ពិភពលោក៖ រថភ្លើង ដែលមាន ល្បឿនលឿន រាប់សិបប្រភេទ ត្រូវបាន ផលិតឡើង និង ប្រើប្រាស់ នៅក្នុងប្រទេស រីកចំរើនជាច្រើន ដោយសារតែរថភ្លើងប្រភេទទាំងនេះ អាចសម្រួលទៅដល់ ការធ្វើដំណើរបានលឿន និង រហ័ស ព្រមទាំងមានផាសុកភាព ទៀតផង។ សំរាប់ថ្ងៃនេះ ខ្មែរឡូត សូមនាំប្រិយមិត្ត មកស្គាល់ រថភ្លើង ចំនួន ១០ ដែលមានល្បឿន លឿនជាងគេបំផុត នៅលើពិភពលោក។

១. រថភ្លើង ល្បឿនលឿន នៅ សៀងហៃ ៖


រថភ្លើង សៀងហៃ Maglev ជារថភ្លើង លឿនបំផុត លើលោក ដែលដើរ ដោយអគ្គិសនី ស្ថិតនៅលំដាប់ កំពូលក្នុងចំណោម រថភ្លើង លឿនបំផុតដទៃទៀត។ រថភ្លើងនេះ មានល្បឿន អតិបរមា រហូតដល់ទៅ ៤៣០ គីឡូម៉ែត្រ ក្នុងមួយម៉ោង និង មានល្បឿន រត់ជាមធ្យម ២៥១ គីឡូម៉ែត្រ ក្នុង មួយម៉ោង។ រថភ្លើងនេះ ត្រូវបានបើក ដំណើរការ ជាលើកដំបូង នៅឆ្នាំ ២០០៤ រត់ចំងាយផ្លូវជាង ៣០គ.ម ពីស្ថានីយ៍ផ្លូវ Longyang ទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ សៀងហៃ Pudong ។

២. រថភ្លើង Harmony CRH 380A ៖ 


រថភ្លើង Harmony CRH 380A ជារថភ្លើង លឿនបំផុត ទីពីរ លើលោក ដែលមានល្បឿន អតិបរមា ៣៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ រថភ្លើងនេះ ដើរដោយ កម្លាំងអគ្គិសនី ដូចជារថភ្លើង សៀងហៃដែរ។ ចាប់ផ្តើមដំណើរការ ដឹកអ្នកដំណើរ នៅខែ តុលា ឆ្នាំ ២០១០ ពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុង សៀងហៃ ប្រទេសចិន។

៣.រថភ្លើង AGV Italo ៖


រថភ្លើងនេះ ជារថភ្លើង ដំបូងគេ ក្នុងស៊េរីរថភ្លើង AGV ដែលបាន ដាក់ឲ្យ ដំណើរការ ក្នុងខែ មេសា ឆ្នាំ ២០១២ ដែលមានល្បឿន អតិបរមា ៣៦០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ រថភ្លើងនេះ ត្រូវបានគេចាត់ទុកថា ជារថភ្លើង ទំនើបជាងគេ នៅទ្វីបអឺរ៉ុប ដែលអាចរត់ ជាទៀងទាត់ ក្នុងប្រទេសអ៊ីតាលី ពីទីក្រុង Napoli ទៅ Roma និង Milano Corridor ។

៤.រថភ្លើង Velaro E ៖


រថភ្លើងនេះ គឺជា ប្រភេទ រថភ្លើង ល្បឿនលឿនមួយ ក្នុងពិភពលោក ផងដែរ ដែលមានល្បឿនរត់ ៣៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង និង ត្រូវបាន ដាក់ឲ្យដំណើរការ ក្នុងខែ មិថុនា ឆ្នាំ ២០០៧ នៅក្នុងប្រទេសអេស្ប៉ាញ លើផ្លូវរត់ ពីទីក្រុង Barcelona ទៅកាន់ទីក្រុង Madrid ។

៥.រថភ្លើង Talgo 350 ៖


រថភ្លើងនេះ អាចរត់ក្នុងល្បឿន អតិបរមា ៣៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលរថភ្លើងនេះ បានបើកឲ្យប្រើប្រាស់ កាលពីឆ្នាំ ២០០៥ លើខ្សែផ្លូវពី ទីក្រុង Madrid ទៅទីក្រុង Barcelona ក្នុងប្រទេសអេស្ប៉ាញ ។

៦. រថភ្លើង ES Series Shinkansen Hayabusa ៖


រថភ្លើងនេះ បានដឹកជញ្ជូន ភ្ញៀវតាំងពីឆ្នាំ ២០១១ នៅក្នុង ប្រទេសជប៉ុន ដែលអាចរត់បាន ក្នុងល្បឿន អតិបរមា ៣២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលធ្វើដំណើរលើខ្សែផ្លូវ រថភ្លើងល្បឿនលឿន Tohosk Shinukansen ភ្ជាប់ពីទីក្រុង តូក្យូ ទៅកាន់តំបន់ Aomori ។ រថភ្លើងនេះ មានប្រព័ន្ធគ្រប់គ្រង សំលេងបានល្អ ដោយកាត់បន្ថយសំលេង លឺខ្លាំង របស់ រថភ្លើង និង កំរិតរង្គើ របស់រថភ្លើង ទៀតផង។

៧. រថភ្លើង Alstom Euroduplex ៖


រថភ្លើងនេះ បានត្រូវដាក់ ឲ្យដំណើរការ តាំងពីខែ ធ្នូ ឆ្នាំ ២០១១ ដែលជារថភ្លើង ល្បឿនលឿន មួយ រត់នៅ ក្នុងប្រទេសមួយចំនួន ក្នុងសហព័ន្ធអឺរ៉ុប ក្នុងល្បឿន អតិបរមា ៣២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលវា អាចផ្ទុក អ្នកដំណើរបាន ១,០២០ នាក់ រត់លើខ្សែផ្លូវរថភ្លើង ពី ប្រទេសបារាំង អាល្លឺម៉ង់ ស្វីស និង លុចហ្សំបួរ។

៨. រថភ្លើង TGV Duplex ៖


រថភ្លើងនេះ ជារថភ្លើងប្រភេទ ល្បឿនដ៏លឿនមួយ ដែលអាចមាន ល្បឿនអតិបរមា ៣០០ ទៅ ៣២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលមានកន្លែង អង្គុយ សំរាប់អ្នកដំណើរ ៥១២នាក់ ។ រថភ្លើងនេះ មានផ្លូវរត់ រវាង ទីក្រុង ប៉ារីស និង ទីក្រុង Marseille ។ ថី្មៗនេះ នៅប្រទេសបារាំង មាន រថភ្លើង ប្រភេទ TGV ជាង ៤៥០ គ្រឿង បានបើកឲ្យដំណើរ ជាច្រើនគោលដៅ ។

៩. រថភ្លើង ETR 500 Frecciarossa ៖


រថភ្លើងនេះ បានដាក់ ឲ្យដំណើរការ កាលពីឆ្នាំ ២០០៨ ដែលរថភ្លើង មានល្បឿនដ៏លឿន ជាអតិបរមា ៣៦០គីឡូម៉ែត្រក្នុងមួយម៉ោង និង ល្បឿនរត់ជាទូទៅ ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ សំរាប់រថភ្លើងនេះ រត់លើខ្សែផ្លូវដែក ពីទីក្រុង រ៉ូម ទៅកាន់ ទីក្រុង Milan ប្រទេសអ៊ីតាលី ។ រថភ្លើងនេះ ថែមទាំងមាន ប្រព័ន្ធគ្រប់គ្រង សីតុណ្ណភាព សំលេង និង កន្លែងអង្គុយ ដ៏មានផាសុកភាព ផងដែរ។

១០.រថភ្លើង THSR 700T ៖
រថភ្លើងនេះ ស្ថិតក្នុងចំណោមរថភ្លើង ដ៏មានល្បឿនលឿនក្នុងលោក ដែលរត់លើផ្លូវ ពី Taipei និង Kaohsiung លើកោះតៃវ៉ាន់ ។ រថភ្លើងល្បឿនលឿននេះ បានដាក់ដំណើរ លើកោះតៃវ៉ាន់ ក្នុងខែមករា ឆ្នាំ ២០០៧ ។ រថភ្លើងនេះ អាចរត់ ក្នុងល្បឿន ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយធ្វើដំណើរ រវាង តំបន់ទាំងពីរ លើត្រឹមតែ ៩០នាទីប៉ុណ្ណោះ។ ចំពោះរថភ្លើងនេះ យកលំនាំ ពីបច្ចេកវិទ្យា រថភ្លើងល្បឿនលឿន នៅប្រទេសជប៉ុន ៕

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]