ចិន៖ រឿងរ៉ាវ ដ៏រំជួលចិត្តមួយ ត្រូវបាន គេចែកចាយ ពាសពេញ ប្រព័ន្ធផ្សព្វផ្សាយ របស់ចិន ដោយបង្ហាញពី លោកយាយ អាយុ ៩៣ឆ្នាំម្នាក់ ដែលបាន បែកបាក់ស្វាមី នៅក្នុងអំឡុងពេល សង្គ្រាមចិន-ជប៉ុន បានរកឃើញឈ្មោះ របស់ប្តីគាត់ នៅលើផ្លាកព្រលឹង ក្នុងកន្លែងតម្កល់ធាតុ ក្រោយបែកគ្នា រយៈពេល ៧៧ឆ្នាំ រួចមក។

លោកយាយ Zhang Shuying បានជួបជាមួយប្តី របស់គាត់ ឈ្មោះ Zhong Chongxin ជាទាហានមួយរូប លើកដំបូងនៅក្នុង ពិធីណាត់ជួបមួយ (blind date) នៅពេលដែលគាត់ មានអាយុ ១៤ឆ្នាំ។ ពួកគាត់ទាំង ២នាក់ ក៏ចាប់ផ្តើម ស្រលាញ់គ្នា និងបានរៀបការ ជាមួយគ្នា។ នៅក្នុងឆ្នាំ ១៩៣៧ ដែលពេលនោះ ពួកគាត់ទើបតែរៀបការ បាន២ឆ្នាំ ប៉ុណ្ណោះ កងទ័ពជប៉ុនក៏បាន ឈ្លានពាន ប្រទេសចិន។ ដោយសារតែលោកតា Zhong គឺជាទាហាន គាត់ត្រូវ បំពេញតួនាទី នៅក្នុងទីក្រុងសៀងហៃ។ លោកយាយ Zhang បាននិយាយថា៖ «គាត់បានឱបខ្ញុំពីក្រោយ ហើយនិយាយលា, គាត់បានយំ និងបានសន្យាថា នឹងត្រលប់មករកខ្ញុំវិញ បន្ទាប់មកគាត់ក៏ ចាកចេញទៅ»។ បន្ទាប់មក លោកយាយ Zhang ក៏បានត្រឡប់ទៅកាន់ ទីក្រុង Chongqing ដែលជាស្រុកកំណើត របស់ប្តីគាត់ ដើម្បីរង់ចាំ ប្តីគាត់ត្រលប់មកវិញ។

ជាមួយគ្នានេះដែរ ចាប់តាំងពីលោកតា បានចេញទៅ លោកយាយ បានទទួលទូរស័ព្ទ ពីលោកតា តែម្តងប៉ុណ្ណោះ បន្ទាប់ពីនោះមក ក៏បានដំណឹងសូន្យឈឹង។ លោកយាយបានរង់ចាំ ដណឹងលោកតា រយៈពេល៧ឆ្នាំ ក្រោយមក ក្នុងឆ្នាំ១៩៤៤ គាត់ក៏បានជួប មិត្តទាហានរបស់លោកតា ហើយគេបានប្រាប់គាត់ថា លោកតាស្លាប់បាត់ហើយ។ ក្រោយមក ក្នុងឆ្នាំ ១៩៤៩ លោកយាយក៏បាន រៀបការ ជាមួយបុរសម្នាក់ និង មានកូន៣នាក់ ផងដែរ ជាច្រើនឆ្នាំ កន្លងទៅ លោកយាយកាន់តែ មានវ័យចំណាស់ តែគាត់ នៅតែមិនអាច បំភ្លេចលោកតា Zhong បាន ទើបក្នុងឆ្នាំ ១៩៨៨ គាត់ក៏បានប្រាក់ ការពិតគ្រប់យ៉ាង ទៅកូនៗ របស់គាត់។

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ គឺរឿងរ៉ាវរបស់លោកយាយ និងលោកតា Zhong បានធ្វើឲ្យកូនៗគាត់ រំជួលចិត្តយ៉ាងខ្លាំង ទើបពួកគេព្យាយាម ស្វែងរកកន្លែង ដែលគេតម្កល់គាត់ ដែលទីបំផុតក៏បាន រកឃើញឈ្មោះលោកតា Zhong នៅកន្លែងតម្កល់ធាតុ ក្នុងទីក្រុងតៃប៉ិ។ នៅថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០១៤ លោកយាយ និងក្រុមគ្រួសារ ក៏បានធ្វើដំណើរ ទៅកាន់កន្លែងតម្កល់ធាតុ ក្នុងទីក្រុងតៃប៉ិ ហើយក៏បានឃើញឈ្មោះ លោកតា Zhong នៅទីនោះមែន។

យ៉ាងណាមិញ លោកយាយបានប្រាប់ ទៅអ្នកយកព័ត៌មាន ដែលចងក្រងរឿងគាត់ ជា ឯកសារ ឲ្យដឹងថា ក្នុងមួយជីវិតគាត់នេះ ធ្លាប់យំ តែ ៣ដងប៉ុណ្ណោះ ហើយលើកណា ក៏គាត់យំ ដើម្បីលោកតាដែរ។ គាត់យំលើកដំបូង គឺពេលដែលគាត់ បានដឹងថា លោកតា Zhong បានស្លាប់ នៅក្នុងសមរភូមិ, លើកទី២ គឺ ៧ឆ្នាំក្រោយមក លោកយាយទទួលបាន រូបថតរបស់លោកតា, និងលើកទី៣ គឺនៅពេលដែលគាត់ បានឃើញឈ្មោះលោកតា ត្រូវបានគេឆ្លាក់តម្កល់ នៅក្នុងទីក្រុងតៃប៉ិ៕


លោកយាយ បង្ហាញរូបថត របស់គាត់ និងលោកតា ពេលរៀបការ


លោកយាយនៅតែ នឹករលឹក ដល់លោកតា ជារៀងរាល់ថ្ងៃ


រូបថតដែលលោកយាយ ទទួលបាន ក្រោយពេលដឹងថា លោកតាបានស្លាប់


រូបភាព របស់លោកយាយ ពេលទៅមើល ឈ្មោះលោកតា នៅកន្លែងតម្កល់ លើកដំបូង

ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]