ខេត្តកណ្តាល៖ រឿងរ៉ាវគួរឱ្យជក់ចិត្តដិតដាមក្នុងអារម្មណ៍មួយសម្រាប់អ្នកអាន ក្នុងសប្តាហ៍នេះ គឺការ ទារបណ្ណាការតម្លៃ២.៥០០ដុល្លារវិញ ពីគ្រួសារខាងស្រី បន្ទាប់ពីរៀបការហើយ នាងមិនរួមដំណេកជាមួយ ។ អ្វីដែលត្រូវបានមើល ឃើញថា ជារឿង«ប្រាក់ក៏បង់ថង់ក៏ដាច» ឬអាចថា រឿងត្រីរ៉ស់ក៏រួច ទន្សាយក៏រួច ដោយសារបុរសចំណាស់ ជាកូនកម្លោះពិការជើងម្ខាង បានត្រឹមសុបិនក្រោយថ្ងៃរៀបការ ព្រោះតែ កន្និថាមិនស្ម័គ្រ ជំពាក់ចិត្តជាមួយ ក៏ក្លាយទៅជាការទារ យកបណ្ណាការវិញ ។ រឿងរ៉ាវខកចិត្តនេះក៏ បានផ្ទុះទ្បើងកក្រើកស្រុកកៀនស្វាយ ដោយសារតែការទារ បណ្ណាការក្លាយ ទៅជាការជាប់ចោទ ចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ហើយប៉ូលិសកំពុង កសាងសំណុំរឿង ។

ហេតុការណ៍ដែលឈាន ដល់ការជាប់ចោទនេះ ដោយសារតែបុរស ចំណាស់ចង់ បានប្រពន្ធក្មេង បន្ទាប់ពីបានភ្លើងខៀវពីប្រពន្ធ ដែលមាន ជំងឺមិនអាចកំដរ តណ្ហាប្តីបាន ក៏រកប្រពន្ធថ្មីឱ្យប្តីរៀបការ ។ ផ្ទុយទៅវិញ ការជ្រើសរើស មិនមើលប្រាណមិនត្រឹមតែ«ទ្បុងចុង» ហើយមតិខ្លះ និយាយថា បើគ្រាន់តែកំដរ តណ្ហាខ្វះណាស់ទៅ ឬស្រីវ័យប្រហែលគ្នា ឬស្ត្រីមេម៉ាយដែល ស្ម័គ្រខ្លួននៅក្នុងភូមិ ស្រុកជាមួយវាល្អជាង មិន ខុស ពីពាក្យចាស់លោកពោលថា ជួញជិតជា ជាងជួញឆ្ងាយឡើយ ។ ប៉ុន្តែបែរជាទៅឃើញ នៅឯខេត្តកំពត និងជាក្មេងស្រីវ័យក្រពុំទៀត តើនាងមាន អារម្មណ៍បែបណា ? ពិតណាស់ដែលនាង និយាយត្រង់ៗនារាត្រីដំបូងថា «ខ្ញុំមិនស្រទ្បាញ់ពូឯងទេ» គឺជាវាចា រាត្រីសុបិន ដែលនឹកថាបាន ក្រេបទឹកឃ្មុំ បែរក្លាយ ទៅជាទឹកខ្មេះទៅវិញ ។

ជួបជាមួយស្ត្រីឈ្មោះ កែម ផួន ជាប្រពន្ធដើមដែល ស្ម័គ្រចិត្តរកប្រពន្ធថ្មី ឱ្យប្តីមួយទៀត ព្រោះតែខ្លួន ឯងមានជំងឺ បានឱ្យកោះសន្តិភាព ដឹងថា គាត់ មាន រោគស្ត្រីរយៈពេល ជាង១ឆ្នាំហើយ មិនដែលបាន ដេកជាមួយប្តីទេ ។ ដោយសារអាណិតអាសូរប្តី គាត់បាននិយាយ ប្រាប់ប្តី ថា បើឯងមើល ឃើញ ស្រីណាល្អ ចរិតមាយាទចេះ ស្រទ្បាញ់ប្រពន្ធកូន ក្រុមគ្រួសារ ខ្ញុំសុខចិត្តចូលស្តីដណ្តឹង រៀបការតាម ប្រពៃណី ឱ្យតែគេ ស្រទ្បាញ់ខ្លួនឯង ដោយស្មោះ ។ អ្នកស្រីនិយាយថា មិនទាន់បាន ប៉ុន្មានថ្ងៃផង មានបុរសម្នាក់ឈ្មោះ រៀប រស់ នៅភូមិជាមួយគ្នា ធ្វើការ រោងចក្រនៅភ្នំពេញ បាន ទូរស័ព្ទប្រាប់ប្តីគាត់ថា មានស្ត្រីវ័យក្មេងម្នាក់ អាយុប្រហែល២០ឆ្នាំ ធ្វើការងាររោងចក្រដែរ ខណៈពេលនោះគាត់ និងប្តី ក៏ជិះម៉ូតូឌុបគ្នាទៅ មើលនារី នោះ ដល់ផ្ទះជួលនៅទួលសង្កែ ព្រមទាំងជួប ជាមួយបងប្អូននារីនោះដែរ ។ ហើយខាងស្រីនោះ៧នាក់ ក៏បានមកមើលផ្ទះគាត់វិញ ពេលគេត្រទ្បប់ ទៅវិញបាន២ថ្ងៃ គេឆ្លើយថា ព្រមលើកកូនឱ្យប្តីខ្ញុំហើយ ។

អ្នកស្រីបន្តទៀតថា ថ្ងៃចូលដណ្តឹងរៀបការគាត់ទៅទាំងម៉ែឪ យាយតា បងប្អូនសាច់ញាតិ ចំណែក ខាងស្រីនោះ ក៏សុទ្ធតែបានដឹងថា គាត់ជាប្រពន្ធ ដើម ។ ធ្វើសំបុត្របញ្ជាក់ ក៏ខ្ញុំទៅសុំមេឃុំធ្វើឱ្យដែរ ដោយខាងស្រីប្រាប់ថា យើងត្រូវរ៉ូវគ្នាអស់ហើយ ពេលធ្វើលិខិតបញ្ជាក់ ដាក់ថាពោះម៉ាយ ទើប ខាងគាត់គេ ចេញច្បាប់ឱ្យការ ។ ស្រាប់តែដល់ ពេលការហើយ បែរជាមិនចុះ ដំណេក ជាមួយប្តីគាត់ ហើយប្តីគាត់ក៏ មិនបង្ខំដែរគ្រាន់ តែ និយាយថា ហេតុអ្វីបានជា មិនដេកជាមួយគាត់ ។ ស្រីរូបនោះឆ្លើយថា អត់ស្រទ្បាញ់ប្តីគាត់ទេ ទើបសួរថា បើអត់ ស្រទ្បាញ់ ម៉េចក៏ព្រមរៀបការជាមួយ ។

ពេលនោះប្តីគាត់ថា ឥទ្បូងខ្ញុំអត់ទាន់បានប៉ះពាល់ខ្លួនប្រាណនាងទេ ដូច្នេះត្រូវសងបណ្ណាការចំនួន ២.៥០០ដុល្លារមកវិញ ។ លោក សុខ ឆាង ដែលជាអតីតយោធា កំបុតជើងត្រឹមជង្គង់ និងជាកូនកម្លោះ បាននិយាយប្រាប់ កោះសន្តិភាពម្សិលមិញ ដោយគាត់សង្ស័យថា ការ បដិសេធរបស់ កូនក្រមុំក្នុង ថ្ងៃផ្សំដំណេកប្រហែល មានអ្នកទី៣មក ជ្រែក ចង់ធ្វើបាបគាត់ ។ គាត់ថា រឿងនេះអយុត្តិធម៌ សម្រាប់គាត់ ដែលប៉ូលិសយុត្តិធម៌ ស្រុក កៀនស្វាយ ចុះមកសួរលម្អិត រឿងតែម្ខាង ហើយពេលហៅគាត់ ទៅសាកសួរនៅ អធិការដ្ឋានស្រុក មិនមាន ពាក្យបណ្តឹងអ្វីសោះ ។ ចំណែកខាង ស្រី គេចខ្លួនបាត់អស់ បែរជាដាក់បន្ទុក មកលើរូបគាត់វិញ គាត់មិនសុខចិត្តទេ ។ គាត់ថា ឥទ្បូវតើអ្នក ណាទទួលខុសត្រូវ បណ្ណាការគាត់ គាត់ត្រូវ ការយក ប្រាក់មកវិញ ដើម្បីចិញ្ចឹមប្រពន្ធកូន ព្រោះគាត់ ជាជនពិការជើង ។

មេឃុំបន្ទាយដែក លោក ឃួន គង់ បានបញ្ជាក់ថា ដំបូងស្ត្រីឈ្មោះ កែម ផួន ត្រូវជាប្រពន្ធដើមឈ្មោះ សុខ ឆាង បានមកសុំលោកធ្វើលិខិត បញ្ជាក់ការប្រពន្ធឱ្យប្តី ហើយគាត់មិន ចង់ធ្វើឱ្យទេ ប៉ុន្តែស្ត្រីនោះ រៀបរាប់ថា ខ្លួនមានរោគស្ត្រីមាន ការអាណិតអាសូរដល់ប្តី បានអង្វរគាត់ ។ ដោយយល់ថា មានការព្រមព្រៀង ឯកភាពគ្នាហើយ ទើបគាត់ធ្វើឱ្យ ។

ដោយទ្បែក លោក ងិន ណិន ជំទប់ទី១ និងលោក ព្រើម ប៊ុនធឿន នាយប៉ុស្តិ៍ រដ្ឋបាលបន្ទាយដែក  ពិតជាបានទទួលស្គាល់ថា ភាគីខាងស្រី រៀបការរួចមិនចុះដំណេក និងពិតជាបាន ព្រមព្រៀងធ្វើ កិច្ចសន្យា សងបណ្ណាការចំនួន២លើកមែន ដោយឱ្យក្រុមគ្រួសារទៅ ស្រុករកប្រាក់ មក សង ដែលលើកទី១ ថ្ងៃទី៦ ធ្នូ មិនឃើញមក លើកទី២ ថ្ងៃទី១០ ធ្នូ ក៏មិនឃើញមកទៀត ទើបស្ត្រីជាម្តាយនិង កូនស្រីចេញពីផ្ទះគាត់ ទៅនៅផ្ទះអ្នក ភូមិក្បែរ គ្នា ។ លោក ប៉ា សំអិត អធិការនគរបាល ស្រុកកៀនស្វាយ អ្នកយកព័ត៌មាន កោះសន្តិភាព ព្យាយាមជួបសូមការបំភ្លឺ ដែរ តែលោកមិននៅ កន្លែង ទូរស័ព្ទចូលប៉ុន្តែអត់លើក ៕


ព័ត៌មានបន្ថែមរឿងរាត្រីទឹកខ្មេះទារបណ្ណាការវិញ

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]