ភ្នំពេញ៖ កាលពីពេលថ្មីៗ កន្លងទៅនេះ មានប្រិយមិត្តខ្មែរឡូតម្នាក់ ឈ្មោះថា ស៊ីណាត រស់នៅ ក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ បានប្រើប្រាស់ លេខទូរស័ព្ទ 015 666 5** ទូរស័ព្ទមកកាន់ ខ្មែរឡូត ឲ្យជួយផ្សព្វផ្សាយ ដោយសារ មិនដឹងធ្វើ យ៉ាងណា និងមានចំងល់ នៅពេល ដែល ក្រុមហ៊ុន ដឹកអ្នកដំណើរមួយ ដែលមានទីតាំង ស្ថិតនៅ កែងផ្សាររាត្រី មាត់ទន្លេ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មិនទទួលខុសត្រូវ លើការបាត់ឥវ៉ាន់។


សំបុត្ររថយន្តក្រុង របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដឹកអ្នកដំណើរ និងទេសចរណ៏

ប្រិយមិត្តខ្មែរឡូត ឈ្មោះ ស៊ីណាត បានរៀបរាប់ដំណើររឿង ដូចតទៅ៖ «កាលពីខែមុន ខ្ញុំបានធ្វើដំណើរ ពីភ្នំពេញ ទៅកាន់ ខេត្តបន្ទាយមានជ័យ តាមរយៈរថយន្តក្រុង របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដឹកអ្នកដំណើរ និងទេសចរណ៏ (Virak Buntham Express Travel and Tour) ក្នុងតម្លៃសំបុត្រ ១៥ដុល្លារ និងចេញដំណើរ នៅម៉ោង៤ល្ងាច។ នៅពេលដែលទៅដល់ ខេត្តពោធិ៍សាត់ ក៏មានអ្នកដំណើរម្នាក់ បានចុះពីរថយន្ត (ដល់ទីតាំងគាត់ ត្រូវចុះ)។ រថយន្តក៏បានធ្វើដំណើរបន្ត និងបានឈប់សម្រាក ចូលហូបបាយ នៅក្នុងហាងបាយ មួយកន្លែង ដែលស្ថិតនៅតាមផ្លូវ ទៅខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីហូបបាយរួច រថយន្តបានបន្តដំណើរ រហូតបានទៅដល់ ខេត្តបន្ទាយមានជ័យ ប៉ុន្តែនៅពេលដែល ខ្ញុំទៅយកឥវ៉ាន់របស់ខ្ញុំ ដែលដាក់នៅ ចំហៀងខាងក្រោម នៃរថយន្ត ស្រាប់តែមិនឃើញ ឥវ៉ាន់របស់ខ្ញុំ ទាល់តែសោះ ខណៈឥវ៉ាន់ខ្ញុំ ពិតជាបានដាក់ នៅក្នុងនោះ យ៉ាងប្រាកដណាស់ សូម្បីតែ តៃកុងរថយន្ត ក៏បានដឹងដែរ។ បន្ទាប់ពីខ្ញុំ បានបាត់ឥវ៉ាន់នោះ តៃកុងរថយន្ត ក៏បាននិយាយថា ប្រហែលជាអ្នកដំណើរ ដែលចុះនៅឯ ខេត្តពោធិ៍សាត់ បានយកច្រឡំ ហើយគាត់ប្រាប់ខ្ញុំទៀតថា គាត់នឹង ជួយរក យកមកឲ្យ ខ្ញុំវិញ។ ប៉ុន្មានថ្ងៃក្រោយមក នៅពេលដែលខ្ញុំ ត្រលប់មកទី ក្រុងភ្នំពេញវិញ ខ្ញុំក៏បានទូរស័ព្ទ ទាក់ទងទៅ តៃកុងរថយន្ត ដែលមានឈ្មោះថា ពូហៃ ដើម្បីសួរនាំ ពីរឿងឥវ៉ាន់ របស់ខ្ញុំ។ ខ្ញុំត្រូវបាន ពូហៃ និយាយដោះសារ និងពន្យារពេល ជាច្រើនលើកច្រើនសារ ដោយគាត់បាននិយាយថា គាត់មិនទាន់ រកឃើញទេ ចាំគាត់ជួយរកឲ្យ និងមិនឲ្យខ្ញុំ ទូរស័ព្ទទៅ ក្រុមហ៊ុនឡើយ (ជួយសំរួលគាត់) ព្រោះខ្លាចប៉ះពាល់ ដល់ការងារ របស់គាត់។ ប៉ុន្តែមួយរយៈ ក្រោយមក ខ្ញុំទូរស័ព្ទ ទៅគាត់ គាត់មិនលើក ហើយថែមទាំង បិទទូរស័ព្ទទៀតផង។»


នាមប័ណ្ឌ របស់តៃកុងរថយន្ត ឈ្មោះ ពូហៃ

«ចុងក្រោយ ខ្ញុំក៏បានសម្រេចចិត្ត ធ្វើដំណើរទៅកាន់ ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដឹកអ្នកដំណើរ និងទេសចរណ៏ នោះ ដើម្បីសួររកដំណោះស្រាយ ពីបញ្ហាបាត់ឥវ៉ាន់ របស់ខ្ញុំ។ ខាងក្រុមហ៊ុន ក៏បានឆ្លើយ ដូចទៅនឹង តៃកុងរថយន្ត (ពូហៃ) នោះដែរ៖ “ចាំខាងខ្ញុំ ជួយរកឲ្យ”។ រយៈពេលជាង១ខែ ដំណឹងពីឥវ៉ាន់របស់ខ្ញុំ ក៏មិនទាន់មាន សូម្បីតែដានបន្តិច ខណៈខ្ញុំបានទៅដល់ ក្រុមហ៊ុនម្តងទៀត ប៉ុន្តែពួកគេ បែរជានិយាយថា៖ “ឥវ៉ាន់របស់បង ខាងខ្ញុំមិនទាន់បានរកទេ ចាំខាងខ្ញុំ ជួយរកឲ្យបងវិញ” ។ បន្ទាប់ពីចំណាយពេល អស់ជាយូរ ខំទន្ទឹមរង់ចាំ ឥវ៉ាន់ដែលបានបាត់នោះ ត្រលប់មកវិញ ខ្ញុំក៏អស់សង្ឃឹម និងសម្រេចចិត្តថា ឈប់តាមរកទៀត។ ឥវ៉ាន់នោះ មិនធំដុំអីនោះទេ វាគ្រាន់តែជា គ្រឿងដែក ប៉ុណ្ណោះ!»ប៉ុន្ដែ គ្រាន់តែ ចង់ដឹងថា “តើក្រុមហ៊ុន គួរមានវិធានការ និងដំណោះស្រាយ យ៉ាងណា ចំពោះការបាត់បង់ ឥវ៉ាន់ភ្ញៀវ បែបនេះ ឬក៏បណ្ដោយ ឲ្យរឿងបែបនេះ កើតឡើង ជារៀងរហូតនោះ?”។

ជាក់ស្ដែងណាស់ ខ្មែរឡូត គ្រាន់តែជាអ្នក ជួយផ្សព្វផ្សាយ នូវរឿងខាងលើប៉ុណ្ណោះ និងយល់ថា ហេតុការណ៍បែបនេះ ក៏ប្រហែល ជាធ្លាប់កើតមានឡើង ទៅលើ អ្នកដំណើរមួយចំនួន ដែល តែងតែ ជិះរថយន្ដក្រុង ទៅកាន់ បណ្ដាខេត្ដនានា។ ទោះជាយ៉ាងណា ខ្មែរឡូត សង្ឃឹមថា ខាង ក្រុមហ៊ុន រថយន្ដក្រុង ខាងលើ (បើនេះ ជារឿងពិត) រួមជាមួយនិង ក្រុមហ៊ុនផ្សេងៗ គួរតែ មានវិធានការណ៍ របស់ខ្លួន ក្នុងការអនុវត្ដន៍ ទៅលើ បញ្ហា ដែលបានកើតឡើង ទៅលើ អតិថិជនរបស់ខ្លួន ដើម្បីបញ្ចៀស រឿង អាស្រូវទាំងឡាយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]