយឈ្មោះ ទិនហ្វី មិនមានអ្វី ប៉ះពាល់ ដល់លោក Chow (ទិនហ្វី) ឡើយ ព្រោះឈ្មោះនេះ ស្គាល់តែប្រជាជនខ្មែរ ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ឈ្មោះនេះ គួរឲ្យទាក់ទាញសំរាប់អតិថិជន ងាយស្រួលចំណាំ និង ស្តាប់លឺភ្លាម ចង់សើច ហើយសប្បាយចិត្តតែម្តង។ លើសពីនេះ លោកបានបន្ថែមថា ក្រុមការងារគាត់ មិនត្រឹមតែ ដាក់ឈ្មោះនេះ ឲ្យងាយស្រួលចំណាំ និងសប្បាយចិត្តចង់សើចនោះទេ ប៉ុន្តែគោលបំណងរបស់ ពួកលោក ចង់បង្កើត យីហោ (brand) ផ្ទាល់ខ្លួនក្នុងស្រុក ដោយព្យាយាមពង្រឹង យីហោនេះ ឲ្យមានគុណភាព និង ទទួលស្គាល់ គាំទ្រពីអតិថិជន ក្នុងស្រុក។

ចំពោះការតុបតែង ហាងវិញ អ្នកគ្រប់គ្រងរូបនេះ បានបង្ហើបថា កើតឡើងពីការនឹកឃើញ និង តុបតែង ដោយក្រុមការងារលោក ផ្ទាល់តែម្តង ដោយផ្តោតលើភាពសាមញ្ញ មានលក្ខណៈបែបខ្មែរ តែមានភាពទាក់ទាញ និង ស្រស់ស្អាត ដោយបំពាក់ សំភារៈ តុ កៅអី ជញ្ជាំង ធ្វើពីឈើដែលមានតម្លៃ ធូរថ្លៃ ព្រមជាមួយ ការយក ដើមត្នោត យកមកតុបតែង និង ប្រក់ដំបូលធ្វើពីស្បូវ។

លោកក៏បន្ថែមទៀតថា ចំពោះមុខម្ហូប និង បុកល្ហុង ក្នុងហាងរបស់លោក បានបង្កើតឡើង ជាមួយ រសជាតិ ផ្សេងពីគេ ដែលជារសជាតិមួយ អាចសំគាល់ថា មានតែក្នុងហាងរបស់គាត់ ប៉ុណ្ណោះ។ មុខម្ហូបប្រចាំហាង មានដូចជា «បុកល្ហុងពោត» និង «បាយក្អម»។

ជាចុងក្រោយ អ្នកគ្រប់គ្រងវ័យក្មេងនេះ ក៏បាន ថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែគាំទ្រ និង មកពិសាអាហារ នៅហាងរបស់លោក ហើយលោក ក៏បញ្ជាក់ដែរថា ហាងរបស់លោក ខិតខំប្រឹងប្រែង កែប្រែ ទាំងរសជាតិ និង ពង្រឹងទាំងសេវាកម្ម ដើម្បីបំពេញតំរូវចិត្ត របស់អតិថិជន ៕


បាយខ្ញី ជាមួយបាយក្អម


បាយសាច់ជ្រូក


បាយមាន់ស្រែដុត 


ទិដ្ឋភាពនៅមុខ ហាងបាយមាន់ ទិនហ្វី


ស្លាបមាន់អាំង ដែលជាម្ហូប ពេញនិយម មួយមុខដែររបស់ហាង


ការតុបតែងហាង


ទិដ្ឋភាពនៅខាងក្នុងហាង


បុគ្គលិករបស់ ហាងកំពុងរៀបចំ អាំងសាច់ដើម្បីលក់ ជូនអតិថិជន


ការតុបតែង ហាងដោយប្រើប្រាស់ វត្ថុធាតុដើម សាមញ្ញតែ ប្រកបដោយការច្នៃប្រឌិត

តើប្រិយមិត្តធ្លាប់បានភ្លក់ រសជាតិ អាហារ នៅទីនោះហើយ ឬនៅ?

ដោយ៖ Roth & Tin

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]