រាជធានីភ្នំពេញ ៖ និស្សិតម្នាក់ បើកម៉ូតូជូនមិត្តភក្តិ ត្រឡប់ទៅផ្ទះ ត្រូវក្រុមចោរ ប្រដាប់អាវុធមួយក្រុម មានគ្នា៣នាក់ បានមកស្ទាក់ផ្លូវ ភ្ជង់ប្លន់យកម៉ូតូ បានសម្រេច ហើយជិះគេចខ្លួន ទៅជួបប្រទះនឹង កម្លាំងអន្តរាគមន៍ ខណ្ឌសែនសុខ ដែលកំពុងត្រួតពិនិត្យ អាវុធជាតិផ្ទុះ ពេលនោះក្រុមចោរភ័យ ក៏ជិះម៉ូតូគេចខ្លួន ធ្វើឱ្យកម្លាំងសមត្ថកិច្ចសង្ស័យ ក៏បានជិះម៉ូតូដេញតាម យកម៉ូតូរបស់ជនរងគ្រោះ បានមកវិញ តែសង្ស័យ បានប្លោះរបងសាលារៀន គេចខ្លួនបាត់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង២ និង២០នាទីអាធ្រាត្រ ឈានចូលថ្ងៃទី២១ធ្នូ ២០១៤ នៅចំណុចនៅទល់មុខ ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ តាមបណ្តោយផ្លូវណតប្រ៊ីត ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនរងគ្រោះឈ្មោះ លី សុគន្ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី២ ជំនាញព័ត៌មានវិទ្យា ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ព៌ណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1BY-2881 ។

ប្រភពព័ត៌មានពីជនរងគ្រោះ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះ បានបើកម៉ូតូ ហុងដាឌ្រីមសេ១២៥ ព៌ណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1BY-2881 ចេញពីកម្មវិធីជប់លាង នៅច្បារអំពៅ ដោយបើកម៉ូតូ ជូនមិត្តភក្តិ ត្រឡប់ទៅផ្ទះវិញ នៅខណ្ឌសែនសុខ ។ ខណៈពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុ ក៏បានជួបប្រទះ នឹងក្រុមចោរមួយក្រុម មកស្ទាក់ផ្លូវបុរសរងគ្រោះ និង មិត្តភក្តិ ភ្ជង់ប្លន់យកម៉ូតូ ហុងដាឌ្រីមជនរងគ្រោះ បានសម្រេច ហើយជិះគេចខ្លួន តែសំណាងអាក្រក់ ក្រុមចោរជិះម៉ូតូជនរងគ្រោះ ទៅជួបប្រទះនឹង កម្លាំងអន្តរាគមន៍ ខណ្ឌសែនសុខ ដែលដឹកនាំដោយ លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ កំពុងបើកប្រតិបត្តិការ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃើញដូចនេះ ក្រុមចោរភ័យក៏ ជិះម៉ូតូគេចខ្លួន ធ្វើឱ្យកម្លាំងសមត្ថកិច្ចសង្ស័យ ក៏បានជិះម៉ូតូដេញតាម ពីក្រោយក្រុមចោរ យ៉ាងប្រកៀកប្រកិតគ្នា ។ ដោយសារតែក្រុមចោរ ភ័យខ្លាចសមត្ថកិច្ច ជិះម៉ូតូដេញតាមទាន់នោះ ក្រុមចោរបាន បន្ថែមល្បឿនម៉ូតូ បើកគេចខ្លួន ក៏ជ្រុលទៅបុករបង សាលាម៉ាយ៉ាឌីកូ បណ្តាលឱ្យម៉ូតូខូចខាត មួយកំណាត់មុខ ហើយក្រុមចោរ បានរត់ឡើងប្លោះរបង ចូលក្នុងសាលា ម៉ាយ៉ាឌីកូនោះ ដើម្បីគេចខ្លួន ពីសមត្ថកិច្ចកិច្ច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកម៉ូតូជរងគ្រោះ ត្រឡប់មកវិញបាន និងបានធ្វើការឡោមព័ទ្ធ ចាប់ខ្លួនជនសង្ស័យ រហួតមកដល់ វេលាម៉ោង៣ និង៣០នាទីទៀបភ្លឺនេះ មិនទាន់ចាប់បាន ក្រុមចោរនៅឡើយទេ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]