ភ្នំពេញ : សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ បានប្រកាសថា រឿងនៃការឆ្លង មេរោគអេដស៍ លើអ្នកភូមិចំនួន១០៦នាក់ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង សម្តេចនៅ មិនទាន់ជឿនៅឡើយទេ រហូតដល់ ៩៩ភាគរយ ។

នៅចំពោះមុខនិស្សិត ជ័យលាភី នៃសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម ចំការដូង នាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាជារឿងនៅមិន ទាន់ជឿនោះទេ ការដែលប្រជាពលរដ្ឋ ១០៦នាក់ ក្នុងចំណោម ជាង៨០០នាក់ ឆ្លងជំងឺអេដស៍ មានទាំងក្មេង អាយុ២ឆ្នាំ និងចាស់អាយុ ដល់៨០ឆ្នាំ។ សម្តេចក៏បាន អំពាវនាវដល់ ប្រជាពលរដ្ឋនៅ តំបន់នោះ រក្សាភាពស្ងប់ស្ងាត់ ហើយក៏អំពាវនាវ ដល់កងកម្លាំង ប្រដាប់អាវុធទាំងអស់ ត្រូវការពារសុវត្ថិភាព គ្រូពេទ្យភូមិ ដែលប្រជាពលរដ្ឋ ចោទថា ជាអ្នកចម្លង មេរោគអេដស៍ ពីព្រោះបើប្រជា ពលរដ្ឋផ្ទុះហិង្សា ហើយឈានទៅ ការវាយ សម្លាប់ក្រុមគ្រួសារ ក៏ដូចជាគ្រូពេទ្យនោះ ច្បាស់ជាធ្វើឲ្យបាត់ ដានជាក់ជាមិនខាន ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងទៀតថា ឥឡូវនេះ រដ្ឋមន្ត្រីក្រសួង សុខាភិបាល អង្កការសុខភាព ពិភពលោក និង មន្ត្រីបច្ចេកទេសនៅ ប៉ាស្ទ័រ កំពុងទៅកាន់តំបន់នោះ ដើម្បីធ្វើការស្រាវជ្រាវ និងតាមដានសា ជាថ្មីឡើងវិញ ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]