ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងពីរនាក់ រងរបួសធ្ងន់ ដោយសារជិះ ម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន យកចង្កូតមិនទាន់ ជ្រុលទៅបុក បង្គោលផ្សព្វផ្សាយ ពាណិជ្ជកម្ម កណ្តាល ទ្រូងផ្លូវ កាលពីវេលាម៉ោង ៩និង៤០នាទី យប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅតាម បណ្តោយ ផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

អ្នកឃើញហេតុការណ៍ បាននិយាយថា ជនរងគ្រោះទាំងបីនាក់ ជិះម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AK-3725 អ្នកបើកបរនិង អ្នករួមដំណើរ ពុំត្រូវបានគេ ស្គាល់ឈ្មោះនោះទេ មានអាយុ ប្រហែលជាង២០ឆ្នាំ ក្នុងនោះស្លាប់ម្នាក់ នៅនឹងកន្លែង និង២នាក់ រងរបួសធ្ងន់ ត្រូវបានគេដឹក បញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បី ជួយសង្គ្រោះ ជាបន្ទាន់។

ប្រភពបានបន្តថា យុវជនទាំងបីនាក់នេះ ទំនងជាស្រវឹងស្រា បើកបរក្នុងទិសដៅ ពីកើតទៅលិច លុះដល់ចំណុច កើតហេតុមិនដឹង ជាមានរឿងអ្វី ស្រាប់តែបាន រេចង្កូតជ្រុល ទៅបុកបង្គោលផ្សព្វផ្សាយ ពាណិជ្ជកម្ម ដាក់ចំកណ្តាល នឹងថ្មរបាំងពុះចែក ទ្រូងផ្លូវបណ្តាល ឲ្យដួលម៉ូតូ បោកខ្ទប់ និងបង្គោល ផ្សព្វផ្សាយ ពាណិជ្ជកម្មនោះ ចំណែកអ្នក បើកបរបានផ្លោង ទៅបុកនិងថ្ម របាំងពុះចែកទ្រូង បាកករយះ ក្បាលស្លាប់ភ្លាមៗ និងពីរនាក់ទៀត គ្រាន់តែរងរបួសធ្ងន់ ។

ក្រោយកើតហេតុ នគរបាលមូលដ្ឋាន បានចុះជួយអន្តរាគមន៍ ហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ចំណែកឯសាកសព ត្រូវប្រគល់ទៅឲ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]