ខេត្តកំពត៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងលើកំណាត់ផ្លូវ ជាតិលេខ៣  កំពត -ភ្នំពេញ កាលពីវេលាម៉ោង ៦ និង៤០នាទី ព្រឹកថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវបំបែក ចូលទៅ ការដ្ឋានចាក់ដី មួយកន្លែង ខាងជើងស្ពានព្រះពន្លា ចម្ងាយជាង ១០០ម៉ែត្រ ស្ថិតក្នុងភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ដែលបង្កឡើង ដោយរថយន្តែបនដឹកដី បុកជាមួយម៉ូតូម៉ាក សេ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បណ្តាលឱ្យស្ត្រី២នាក់ម្តាយ និងកូនស្លាប់យ៉ាងអាណោចអាធ័ម ឯ រថយន្តបង្កហេតុ វិញបានបន្ថែម ល្បឿនរត់ គេចចូលតាម ផ្លូវការដ្ឋាន បាត់ស្រមោល ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកសេ១០០កូរ៉េ គ្មានស្លាក លេខ បើកបរដោយស្ត្រីម្នាក់ ឌុបគ្នា ដែលគេអះអាងថាកូនស្រី ជាអ្នកឌុបម្តាយ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកក៏ស្រាប់តែ រថយន្តបែនដឹកដី មកដល់ បត់ចូលការដ្ឋានចាក់ដី ក៏បុកជាម៉ូតូជនរងគ្រោះ បណ្តាលឱ្យដាច់ ម៉ូតូជាច្រើនកំណាត់ ចំណែកឯស្ត្រី២នាក់ដែល ជិះម៉ូតូវិញត្រូវ រថយន្តបុក ហើយកិនពីលើ បណ្តាលឱ្យធ្លាយ ខួរស្លាប់ភ្លាមៗយ៉ាង អាណោចអាធ័មបំផុត ។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះជាម្តាយមានឈ្មោះ ជុំ សាន អាយុ៤២ឆ្នាំ ឯកូនស្រីឈ្មោះ ឆឹង ស្រីមុំ អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ។ ចំណែកឯ សពជនរងគ្រោះ ទាំង២ត្រូវបាន ក្រុមគ្រួសារហៅរថយន្តពេទ្យ ដឹកទៅ តំកល់នៅវត្តព្រៃគុម្ព ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា រថយន្តបង្កហេតុម៉ាក SCANLA មានលេខ១៣E កាប៊ីនពណ៌ឆ្នូត.ស ខាងលើកញ្ចក់មានបិទស្លាក ក្រសួង ការពារជាតិ ត្រូវអ្នកបើកបរ ចតទុកចោល នៅក្នុងការដ្ឋានចាក់ដី រួចរត់គេចខ្លួនបាត់ ។

ក្រោយពីពិនិត្យ និងវាស់វែងរួចរាល់ហើយ សមត្ថកិច្ចបាននាំយករថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះទៅ រក្សាទុកនៅ ការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕


ស្ត្រីរងគ្រោះ២នាក់ម្តាយ-កូនស្លាប់យ៉ាងអាណោចអាធ័ម

ទិដ្ឋភាពកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍

រថយន្តបែនដឹកដីបង្កហេតុ

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]