ភ្នំពេញ៖ សហគ្រាសផលិតឱសថប៉េប៉េអឹម បានជំរុញការបង្កើតគំនិតច្នៃ ប្រឌិតថ្មីៗ ដើម្បីលើក កម្ពស់វិស័យ សុខាភិបាលនិង ឱសថនៅកម្ពុជា ខណៈដែលខ្លួនប្រកាសអំពីជោគជ័យនៃ ឱសថគីណាល់ ដែលដណ្តើមទីផ្សារ ជាង២០ប្រទេស នៅក្នុងពិភពលោក។ 

សហគ្រាសផលិតឱសថបានធ្វើការប្រកាសដូចនេះ នៅក្នុងថ្ងៃប្រារព្ធធ្វើពិធី អបអរ សាទរ ខួបឈានចូល ៥៥ឆ្នាំនៃឱសថគីណាល់ និងកម្មវិធី ប្រគល់រង្វាន់គីណាល់ចំពោះនិស្សិត ដែលជាប់ជ័យ លាភីខាង សរសេរអត្ថបទស្រាវជ្រាវ បានល្អ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ នៅការិយាល័យ និងរោងចក្ររបស់ខ្លូន នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាព របស់ឯកឧត្ដម សុនគន្ធរ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី ទទួលបន្ទុក សហគ្រាសខ្នាតតូច និង មធ្យម។

  
រូបភាព៖ ឯកឧត្ដម សុន គន្ធរ រដ្ឋមន្ដ្រី ប្រតិភូ អមសម្ដេចនាយករដ្ឋមន្ដ្រី និងជាអនុប្រធាន ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ

លោក ឧកញ៉ា ហៃលីអ៊ាង ប្រធានអគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េអឹម បាននិយាយថា “ខ្ញុំធ្វើការ សង្កត់ធ្ងន់ទៅ លើគំនិតច្នៃប្រឌិតថ្មីៗ (Innovation) ដើម្បីការអភិវឌ្ឍ វិស័យឱសថ វិស័យសុខាភិបាល និងការអភិវឌ្ឍន៍ គ្រប់ផ្នែកសម្រាប់ កម្ពុជានៅពេល អនាគត។ ឱសថគីណាល់ គឺជានិមិត្តរូបនៃ គំនិតច្នៃប្រឌិតដែលបានព្យាបាលការ ឈឺចាប់និង សង្គ្រោះជីវិតមនុស្ស ជាច្រើនលាននាក់នៅ ក្នុងប្រទេសកម្ពុជានិង នៅប្រទេសជាង ២០ទៀតនៅក្នុងពិភពលោក”។

ការប្រារព្ធធ្វើពិធីនេះជាសញ្ញានៃភាព ជោគជ័យរបស់ឱសថគី ណាល់ ដែលជាឱសថ ទីមួយរបស់កម្ពុជា ដែលបាន បម្រើសុខភាពរបស់ ប្រជាជន តាំងពីឆ្នាំ១៩៦០។ ម្យ៉ាងវិញទៀត គីណាល់ ក៏ជាឱសថកម្ពុជា តែមួយគត់ ដែលមានការគាំទ្រ ជាលក្ខណៈអន្តរជាតិ ដោយមានវត្ដមាន នៅក្នុងបណ្ដាប្រទេសជាង ២០នៅក្នុងពិភពលោក។

នៅក្នុងឱកាសនៃការធ្វើប្រារព្ធធ្វើពិធីនេះ សហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម ក៏មានរៀបចំ អញ្ជើញគណៈ អធិបតី និង អស់លោក លោកស្រី ដែលជាម្ចាស់ឱសថស្ថាននានា និង និស្សិតផ្នែកឱសថសាស្ត្រ ឲ្យចូលរួមទស្សនា ដោយផ្ទាល់នូវខ្សែ ចង្វាក់ផលិតកម្ម របស់ប៉េ ប៉េ អឹម ដែលទទួល បានសញ្ញាបត្រ GMP បញ្ជាក់ពីគុណភាពនិងបទដ្ឋានខ្ពស់។

លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកនៃ សហគ្រាស ផលិតឱសថប៉េ ប៉េ អឹម បានមានប្រសាសន៍ថា ៖ ឱសថគីណាល់ ត្រូវបានបង្កើតឡើងដោយលោកឱសថ បណ្ឌិត កុកសុខគីម ជាកុល បុត្រខ្មែរ នៅថ្ងៃទី ១៨ខែធ្នូឆ្នាំ១៩៦០។ អស់រយៈពេល ជាងកន្លះសតវត្សរ៍ កន្លងមកនេះ ឱសថគីណាល់ បានព្យាបាលការឈឺចុកចាប់ និងគ្រុនក្ដៅរបស់មនុស្ស ទាំងចាស់និងក្មេងរាប់ លាននាក់នៅក្នុង ពិភពលោក ជាពិសេសនៅ តាមបណ្ដាប្រទេស កំពុងអភិវឌ្ឍ។ ទោះបីជា មានការអាក់ ខានផលិត និងចែកចាយ ឱសថនេះ ក្នុងរបបខ្មែរក្រហម និងក្នុងសម័យ សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា ក៏ដោយក៏ឱសថគី ណាល់នៅ តែបន្តការ ផលិតនិង ចែកចាយ នៅក្នុងបណ្ដាផ្សេងៗ នៅទ្វីបអាហ្វ្រិក ដែលទទួល បានជោគជ័យ យ៉ាងត្រចះ ត្រចង់ដែរ ពេលដែលពួក លោកភៀស ខ្លួនទៅ ប្រទេសបារាំង។

លោកឱសថបណ្ឌិតបានបន្តថា ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ លើវិស័យ សុខាភិបាល ជាមួយ រាជរដ្ឋាភិបាល លោកបាន សម្រេចចិត្តវិល ត្រឡប់មកមាតុភូមិកំណើតវិញ ដោយពាំនាំ មកជាមួយ នូវ ចំណេះដឹងនិង ជំនាញដែលបាន សិក្សានៅ ប្រទេសបារាំង ដើម្បីចូល រួមក្នុង ការអភិវឌ្ឍប្រទេស ដែលបាន ទទួលរងការ បំផ្លិចបំផ្លាញស្ទើរ គ្មានសល់។ លោកបាន បង្កើតសហគ្រាស ផលិតឱសថ ប៉េប៉េអឹម ក្នុងឆ្នាំ១៩៩៦ ដោយមាន ការសហការ ជាមួយ ស្ថាបនិក ឱសថគីណាល់។ ពេលនោះ ហើយដែលឱសថគីណាល់ ត្រូវបានផលិត និងចែកចាយ ឡើងវិញ និងបាន ក្លាយជាឱសថ ឈានមុខគេក្នុង ទីផ្សារប្រទេសកម្ពុជា។

រហូតមកដល់បច្ចុប្បន្នឱសថគីណាល់មានការរីកចម្រើនដោយបានផលិតចេញជា ៧ប្រភេទ ដែលជា ចែកចេញ ជា ១៥ទម្រង់ផលិតផលផ្សេងគ្នាដែលមានប្រសិទ្ធភាពព្យាបាលទៅ តាមកម្រិត នៃការឈឺ ចុកចាប់ ខុសៗគ្នា ដូចជា KINAL សម្រាប់ការឈឺ ចុកចាប់ធម្មតា;KINAL IBU សម្រាប់ការឈឺ ចុកចាប់ និងហើមខ្លាំង; KINAL CODEINE, KINALVIC និងKINALDOLសម្រាប់ការឈឺ ចុកចាប់ខ្លាំង កម្រិតទី២; KINAL សុលសម្រាប់ក្មេង, KINAFON សម្រាប់បំបាត់ការ ឈឺចុកចាប់ដោយការកន្រ្តាក់ និងចុងក្រោយ KINAL Alcool de Menthe សម្រាប់ប្រើប្រាស់ ពេលមានអាការៈ ឈឺក្បាល ធេងធោង ដូចជាពុល រថយន្ត និង សម្រួលខ្លួន ប្រាណពេលស្ត្រី ឆ្លងទន្លេរួច។

លោកឱសថបណ្ឌិត ហៃ លីអ៊ាង បានបន្តទៀតថា ដើម្បីរួមចំណែកនៅក្នុង វិស័យឱសថ និង វិស័យអប់រំ សហគ្រាសផលិត ឱសថប៉េប៉េអឹមកន្លង មកក៏បានរៀបចំអោយមាន មូលនិធិ គីណាល់ ដូចជាការ ជួយជា អាហារូបត្ថម្ភសម្រាប់ កុមារ និង ផ្ដល់ជាអាហារូបករណ៍ សម្រាប់និស្សិតដែលមាន ការខ្វះខាត ដើម្បីបន្ត ការសិក្សា ការផ្ដល់ឱកាសដល់និស្សិត ចុះកម្មសិក្សា ដើម្បីអោយ និស្សិត យល់ច្បាស់អំពី ខ្សែចង្វាក់ ផលិតកម្មនៃ ឱសថ ហើយជាពិសេស ជាក់ស្ដែងនៅពេល នេះទៀតនោះ យើងបានបង្កើត ឲ្យមានកម្មវិធី ប្រលងប្រជែងស្នាដៃ អត្ថបទស្រាវ ជ្រាវផ្នែក វិទ្យាសាស្ត្រ សុខាភិបាល ដែលយើង ដាក់ឈ្មោះថា ពានរង្វាន់គីណាល់ ដើម្បីលើក ទឹកចិត្តអោយ និស្សិតជំនាន់ ក្រោយខិតខំសរសេរ អត្ថបទស្រាវជ្រាវ ផ្នែកសុខា ភិបាល ឲ្យបានច្រើន ដើម្បីចូលរួមចំណែក ក្នុងការលើក ស្ទួយ វិស័យសុខាភិបាល នៅប្រទេសកម្ពុជា ឲ្យកាន់តែផុសផុល។ លោកមានបន្តទៀត ថាការផ្ដល់រង្វាន់រួមមានជ័យ លាភីលេខ ១ទទួលបាន ទឹក ប្រាក់១០០០ដុល្លា លេខ ២ទទួលបាន ៥០០ដុល្លារនិងលេខ៣បាន ៣០០ដុល្លារ៕

បញ្ចូលអត្ថបទ ដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]