ភ្នំពេញ ៖ បុរសម្នាក់ស្រវឹង បើករថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ក្នុងល្បឿនជ្រុលលឿន រេចង្កូតទៅ បុកផ្ទប់នឹង បង្គោលភ្លើង បាក់ទ្រេតអស់ មួយដើមទាំងកំរោល នៅចំណុចខាង កើតវិមានឯករាជ្យ ប្រមាណ១០០ម៉ែត្រ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។ ហេតុការណ៍គ្រោះ ថ្នាក់ចរាចរនេះដែរ កើតឡើង កាលពីវេលាម៉ោង ២៣និង៣០នាទី យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមាន ហេតុការណ៍ គេឃើញបុរស វ័យ៤០ឆ្នាំម្នាក់ បើករថយន្ត មួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-0511 បើកបរតាម បណ្តោយផ្លូវ ព្រះនរោត្តម បំណងឆ្ពោះបត់ឡើង ទៅរង្វង់មូល សម្តេចសង្ឃ ជួន ណាត ក្នុងល្បឿនយ៉ាងលឿន ខណៈនោះ ស្រាប់តែរេ ចង្កូតបុកឡើង ឃឿនថ្នល់រួចជ្រុលទៅបុក ផ្ទប់នឹងបង្គោលភ្លើង ១ដើមពេញទំហឹង បណ្តាលឲ្យរថយន្ត និងបង្គោលភ្លើង ត្រូវគាបជាប់គ្នា រងការខូចខាត (រថយន្តរង ការខូចខាត ផ្នែកខាងមុខ យ៉ាងដំណំ រីឯបង្គោលភ្លើង ត្រូវបាក់ទ្រេត) ។

ក្រោយកើតហេតុភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុ និងនាំខ្លួន បុរសជាម្ចាស់ រថយន្តបង្ក ទៅកាន់ប៉ុស្តិ៍ នគរបាលទន្លេបាសាក់ ដើម្បីសួរនាំបន្ថែម ចំណែករថយន្ត សមត្ថកិច្ចមូលដ្ឋាន បានសហការ ជាមួយជំនាញ ស្ទូចយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]