ខេត្តបាត់ដំបង ៖ សំណុំរឿង «អេដស៍» ដែលផ្ទុះឡើងនៅក្នុង ឃុំរកា ស្រុកសង្កែ ដែលជំពាក់វាក់វិន ជាមួយគ្រូពេទ្យឯកជនម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើល ទូទាំងប្រទេសកម្ពុជានោះ ទីបំផុតនគរបាល នៃស្នងការដ្ឋានខេត្ត បានបញ្ជូនខ្លួន គ្រូពេទ្យឯកជនរូបនេះ ទៅសាលាដំបូងហើយ កាលពីវេលា ម៉ោង២រសៀល ថ្ងៃទី២១ ធ្នូ បន្ទាប់ពីសួរនាំ អស់រយៈពេលជាច្រើនថ្ងៃ នៅស្នងការដ្ឋាន នគរបាលខេត្ត ។

លោក ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត បានឱ្យដឹងថា លោកស្នងការខេត្ត និងតំណាងអយ្យការ អមសាលាដំបូងខេត្ត បានសម្រេចបញ្ជា ឱ្យកម្លាំងជំនាញ បញ្ជូនខ្លួនគ្រូពេទ្យឯកជន ឈ្មោះ យ៉ែម ជ្រិន អាយុ៥៥ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ និងវត្ថុតាងនានា ដែលជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងនេះ ទៅកាន់តុលាការ នៅរសៀលថ្ងៃទី២១ ធ្នូ ហើយ បន្ទាប់ពីបានសួរនាំ អស់រយៈពេលជាច្រើនថ្ងៃ នៅស្នងការដ្ឋាន នគរបាលខេត្ត ។ លោកស្នងការរង បានបញ្ជាក់ថា គ្រូពេទ្យឯកជនរូបនេះ ត្រូវបានសួរនាំ យ៉ាងលម្អិត ជាមួយនឹង វត្ថុតាងជាច្រើន ដែលសមត្ថកិច្ច និងក្រុមមន្ត្រីសុខាភិបាល រកឃើញបន្សល់ទុក នៅក្នុងផ្ទះរបស់គាត់ ។

សូមបញ្ជាក់ថា គ្រួពេទ្យឯកជនឈ្មោះ យ៉ែម ជ្រិន អាយុ៥៥ឆ្នាំនេះ ត្រូវកម្លាំងសមត្ថកិច្ច នាំខ្លួនមកសួរនាំ នៅស្នងការដ្ឋាន នគរបាលខេត្ត កាលពីវេលា ម៉ោង៤ល្ងាច ថ្ងៃទី១៧ ធ្នូ បន្ទាប់ពីគ្រូពេទ្យ គ្មានក្របខ័ណ្ឌរូបនេះ ព្យាយាមរត់ចេញពីផ្ទះ ជាច្រើនថ្ងៃ ពេលមានប្រតិកម្ម ចោទប្រកាន់ ពីប្រជាពលរដ្ឋ ។ ដំបូង គ្រូពេទ្យ យ៉ែម ជ្រិន ត្រូវប្រជាពលរដ្ឋក្នុង ឃុំរកា ចាត់ទុកថាជា «គ្រូពេទ្យទេវតា ប្រចាំភូមិ» ប៉ុន្តែបន្ទាប់ពីមាន ផ្ទុះមេរោគអេដស៍ ឆ្លងដល់មនុស្ស ពាសពេញភូមិ លោកគ្រូពេទ្យ ទេវតារូបនេះ រងការចោទប្រកាន់ ពីអ្នកភូមិថា «ជាអ្នកចម្លង មេរោគអេដស៍ ដល់ប្រជាពលរដ្ឋ នៅក្នុងភូមិ តាមរយៈការប្រើប្រាស់ ម្ជុលចាក់ថ្នាំរួមគ្នា ឬប្រើប្រាស់ខ្សែសេរ៉ូម ដាក់អ្នកជំងឺ បន្តពីមួយទៅមួយ ដោយមិនផ្លាស់ប្ដូរ ខ្សែសេរ៉ូមថ្មី» ធ្វើឱ្យគ្រូពេទ្យរូបនេះភ័យ រត់ចោលស្រុកតែម្ដង ។

បន្ទាប់ពីផ្ទុះប្រតិកម្ម កាន់តែខ្លាំងពីអ្នក ផ្ទុកមេរោគអេដស៍ ដែលចោទត្រង់ៗ ទៅលើគ្រូពេទ្យឈ្មោះ យ៉ែម ជ្រិន ថាជាអ្នកចម្លង មេរោគអេដស៍ នៅព្រឹកថ្ងៃទី១៨ ធ្នូ សមត្ថកិច្ច និងមន្ត្រីសុខាភិបាល ដែលដឹកនាំដោយលោក នួន សាន ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោកឧត្តមសេនីយត្រី ស ថេត ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ទិត្យ ប៊ុណ្ណា អនុប្រធាននាយកដ្ឋាន បច្ចេកទេសវិទ្យាសាស្ត្រ នៃក្រសួងមហាផ្ទៃ ដោយមានការ ចូលរួមពីអង្គការ «CPU» ជាដៃគូផង បានចុះទៅឆែកឆេរ ផ្ទះលោកគ្រូពេទ្យ យ៉ែម ជ្រិន ដើម្បីស្វែងរកវត្ថុតាងនានា ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធ នឹងការចម្លងមេរោគអេដស៍ ដល់ប្រជាពលរដ្ឋ ។ វត្ថុតាងដែលកម្លាំងជំនាញ ឆែកឆេររកឃើញរួមមាន ៖ សុីរ៉ាំងចាក់ថ្នាំ ខ្សែសេរ៉ូម ថ្នាំពេទ្យ និងសម្ភារពេទ្យ ជាច្រើនទៀត ដែលសម្ភារពេទ្យទាំងនោះ មានមួយចំនួន ប្រើប្រាស់រួចហើយ ប៉ុន្តែវត្ថុតាងមួយចំនួន ត្រូវសមត្ថកិច្ចរកឃើញ សេសសល់នៅក្នុង គំនរផេះ ដែលកូនប្រសារ បស់គ្រូពេទ្យរូបនេះ ប្រមូលយកទៅដុត បំផ្លាញចោល មុនពេលសមត្ថកិច្ច ចុះឆែកឆេរមួយថ្ងៃ និងចំពេលអ្នកភូមិ ដែលមានផ្ទុក មេរោគអេដស៍ កំពុងប្រតិកម្ម ចោទគ្រូពេទ្យនេះ កាន់តែខ្លាំងនោះ ។

ជុំវិញការរកឃើញវត្ថុតាង និងចម្លើយសារភាព របស់លោកគ្រូពេទ្យឯកជន ឈ្មោះ យ៉ែម ជ្រិន រួចមក លោក កុយ ហ៊ាង ប្រធានការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាលខេត្ត ដែលទទួលចាត់ការ លើសំណុំរឿងនេះ បានឱ្យដឹងថា បើយោងលើវត្ថុតាង ដែលរកឃើញ និងការឆ្លើយបំភ្លឺ របស់ជនសង្ស័យ គឺលទ្ធផលស្ទើរ៩០% ត្រូវគេសង្ស័យថា គ្រូពេទ្យឯកជនរូបនេះ ជាប់ពាក់ព័ន្ធនឹងរឿង ចម្លងមេរោគអេដស៍ ។ លោកបញ្ជាក់ថា រាល់ចម្លើយ របស់គ្រូពេទ្យ គឺស៊ីសង្វាក់គ្នា នឹងចម្លើយប្រតិកម្ម របស់អ្នកភូមិ ដែលឆ្លងមេរោគអេដស៍ ។ រីឯវត្ថុតាង ដែលរកឃើញ ក៏ស៊ីសង្វាក់គ្នា ជាមួយចម្លើយសារភាព របស់គ្រូពេទ្យដែរ ។ លោកថា នេះគ្រាន់តែជា ការសន្និដ្ឋានបឋម ដោយផ្អែកលើវត្ថុតាង ដែលរកឃើញ និងចម្លើយបំភ្លឺ របស់ជនសង្ស័យ តែប៉ុណ្ណោះ ។ រីឯការសន្និដ្ឋាន និងការពិនិត្យឃើញ ភស្ដុតាងថាមានលក្ខណៈ ជាក់លាក់បែបណានោះ គឺអាស្រ័យលើ មន្ត្រីជំនាញ របស់សុខាភិបាល ដែលនាំយក វត្ថុតាងមួយចំនួន ទៅពិសោធន៍បន្ត នៅរាជធានីភ្នំពេញ ។

ទោះជាយ៉ាងណា គេមិនទាន់ដឹងថា ក្រោយពីបញ្ចប់ការសាកសួរ តើលោកគ្រូពេទ្យឯកជន យ៉ែម ជ្រិន ត្រូវសាលាដំបូង សម្រេចចេញដីកា ឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ឬបែបណាទេ ។ ដោយឡែក មន្ត្រីសុខាភិបាលខេត្ត បានឱ្យដឹងនៅព្រឹក ថ្ងៃទី២១ ធ្នូ ថា ចំនួនអ្នកភូមិ ដែលទៅធ្វើតេស្ដឈាម នៅមណ្ឌលសុខភាព ឃុំរកា ស្រុកសង្កែ បានថយចុះខ្លះហើយ ខណៈប្រព័ន្ធ ផ្សព្វផ្សាយនានា បានដកស្រង់សម្តី មន្ត្រីធ្វើតេស្ដឈាម នៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ ដែលអះអាងថា ចំនួនអ្នកឆ្លង មេរោគអេដស៍ នៅឃុំរកា ស្រុកសង្កែ បានកើនឡើងរហូត ដល់១៤០នាក់ ។ លោកគ្រូពេទ្យ យ៉ែម ជ្រិន មិនត្រូវបាន សមត្ថកិច្ចដាក់ខ្នោះទេ ពេលបណ្ដើរ ចូលរថយន្ត បញ្ជូនទៅសាលាដំបូង ប៉ុន្តែបានហែហម ដោយរថយន្តសមត្ថកិច្ច និងមេធាវីផង ។

ការសាកសួរចម្លើយ នៅសាលាដំបូង ថ្ងៃទី២១ ធ្នូ មិនទាន់បានបញ្ចប់ទេ គ្រូពេទ្យរូបនេះ ត្រូវបាននាំមកផ្ញើទុក នៅស្នងការដ្ឋាន មួយយប់សិន រង់ចាំថ្ងៃទី២២ ធ្នូ បញ្ជូនមកសួរបង្ហើយ ៕


ពាក់មួកពណ៌ស គឺលោកគ្រូពេទ្យឯកជន យ៉ែម ជ្រិន


ការពិនិត្យវត្ថុតាង ដែលប្រមូលបាន


សមត្ថកិច្ចបញ្ជូន លោកគ្រូពេទ្យឯកជន យ៉ែម ជ្រិន ទៅតុលាការ


សមត្ថកិិច្ចបញ្ជូនវត្ថុតាង ទៅតុលាការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]