ខេត្តកំពង់ធំ ៖ នារសៀលថ្ងៃទី២០ ធ្នូ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង នៅវត្តគគីរជួរ ក្នុងភូមិ ចំបក់ទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ដោយសារតែ មានអំពើហិង្សាមួយ បានកើតឡើង ដោយភិក្ខុ១អង្គ បានកាប់ ចៅអធិការវត្ត នឹងពូថៅ បណ្ដាលឱ្យ រងរបួសធ្ងន់ ព្រោះតែស្ដីបន្ទោស រឿងបេះដូង១ផ្លែ ។

ទាក់ទិននឹង ហេតុការណ៍ ខាងលើនេះ លោកវរសេនីយ៍ត្រី ពេជ្រ ថាល់ អធិការនគរបាល ស្រុកសន្ទុក បានឱ្យដឹងថា ភិក្ខុនាម អោម សុផល ព្រះជន្ម២៥ឆ្នាំ គង់នៅក្នុងវត្ត ខាងលើ ត្រូវគណៈសង្ឃ និងមន្ទីរធម្មការ និងសាសនាខេត្ត ចាប់ផ្សឹកភ្លាមៗ ក្រោយពីមាន អំពើហិង្សាមួយ បានកើតឡើង លើភិក្ខុនាម ឡាច មិះ ព្រះជន្ម៦២ឆ្នាំ ជាចៅអធិការ បណ្ដាលឱ្យ រងរបួសធ្ងន់ ។ ក្រោយពី ការចាប់ផ្សឹក រួចជនឈ្មោះ អោម  សុផល ត្រូវបានប្រគល់ ទៅសមត្ថកិច្ច ដើម្បីចាត់ការ តាមច្បាប់ ។

ប្រភពព័ត៌មាន ឱ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី២០ ធ្នូ នោះភិក្ខុអោម សុផល បានបេះដូង១ផ្លែ ក្នុងវត្តឆាន់ ហើយក៏ត្រូវ ចៅអធិការ ហាមឃាត់ និងស្ដីបន្ទោស ឱ្យយ៉ាងចាស់ដៃ ។ ពេលនោះ ទំនងជាមាន ទោសៈដល់ក ស្រាប់តែ នៅវេលា ម៉ោង៤ និង១០នាទី រសៀល ថ្ងៃដដែលនោះ ខណៈចៅអធិការ កំពុងសិង ស្រាប់តែភិក្ខុអង្គនេះ យកពូថៅ កាប់ចំថ្ងាស២ ពូថៅ បណ្ដាលឱ្យ រងរបួសធ្ងន់ ។

ក្រោយកើតហេតុ សមត្ថកិច្ច ក៏បានឃាត់ខ្លួន ភិក្ខុអោម សុផល រួចធ្វើការផ្សឹក និងកសាង សំណុំរឿង ដើម្បីចាត់ការ តាមនីតិវិធី ។ ជុំវិញករណី ខាងលើ ធ្វើឱ្យមហាជន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយម្នាក់ៗ ហួសចិត្តថា គ្រាន់តែដូង មួយផ្លែសោះ ហេតុអីចាំបាច់ ស្ដីបន្ទោស និងកើតទោសៈ រហូតកាប់គ្នា ធ្វើដូចជាមនុស្ស ពាលដូច្នេះ ទៅវិញ ៕


ចៅអធិការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]