បរទេស៖ សារព័ត៌មាន អង់គ្លេស បានចុះផ្សាយ នៅថ្ងៃនេះ ឲ្យដឹងថា ក្រុមហ៊ុន SONY បានសំរេចចិត្ត លុបចោល នូវគំរោងចាក់បញ្ចាំង ខ្សែភាពយន្តថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «The Interview» ក្រោយពីមានការ គំរាមដ៏ធ្ងន់ធ្ងរ ពីសំណាក់ ពួកភេរវករ រួចមក។

ក្រុមហ៊ុន Sony Pictures Entertainment មានគំរោង ចាក់បញ្ចាំង ភាពយន្ត រឿង The Interview នៅថ្ងៃបុណ្យគ្រឹស្តម៉ាស នាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែ ត្រូវបង្ខំចិត្ត លុបចោលវិញ ក្រោយពីមានការ គំរាម វាយប្រហារភេរវកម្ម យ៉ាងធ្ងន់ធ្ងរ ដូចថ្ងៃ ១១ កញ្ញា (911) នៅសហរដ្ឋអាមេរិក ដូច្នោះដែរ ទៅលើ រោងភាពយន្តណា ដែលហ៊ាន ចាក់បញ្ចាំង។

គួរបញ្ជាក់ដែរថា ភាពយន្ត រឿង The Interview នេះ មានសាច់រឿង ទាក់ទងនឹង ការធ្វើឃាត លើមេដឹកនាំ កំពូល របស់ ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយ SONY បានចំណាយលុយ អស់ចំនួន ៤២ លានដុល្លារអាមេរិក ដើម្បីផលិតរឿងនេះ។ ការសំរេចចិត្ត របស់ SONY បានធ្វើឡើង តែប៉ុន្មាន ម៉ោងប៉ុណ្ណោះ ក្រោយពីរោងភាពយន្ត ធំៗ បំផុត ចំនួន ៥ នៅអាមេរិក ខាងជើង ធ្វើការផ្សាយដំណឹង អំពីការ លុបចោលការបញ្ចាំង របស់ខ្លួន រួចមក។ ក្នុងនោះដែរ អ្នកនាំពាក្យ របស់ SONY បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន Sony Pictures មិនមាន គំរោងណាមួយ ក្នុងការចាក់បញ្ចាំង នៅពេលខាងមុខ នោះទេ។

យ៉ាងណាមិញ បើយោងទៅតាម ការបញ្ជាក់ពីរដ្ឋាភិបាល សហព័ន្ធ កាលពីថ្ងៃពុធ សប្តាហ៍នេះ ក៏បានឲ្យដឹងដែរថា ប្រទេសកូរ៉េខាងជើង ជាអ្នកនៅពីក្រោយ អំពើវាយប្រហារ តាមប្រព័ន្ធអ៊ិនធើណេត (Hack) មកលើក្រុមហ៊ុន Sony Pictures Entertainment នាពេលកន្លងទៅ ដែលធ្វើឲ្យមានការ លេចធ្លាយ ភាពយន្តមួយចំនួន នៅលើអ៊ិនធើណេត៕


រូបភាព: តួអង្គ ក្នុងរឿង The Interview


រូបភាព: មេដឹកនាំកំពូល របស់ កូរ៉េខាងជើង

ខាងក្រោមជា ឃ្លីបខ្លី (Trailer) របស់ រឿង The Interview ៖

ប្រិយមិត្ត យល់យ៉ាងណា ចំពោះបញ្ហានេះ?

ប្រភព៖ Dailymail

ដោយ សី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]