ចិន៖ មន្ទីរពេទ្យមួយ ស្ថិតនៅ ភាគខាងកើត ប្រទេសចិន ឈ្មោះ Aima maternity បានបង្កើតវិធី ដ៏កម្រមានមួយ ឈ្មោះថា ការទទួលបទពិសោធន៍ នៃការឈឺចាប់ របស់ស្ត្រី (Pain Experience Camp)។ កម្មវិធីនោះ ផ្តល់ឲ្យ បុរសជាឪពុក ទាំងអស់ មានឱកាសភ្លក់រសជាតិ នៃការឈឺចាប់ ដូចទៅ នឹងការឈឺចាប់ពិតៗ របស់ស្រ្តី នៅពេល សំរាលបុត្រ ដោយគ្រូពេទ្យ ដាក់ចរន្តអគ្គីសនី ម្យ៉ាងឲ្យឆក់ ដែលមានទ្រាប់ទ្រនាប់ ពិសេសមួយនៅលើ ក្បាលពោះ របស់បុរស។

សេវាកម្មភ្លក់ រសជាតិ នៃការឈឺចាប់ ដ៏ចំលែកនេះ ចាប់ផ្តើមដំណើរការ តាំងពីដើមខែវិច្ឆិកា មកម្ល៉េះ ដែលមកទល់នឹងពេលនេះ មានបុរសៗមកចុះឈ្មោះប្រើប្រាស់ សេវានេះជាង ៣០០នាក់រួចហើយ ដែលការសាកល្បងម្តងៗ មានរយៈពេលប្រមាណ ៥នាទី ដោយក្នុង ៥នាទីនោះ គ្រូពេទ្យចុច ឲ្យបុរស ទាំងនោះ រងការឈឺចាប់ ពីកំរិត ១ រហូតដល់១០។

បុរសម្នាក់ ឈ្មោះ Wu Jianlong ដែលក្លាហានតស៊ូ ទទួលការ ឈឺចាប់ រហូតដល់ កំរិត១០ បានស្រែក ពោរពេញ ដោយការឈឺចាប់ ខាំមាត់ និងក្តាប់ដៃ រហូតសុំអង្វរពេទ្យ ឲ្យឈប់សាកល្បង លើរូបគាត់។ ចំនែកឯ បុរសម្នាក់ទៀត ដែលទ្រាំការឈឺចាប់ បានត្រឹមកំរិតទី៧ បានប្រាប់ថា គាត់មានអារម្មណ៍ថា បេះដូង និងសួតរបស់គាត់ ហាក់បីដូចជា កំពុងដាច់ចេញពីគ្នា ទើបគាត់ សុំឲ្យគ្រូពេទ្យ បញ្ចប់ការសាកល្បងនោះ តែម្តង។ មិនមែន សុទ្ធតែបុរស ទាំងអស់ អាចទ្រាំនឹងការ ឈឺចាប់ បានដល់កំរិតខ្ពស់ នោះទេ ភាគច្រើន ពួកគេចុះចាញ់ត្រឹម ការឈឺចាប់កំរិត ៤ ឬ ៥ ប៉ុណ្ណោះ។

អ្នកគ្រូពេទ្យ Lou Dezhu បានឲ្យដឹងថា វិធីសាស្ត្រភ្លក់ រសជាតិការឈឺចាប់ នៃការសំរាលបុត្រនេះ មិនទាន់ ដូចទៅនឹងការ សំរាលបុត្រពិតប្រាកដ របស់ស្ត្រី នៅឡើយទេ ដែលជាក់ស្តែង ការសំរាលបុត្រគឺ ចំណាយពេល ២ ឬ ៣ម៉ោង ការឈឺចាប់ ដែលដូចពិតៗ គឺគួរតែ ឈានដល់កំរិត ១២។ “នៅពេលដែល បុរសស្គាល់ ការឈឺចាប់ របស់ប្រពន្ធ ពេលឆ្លងទន្លេ នោះពួកគាត់នឹង កាន់តែស្រលាញ់ និង បារម្ភពីប្រពន្ធ កាន់តែខ្លាំង ” អ្នកគ្រូពេទ្យខាងលើ បន្តប្រាប់ យ៉ាងដូច្នេះ។ ចំណែកឯស្រ្តីម្នាក់ ឈ្មោះ Ren Yiqun បានឲ្យដឹងថា បន្ទាប់ពីស្វាមី អ្នកស្រីសាកល្បង ទទួលការ ឈឺចាប់នៅ មន្ទីរពេទ្យនោះមក ពេលនេះ ប្តីរបស់គាត់ កាន់តែ យកចិត្តទុកដាក់ និង មិនព្រមឲ្យគាត់ ធ្វើការងារអ្វីសោះ៕


មន្ទីរពេទ្យនៅចិន ឈ្មោះ Aima maternity អាចធ្វើឲ្យបុរសស្គាល់ការឈឺចាប់ដូចពេលស្រី្តសំរាលកូន


ការឈឺចាប់មាន ពីកំរិត១ ដល់កំរិត ១០ ដែលមានរយៈពេលចំនួន ៥នាទី


បុរសភាគច្រើន បោះបង់ចោលការសាកល្បង ដោយសារពួកគេមិនអាច ទាំ្រទ្រនឹងការឈឺចាប់បាន


ការឈឺចាប់ពេល ឆ្លងទន្លេរបស់ស្ត្រីគឺ មានដល់កំរិត១២ ដែលចំណាយពេលជាច្រើនម៉ោង

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]