រាជធានីភ្នំពេញ ៖ ដើម្បីលើកកំពស់ សោភ័ណភាពរាជធានីភ្នំពេញ សំដៅរក្សាបាននូវ កេរដំណែលវប្បធម៌ជាតិ សាលារាជធានីភ្នំពេញ នឹងរៀបចំពិធីបញ្ចុះ បឋមសិលាសាងសង់ រូបព្រហ្មបាយ័ន ស្ថិតនៅរង្វង់មូល ជ្រោយចង្វារ ត្រើយខាងកើត នៅថ្ងៃទី២១ ធ្នូ ២០១៤ នេះ។

ក-អត្ថន័យ និងខ្លឹមសារ
ព្រហ្មបាយ័ន ឬព្រហ្មមុខ៤ តំណាងឱ្យព្រះភ័ក្ត្រ របស់ព្រះលោកេស្វរៈ ជាព្រះពោធិ៍សត្វ នៃពុទ្ឋសាសនាមហាយាន ដែលមានមហាករុណា ចំពោះមនុស្សលោក គ្រប់ទិសទាំង៤។ ព្រហ្មបាយ័ន មានព្រះភ័ក្ត្រញញឹម បែរសម្លឹងមើល កូនចៅខ្មែរ គ្រប់ទិសទី ប្រកបដោយ ព្រហ្មវិហារធម៌៤ គឺ មេត្តា ករុណា មុទិតា ឧបេក្ខា។ ព្រហ្មវិហារធម៌ទាំង៤នេះ គឺជាមូលដ្ឋានសំខាន់ សម្រាប់ស្ថាបនា នូវសុខសន្តិភាព និងវប្បធម៌អហិង្សា។

ខ-គំរោងលំអិតរូបព្រហ្មបាយ័ន
-រូបព្រហ្មបាយ័ន ស្ថិតចំផ្ចឹតរង្វង់
-រូបព្រហ្មបាយ័ន សាងសង់ដោយយក លំនាំទម្រង់ដើម ពីរូបព្រហ្ម ប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប។
-ចម្លាក់ធ្វើអំពីថ្មភ្នំ នៅខេត្តព្រះវិហារ ដោយឆ្លាក់ជាផ្ទាំងដុំ បន្តុបលើគ្នា ផ្គុំបានជារូបព្រហ្ម។
-មានកំពស់ ៩.១៨ម៉ែត្រ ទទឹង៥.៤០ម៉ែត្រ។

គ-អំពីបង្កាន់ដៃនាគ
-តាមផ្លូវជណ្តើរ ចូលទៅរូបព្រហ្មបាយ័ន មានបង្កាន់ដៃនាគ ចំនួន៦
-កំពស់ក្បាលនាគ ២.៥ម៉ែត្រ ទទឹង ១.៥ម៉ែត្រ និងដងខ្លួន ប្រវែង១៦ម៉ែត្រ។

ឃ-អំពីគំរោងសួនច្បារ
-ទំហំសួនច្បារអង្កត់ផ្ចិត ១១១ម៉ែត្រ
-សួនច្បារមានកំពស់៣ថ្នាក់ ដែលមានអង្កត់ផ្ចិត ១១០ម៉ែត្រ ៩៥ម៉ែត្រ និង៧៣ម៉ែត្រ។
-ដាំដើមត្នោតចំនួន ១៨ដើម គម្លាត ១៥.៧ម៉ែត្រ ស្ថិតនៅកំពស់ថ្នាក់ទី២
-ដាំផ្កា និងស្មៅលំអជុំវិញសួនច្បារ
-ដំឡើងបង្គោលភ្លើងបំភ្លឺសួន ភ្លើងហ្វាលំអរូបព្រហ្មបាយ័ន និងលំអគល់ត្នោត៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]