រាជធានីភ្នំពេញ៖ គណៈកម្មការស្រាវជ្រាវ បទល្មើសឃាតកម្មលើសំណុំរឿង បាញ់សម្លាប់លោកឧកញ៉ា អឹុង ម៉េងជឺ ប្រៀបដូចទឹកស្ងប់តែ ក្នុងទឹកមិនប្រាកដថា គ្មានត្រីនោះទេ ។ កាលពីព្រឹកថ្ងៃទី១៨ ធ្នូ កម្លាំងសមត្ថកិច្ចបាន ចុះទៅឆែកឆេរផ្ទះ ភរិយាទី៣ របស់ឧកញ៉ា ថោង សារ៉ាត់ ដែលបានគេចខ្លួន នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយបានដកហូត ឯកសារមួយចំនួន និងសម្រេចប្លុំបេផ្ទះ នោះជាបណ្ដោះអាសន្ន ។

គណៈកម្មការស្រាវជ្រាវ នេះដឹកនាំដោយលោក អាំង មាលតី ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពី សំណាក់ស្ថាប័ន អយ្យការ និងនគរបាលនាយកដ្ឋាន កណ្ដាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋាននគរបាល បច្ចេកទេស និងវិទ្យាសាស្ត្រ ព្រមទាំងនគរបាល ស្នងការដ្ឋានរាជធានីភ្នំពេញ ។

គណៈកម្មការនេះបាន ឆែកឆេរផ្ទះលេខ៩១៧B (បុរី៩៩៩) ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ ដែលជាផ្ទះ របស់ លោកស្រីឌួង ថាវរី អាយុ៣០ឆ្នាំ ជាភរិយាទី៣របស់ ឧកញ៉ាថោង សារ៉ាត់ ។ ការចុះឆែកឆេរផ្ទះភរិយាទី៣នេះ គឺដើម្បីរកវត្ថុតាង បន្ថែមទៀត សម្រាប់ ដាក់បន្ទុក លើជនត្រូវចោទ ក្នុងអំពើផ្ដើមគំនិត ឃាតកម្មគិតទុកជាមុន លើជនរងគ្រោះឧកញ៉ាអុឹង ម៉េងជឺ ។ តាមប្រភព ព័ត៌មាន ធ្លាយចេញ ពី គណៈកម្មការ ស្រាវជ្រាវបទល្មើស នោះបានឱ្យ ដឹងថា គណៈកម្មការ បានរកឃើញនៅក្នុង ទូដែកលោកស្រីឌួង ថាវរី នូវលិខិតផ្ទេរសិទ្ធិ គ្រប់គ្រង ផ្ទះ និងដីធ្លីពីឈ្មោះថោង សារ៉ាត់ ឱ្យទៅលោកស្រីឌួង ថាវរី ដែលជាភរិយាទី៣ និងបានដកហូតឯកសារ មួយ ចំនួន នោះ ហើយគណៈកម្មការបាន ដកហូតឯកសារ មួយចំនួនទៀត ដើម្បីយកទៅធ្វើការ ត្រួតពិនិត្យនិង ស្រាវជ្រាវបន្ត ។ ក្រោយពីការ ឆែកឆេរនិងបាន ដកហូតឯកសារ មួយចំនួន នោះ ហើយ គណៈកម្មការបាន ប្លុំបេ បិទផ្ទះនេះជា បណ្ដោះអាសន្ន ខណៈម្ចាស់ផ្ទះមិននៅ ។

ជាមួយនេះ គណៈកម្មការដែល មានលោកប្រធាន សាលាដំបូង រាជធានីភ្នំពេញដឹកនាំ បានសម្រេច បើកផ្ទះលេខ៩២៩B (បុរី៩៩៩) ជាផ្ទះ របស់ លោកស្រី ទាវ ធីតា អាយុ៣៤ឆ្នាំ ជាភរិយាទី២ របស់ឧកញ៉ាថោង សារ៉ាត់ ដែលនៅក្បែរគ្នា នឹងផ្ទះលោកស្រីឌួង ថាវរី ជាភរិយា ទី៣ ដែរនោះ ឱ្យបាន ប្រើប្រាស់ឡើងវិញ ។ ក្រុមអ្នកតាមដានជុំវិញ សំណុំរឿងនេះបានកត់សម្គាល់ថា ដំបូងសមត្ថកិច្ច បានបិទផ្ទះភរិយាទី២ ដល់ឥឡូវបើក ផ្ទះភរិយាទី២វិញ ស្រាប់តែបិទផ្ទះ ភរិយាទី៣បន្ត ។ ចំណុចនេះបានធ្វើឱ្យអ្នក តាមដានសំណុំរឿងឃាតកម្ម មួយនេះមាន ចម្ងល់ ថា ហេតុអ្វីបានជា គណៈកម្មការ ប្រញាប់ប្រញាល់ បើកផ្ទះភរិយាទី២ គឺផ្ទះលោកស្រីទាវ ធីតា ឱ្យប្រើប្រាស់ឆាប់ ម៉្លេះបើការសើុប អង្កេតកំពុងតែដំណើរ ការយ៉ាងក្ដៅ គកុកមិនទាន់បាន បិទសំណុំរឿងផងនោះ ?

ប្រភពព័ត៌មាន បានធ្លាយឱ្យដឹងថា លោកស្រីឌួង ថាវរី ជាភរិយាទី៣របស់ឧកញ៉ាថោង សារ៉ាត់ ក៏បាន និងកំពុងគេចខ្លួន ទៅជាមួយឧកញ៉ា ថោង សារ៉ាត់ ជាស្វាមី ដែរនិងមិនទាន់ដឹងច្បាស់ ថាទៅលាក់ខ្លួនដល់ទីណានៅឡើយទេ ៕


កម្លាំងសមត្ថកិច្ចយាមមុខលំនៅឋានឧកញ៉ា ថោង សារ៉ាត់ ពេលមានការឆែកឆេរ


សមត្ថកិច្ចធ្វើការឆែកឆេរផ្ទះឧកញ៉ា ថោង សារ៉ាត់



ផ្ទះប្រពន្ធទី២ឧកញ៉ាថោង សារ៉ាត់ ត្រូវបានប្រគល់ឱ្យចេញចូលវិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]