រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្ស២នាក់ស្លាប់ ខណៈជិះម៉ូតូ ចេញពីធ្វើការសំណង់ នៅឃុំព្រៃស និង៣នាក់ទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកជាមួយម៉ូតូ យ៉ាងពេញទំហឹង កាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាច ថ្ងៃទី២១ ធ្នូ ២០១៤ នេះ ស្ថិតនៅចំណុច ផ្លូវជាតិលេខ៣ ទល់មុខ «ង៧០» ក្នុងភូមិព្រៃព្រីង ខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះ២នាក់ដែលស្លាប់ ត្រូវបានស្គាល់១-ឈ្មោះ អ៊ុក អាត អាយុ៣២ឆ្នាំ ជាកម្មករសំណង់ និងម្នាក់ទៀតឈ្មោះ ពិល ធី អាយុ៣១ឆ្នាំ ជាកម្មករសំណង់ដែរ ទាំង២នាក់ស្នាក់នៅ ភូមិពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ជិះម៉ូតូម៉ាក សង់២០១១ ពាក់ស្លាកលេខ កោះកុង 1A 4017 ។ ចំណែកភាគីម្ខាងទៀត ជិះម៉ូតូម៉ាក សង់២០០៨ ពាក់ស្លាកលេខ តាកែវ 1B-4641 មិនត្រូវបានស្គាល់ អត្តសញ្ញាណទេ ព្រោះត្រូវបាន រថយន្តសាមុយ ដឹកជនរងគ្រោះ៣នាក់ យកទៅសង្គ្រោះបន្ទាន់ ។

ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញម៉ូតូសង់២០០៨ ជិះគ្នា២នាក់ ពីទិសខាងត្បូងទៅជើង ចំណែកឯម៉ូតូម្ខាងទៀត ជិះពីជើងទៅត្បូង ក្នុងទិសដៅបញ្ច្រាសគ្នា លុះមកដល់ ចំណុចកើតហេតុ ម៉ូតូសង់២០០៨ បានវ៉ាជាមួយ រថយន្តមួយគ្រឿង និងគេចពីម៉ូតូ មួយគ្រឿងទៀត ក៏ជ្រុលទៅបុក ម៉ូតូសង់២០១១តែម្តង ។ ក្រោយពេលកើតហេតុ សពជនរងគ្រោះ ទាំង២នាក់ត្រូវបាន ក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]