ចិន៖ ផលិតផលស្បែក របស់ប្រទេសចិន មានដូចជា ស្រោមដៃ ស្បែកជើង និង របស់ផ្សេងទៀត ដែលផលិត ចេញពីស្បែកឆ្កែ ត្រូវបានដាក់លក់ ព្រោងព្រាត ក្នុងចក្រភពអង់គ្លេស ដែលពេលនេះ កំពុងត្រូវបានគេ ធ្វើការហាមឃាត់។

តាមប្រភពព័ត៌មាន ពីការស៊ើបអង្កេត របស់ PETA (People for Ethical Treatment Animals) បានឲ្យដឹងថា រោងចក្រជាច្រើន នៅក្នុង ប្រទេសចិន កំពុងតែសម្លាប់ សត្វឆ្កែយ៉ាងច្រើន សន្ធឹកសន្ធាប់ ដើម្បីយកស្បែក ទៅធ្វើស្រោមដៃ និង របស់ប្រើប្រាស់ ផ្សេងៗទៀត ដើម្បីនាំចេញទៅកាន់ លោកខាងលិច ដែលរោងចក្រ ទាំងនោះ មានទីតាំង ស្ថិតនៅ ភាគខាងជើង ខេត្ត Hebei ប្រទេសចិន។ សត្វឆ្កែខ្លះ ត្រូវបានគេសម្លាប់ រួចទើបបកយកស្បែក ឯខ្លះទៀត ត្រូវបានគេ បកយកស្បែកចេញ ទាំងរស់តែម្តង ដែលមើលទៅ គួរឲ្យរន្ធត់ និង អាណិត សត្វឆ្កែ ទាំងនោះបំផុត។

ទន្ទឹមនឹងនេះ ស្ថាបនិក របស់ PETA លោក Ingrid Newkirk បាននិយាយថា ចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី និង សហរដ្ឋអាមេរិក គឺជាប្រទេស ដែលជៀស មិនផុត ពីការធ្វើពាណិជ្ជកម្ម ផលិតផលស្បែកឆ្កែ របស់ចិននេះទេ។ លោកក៏បាន បន្តទៀតថា ផលិតផល ធ្វើពីស្បែកឆ្កែនេះ កំពុងតែត្រូវបាន ដាក់លក់ ព្រោងព្រាត តាមផ្លូវ ក្នុងចក្រភពអង់គ្លេស ព្រោះតែវា មានតម្លៃថោក និង មើលទៅគឺដូចគ្នា ទៅនឹងផលិតផលស្បែក ដែលមានតម្លៃថ្លៃ មួយចំនួនដូច្នោះដែរ ហើយចំណែកឯ អ្នកទិញ មិនបានដឹងថា វាជាស្បែកឆ្កែនោះទេ។

ជាមួយគ្នានេះដែរ PETA ក៏បានអំពាវនាវ ឲ្យអ្នកដែលចូលចិត្ត ប្រើប្រាស់ របស់ធ្វើពីស្បែក ទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងពិនិត្យឲ្យបានច្បាស់ មុននឹងទិញ ថាវាជាស្បែក សត្វអ្វី ជៀសវាងទិញចំ របស់ធ្វើពីស្បែកឆ្កែ។

យ៉ាងណាមិញ ឆ្លងកាត់ការ ស៊ើបអង្កេត របស់ PETA រយៈពេលមួយឆ្នាំ នៅក្នុងប្រទេសចិន បានបង្ហាញឲ្យឃើញថា មានសត្វឆ្កែ ពី១០០ ទៅ២០០ក្បាល ត្រូវបានគេសម្លាប់ ជារៀងរាល់ថ្ងៃ និងមាន សត្វឆ្កែប្រមាណ ៣០០ក្បាល ត្រូវបានគេត្រៀមទុក សម្រាប់ថ្ងៃស្អែកទៀត។ នៅក្នុងប្រទេសចិន មិនមែនត្រឹមតែសត្វឆ្កែទេ ដែលត្រូវបានគេសម្លាប់ ដើម្បីយកសាច់និងស្បែក សូម្បីតែសត្វព្រៃ និង សត្វកម្រផ្សេងទៀត ក៏ត្រូវបានគេសម្លាប់ ដូចជាខ្លាឃ្មុំ ត្រូវគេសម្លាប់ យកប្រមាត់ ធ្វើឱសថបុរាណ សត្វខ្លា ត្រូវបានសម្លាប់ ដើម្បីយកស្បែក និងឆ្អឹងផងដែរ៕


កម្មករកំពុង ឈរមើលសាកសព សត្វឆ្កែ ខណៈឈាម ហូរដាបពេញឥដ្ឋ


អ្នកធ្វើឆ្កែ កំពុងព្រលះយកស្បែក ម្តងមួយក្បាលៗ


ស្រោមដៃ ធ្វើពីស្បែកសត្វឆ្កែ


ស្បែកឆ្កែ រាប់សិបក្បាល បករួច ត្រូវបានគេ យកមក គរ ទុក


របៀបហាល ស្បែកសត្វឆ្កែ លើបន្ទះដើមឬស្សី


ស្បែកសត្វឆ្កែ ក្រោយពេល ជិតចេញជា ផលិតផលសំរេច ត្រូវបានយកមកហាល


ស្បែកឆ្កែទាំងគនរ ដែលចេញជាផលិតផលសំរេច


ស្រោមដៃ ធ្វើពីស្បែកឆ្កែ

ក្រោយពី ឃើញទិដ្ឋភាព ទាំងនេះហើយ ប្រិយមិត្ត មានមតិយ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]