រុស្ស៊ី ៖ ពិតណាស់ មិនថា នៅក្នុងសង្គមខ្មែរ ឫ ក៏ នៅបរទេសទេ តែងតែមានអបិយជំនឿ ទៅលើ អារុក្ស អារក្សអ្នកតា ព្រៃភ្នំ ខ្មោចព្រាយបិសាច និង បណ្តាសា ជាដើម។ យ៉ាងណាមិញ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ការផ្លាស់ប្តូរ ទីតាំង សាកសព Mummy បុរាណ ដែលជាព្រះនាង រស់នៅក្នុង ស.វ ទី ៥ មុន គ.ស អាចជាបណ្តាសា ធ្វើឲ្យ មានគ្រោះទឹកជំនន់ និង រញ្ជួយផែនដី ឥតឈប់ឈរ ក្នុងរយៈពេល ៥០ឆ្នាំ ចុងក្រោយនេះ។

គួរបញ្ជាក់ផងដែរ សាកសព Mummy បុរាណ មានងារ ជាព្រះនាង Ukok ត្រូវបាន ក្រុមអ្នកបុរាណវិទូ រកឃើញនៅ លើភ្នំ Altai នៃប្រទេស ស៊ីបេរី ក្នុងឆ្នាំ ១៩៩៣ និង ត្រូវបានគេ ចាត់ទុកថា ជាការរកឃើញមួយ ដ៏សំខាន់បំផុត ប្រចាំ ស.វ ទី ២០។

សាកសព Mummy ព្រះនាង Ukok ដែលមាន អាយុកាល ២,៥០០ ឆ្នាំ នេះ ត្រូវបានគេបញ្ចុះ និង រក្សាទុក យ៉ាងយកចិត្តទុកដាក់បំផុតជាមួយនឹង សំលៀកបំពាក់ធ្វើពីសូត្រ កាលពីសម័យនោះ គឺសូត្រ មានតម្លៃថ្លៃ ជាងមាស ទៅទៀត។ មិនតែប៉ុណ្ណោះទេ គ្រឿងអលង្ការ ដែល បញ្ចុះជាមួយ សាកសព គឺសុទ្ធតែ ធ្វើពី សំរិទ្ធិ, ឈើ និង មាស រួមជាមួយសេះ ៦ ក្បាល ដែលនឹងការពារ ព្រះនាងនៅក្នុងជាតិថ្មី។ ការរកឃើញនេះទៀតសោត អ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា ព្រះនាង សោយទីវង្គត ដោយសារ ជំងឺមហារីក ហើយនៅពេលនោះ ព្រះនាង អាចមានព្រះជន្ម ត្រឹមតែ ២៥ ទៅ ២៨ វស្សា ប៉ុណ្ណោះ។ អ្វីដែលគួរឲ្យចាប់ អារម្មណ៍ទៀតនោះ ព្រះនាង Ukok មានស្នាម សាក់ពេញខ្លួន ដែលអ្នកវិទ្យាសាស្រ្ត មិននឹកស្មានថា មនុស្សបុរាណ កាលពី ២,៥០០ ឆ្នាំមុន ពិតជាមាន គំនិតច្នៃប្រឌិត ដូចជា ការចាក់សាក់ ក្នុងសម័យទំនើប នេះសោះ។

យ៉ាងណាមិញ បន្ទាប់ពីត្រូវបានក្រុម អ្នកបុរាណវិទូ រកឃើញ សាកសពរបស់ព្រះនាង Ukok ត្រូវបានគេយកទៅ វិទ្យាស្ថានវិទ្យាសាស្រ្តជាតិ នៃប្រទេសរុស្ស៊ី អស់រយៈពេល ជិត ២ ទស្សវត្ស បន្ទាប់មក ត្រូវបានគេយកទៅថែរក្សា ទុកនៅក្នុងសារមន្ទីរជាតិ ប៉ុន្តែ មនុស្សចាស់ៗ ដែលរស់នៅលើភ្នំ Altai ចេះតែទទូច ឲ្យនាំយកសាកសព ព្រះនាង Ukok មកកាន់ កន្លែងដើមវិញ ដើម្បីបំបាត់កំហឹងព្រះនាង ធ្វើឲ្យកើត មានគ្រោះធម្មជាតិ មិនចេះឈប់ឈរ។

ដោយសារតែការទទូច របស់អ្នកភូមិ ដែលរស់នៅលើភ្នំ Altai ជាច្រើន ក៏បានធ្វើឲ្យ លោក Akai Kine ដែលជាមេដឹកនាំ ជនជាតិភាគតិច មានគម្រោងថា សាកសព Mummy របស់ព្រះនាង Ukok នឹងត្រូវដាក់ ក្នុងព្រះសុសាន (ផ្នូរ) ដើម ហើយកសាងនិមិត្តរូប របស់ព្រះនាង នៅពីលើ ព្រះសុសាន(ផ្នូរ) តែម្តង។ ក្នុងការដាក់សព ព្រះនាង នៅទីតាំងដើមវិញ នោះគឹត្រូវធ្វើឡើង ឲ្យដូចនឹងប្រពៃណីដើម ដើម្បីរំសាយកំហឹង របស់ព្រះនាង ឲ្យដោះបណ្តាសា គ្រោះធម្មជាតិចេញ៕

ខាងក្រោម គឺជារូបភាព សាកសព Mummy របស់ព្រះនាង Ukok ៖ 

ប្រភព៖ ឌេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]