ភ្នំពេញ៖ ក្លឹបបាល់ទាត់ ក្របខណ្ឌ កំពូល របស់កម្ពុជា ភ្នំពេញក្រោន (Phnom Penh Crown) ត្រូវបានគេ ចាត់ទុកថា ជាក្លឹបបាល់ទាត់អាជីព មួយ ដែលជោគជ័យបំផុត ក្នុងប្រទេសកម្ពុជា ដោយក្លឹបនេះ ធ្លាប់គ្រងជើងឯក ក្នុងស្រុក ជាច្រើន ហើយក៏ធ្លាប់ប្រកួត បានយ៉ាងល្អ ក្នុងការប្រកួត លក្ខណៈអន្តរជាតិ ទាំងការ ប្រកួតមិត្តភាព និង ការប្រកួតដណ្តើម ពានរង្វាន់នានា ផងដែរ។

ជាមួយគ្នានោះដែរ ភ្នំពេញក្រោន គឺជាក្លឹប មួយដែលមាន ទស្សនៈវិស័យ វែងឆ្ងាយ ជាក្លឹបសំបូរអ្នកគាំទ្រ និង ចូលរួម ចំណែកយ៉ាង សកម្មក្នុងការ លើកស្ទួយវិស័យ បាល់ទាត់ ចាប់តាំងពី ថ្នាលយុវជន រហូតដល់ កីឡាករឈុតធំ។

ក្រុមកីឡាករក្លឹបបាល់ទាត់ភ្នំពេញក្រោន (រូបថត ហ្វេសប៊ុកផ្លូវការ ក្រោន)

  • ប្រវតិ្តរបស់ក្លឹប

ភ្នំពេញក្រោន បានបង្កើតឡើង ដំបូងបំផុត ក្នុងឆ្នាំ ២០០១ ដែលកាលណោះ មានឈ្មោះហៅថា សាមាត យូណាយធីត (Samart United) គិតមកទល់ពេលនេះ គឺក្លឹប មានអាយុជាង ១៣ ឆ្នាំ មកហើយ។ មុននឹងមានឈ្មោះ ហៅថា ភ្នំពេញក្រោន ដូចដែលយើង លឺសព្វថ្ងៃនេះ ភ្នំពេញក្រោន បានប្តូរឈ្មោះ ជាច្រើនដង ជាបន្តបន្ទាប់ ដែលក្នុងនោះ មានដូចជា សាម៉ាត យូណាយធីត (Samart United), ហេលឡូ យូណាយធីត (Hello United), ភ្នំពេញយូណាយធីត (Phnom Penh United), ភ្នំពេញ អេហ្វស៊ី (Phnom Penh FC), ភ្នំពេញ អឹមផាយអ័រ (Phnom Penh Empire) និង ចុងក្រោយ គឺភ្នំពេញក្រោន (Phnom Penh Crown) នេះតែម្តង។

ចំណែកឯ សមិទ្ធផល របស់ក្លឹបវិញ ភ្នំពេញក្រោន គឺជាក្លឹបអាជីព កម្ពុជា តែមួយគត់ ដែលឈ្នះជើងឯកក្នុងស្រុក បានច្រើនជាងគេ ពោលគឺ ឈ្នះក្រមខណ្ឌកំពូល មិត្តហ្វូន ខេមបូឌាលីក បានចំនួន ៥ដង (២០០២, ២០០៨, ២០១០, ២០១១, ២០១២) និង ជើងឯកពានរង្វាន់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានចំនួន ២ដង (២០០៨, ២០០៩)។ ចំណែកឯការប្រកួត លើឆាកអន្តរជាតិវិញ ក្រោន ធ្លាប់តំណាង ឲ្យកម្ពុជា ទៅប្រកួតដណ្តើម ពានរង្វាន់ AFC President’s Cup នៅតំបន់អាស៊ី បានចំនួន ៤ ដងដែរ (២០០៥, ២០០៩, ២០១១, ២០១២) ដែលក្នុងនោះ មានតែឆ្នាំ ២០១១ ប៉ុណ្ណោះ ដែលភ្នំពេញក្រោន បានឈានទៅដល់ វគ្គផ្តាច់ព្រ័ត្ត តែភ្លាត់ស្នៀតចាញ់ ក្នុងទឹកដី របស់តៃវ៉ាន់ ៣ ទល់នឹង ២ ធ្វើឲ្យក្លឹបទទួលបាន ត្រឹមតំណែង ជាក្រុមលេខ២។

បន្ទាប់ពី សហព័ន្ធ បាល់ទាត់កម្ពុជា មានផែនការ ឲ្យក្លឹបបាល់ទាត់ អាជីពនិមួយៗ បង្កើតកីឡដ្ឋាន ប្រកួតផ្ទាល់ខ្លួន ដើម្បីធ្វើការ ប្រកួតផ្ទាស់ប្តូរទឹកដី (Home/Away) ដូចនៅក្របខណ្ឌ បាល់ទាត់ កំពូល របស់ បណ្តាប្រទេសនានា នៅលើពិភពលោក ក្រោនចាប់ផ្តើម ឈូសឆាយ ដី ដើម្បីរៀបចំ ធ្វើកីឡដ្ឋាន លើកដំបូង របស់ខ្លួន ដែលមានឈ្មោះថា RSN Stadium មានទីតាំង ស្ថិតនៅក្រុមទី១៣ សង្កាត់ទូលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្លង់កីឡដ្ឋានថ្មីក្លឹបបាល់ទាត់ភ្នំពេញក្រោន (រូបថត ហ្វេសប៊ុកផ្លូវការ ក្រោន)


សកម្មភាពឈូសឆាយដីធ្វើកីឡដ្ឋានកាលពីចុងឆ្នាំ ២០១៣ (រូបថត ហ្វេសប៊ុកផ្លូវការ ក្រោន)

  • កីឡដ្ឋាន RSN Stadium

ទាក់ទងទៅនឹង ព័ត៌មាន និង ដំណើរការ នៃការសាងសង់ កីឡដ្ឋាន RSN Stadium នេះដែរ ក្រុមការងារខ្មែរឡូត បានធ្វើការសម្ភាសន៍ ដើម្បីស្វែងរក ព័ត៌មានមួយចំនួន ពី មន្ត្រីព័ត៌មាន របស់ក្លឹប គឺលោក Andy។

ខ្មែរឡូត៖ សួស្តីលោក Andy! តើផែនការសាងសង់កីឡដ្ឋាន RSN Stadium នេះចាប់ផ្តើមដំណើរការ តាំងពីពេលណាមក?

មន្ត្រីព័ត៌មានក្រោន៖ ការចាប់ផ្តើម ឈូសឆាយដី ដំបូងគឺធ្វើឡើងនៅថ្ងៃទី ១០ កញ្ញា ឆ្នាំ ២០១៣ តែយើងត្រូវរង់ចាំ រហូតដល់ ថ្ងៃទី០៥ ខែ មេសា ឆ្នាំ ២០១៤ ទើបបានបើកការដ្ឋាន សាងសង់ ក្រោមអធិបតីភាព ផ្ទាល់ពីលោកប្រធាន ក្លឹបតែម្តង។

ខ្មែរឡូត៖ តើការសាងសង់ កីឡដ្ឋានថ្មីនេះ នឹងត្រូវ បញ្ចប់ នៅពេលណាដែរ?

មន្ត្រីព័ត៌មានក្រោន៖ បើតាមផែនការ គឺអាចនឹង បញ្ចប់នៅចុងខែមករាឆ្នាំ ក្រោយ ឬក៏អាចដល់ដើម ខែ កុម្ភះ។

ខ្មែរឡូត៖ តើកីឡដ្ឋានថ្មីនេះអាចផ្ទុក អ្នកគាំទ្របានប៉ុន្មាននាក់?

មន្ត្រីព័ត៌មានក្រោន៖ ចំពោះទិន្នន័យជាក់លាក់ ដែលអាចផ្ទុកចំនួនអ្នកគាំទ្រ គឺមិនទាន់អាចឆ្លើយបាននៅឡើយ គឺយើងត្រូវរង់ចាំរហូតដល់ ការសាងសង់ជិតនឹងបញ្ចប់ ដោយសារតែយើងធ្វើ កន្លែងអង្គុយមានទាំង ៤ ទិស។ វាអាចផ្ទុកបានរហូត ដល់ខ្ទង់រាប់ពាន់នាក់។

ខ្មែរឡូត៖ តើកីឡដ្ឋានថ្មីនេះ ក្លឹបត្រូវចំណាយការ សាងសង់អស់ប៉ុន្មាន?

មន្ត្រីព័ត៌មានក្រោន៖ ពាក់ព័ន្ធនឹង ព័ត៌មាននេះយើង នឹងផ្សាយជាសាធារណៈ នៅពេលក្រោយ។

ខ្មែរឡូត៖ ក្រៅពីកន្លែងអង្គុយទស្សនា របស់អ្នកគាំទ្រ តើមានអ្វីខ្លះទៀត នៅកីឡដ្ឋាន RSN Stadium?

មន្ត្រីព័ត៌មានក្រោនក្រៅពីកន្លែងអង្គុយ ទស្សនារបស់អ្នកគាំទ្រ យើងមានកន្លែងសំរាប់ប្រតិភូ (VIP area), ការិយាល័យធ្វើការ របស់ក្លឹប, បន្ទប់ផ្លាស់សំលៀកបំពាក់, បន្ទប់ពិនិត្យសុខភាព, កន្លែងហាត់ប្រាណ, បន្ទប់ធ្វើសន្និសិទកាសែត និងអាគារសំខាន់ៗ ជាច្រើនទៀត។

ខ្មែរឡូតសូមអរគុណ! សំរាប់សំនួរចុងក្រោយតើ បច្ចុប្បន្ន ក្នុងឈុតធំ របស់ក្រោន មានកីឡាករ ខ្មែរ និងបរទេស ប៉ុន្មាននាក់ហើយ?

មន្ត្រីព័ត៌មានក្រោន៖ សំរាប់ចំនួនកីឡាករ ក្នុងឈុតធំ នៅពេលនេះគឺមិនទាន់ ជាក់លាក់នៅឡើយ ដោយសារយើង ស្ថិតនៅដំណាក់កាល ដោះដូរ និង ចរចារជាមួយកីឡាករ។ ចម្លើយគឺអាចនឹងផ្តល់បាន នៅការប្រកួត ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ផ្តើម នាដើមឆ្នាំក្រោយ។

  • កិច្ចសម្ភាសន៍ ជាមួយអ្នកគាំទ្រ ភ្នំពេញក្រោន

ការសាងសង់ កីឡដ្ឋានថ្មី របស់ក្រោននេះ គឺជាដំណឹងដ៏ល្អមួយ ដែលបង្ហាញពីការបោះជំហាន ទៅមុខមួយផ្នែកទៀត សំរាប់ វិស័យបាល់ទាត់កម្ពុជា ក្នុងនោះ Khmerload ក៏បានធ្វើការសម្ភាសន៍ ជាមួយនឹង អ្នកគាំទ្រក្រោន មួយចំនួនដែរ ដើម្បីចង់ដឹងពីចំណាប់ អារម្មណ៍របស់ពួកគាត់។ ចំពោះប្អូនប្រុស  ផេង ប៊ីលី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះស៊ីសុវតិ្ត បានប្រាប់ Khmerload ថា "ក្នុងនាមជា អ្នកគាំទ្រមួយរូប ខ្ញុំពិតជារីករាយខ្លាំងណាស់ ចំពោះដំណឹងនេះ ព្រោះវាបង្ហាញ ពីការរីកចំរើន របស់វិស័យបាល់ទាត់ ខ្មែរយើង" 

ងាកមកលោក សុខ រដ្ឋា ដែលជា បុគ្គលិកក្រុមហ៊ុន ឯកជនមួយរូប បានបង្ហាញ ចំណាប់ អារម្មណ៍ថា "ការមានកីឡដ្ឋាន កាន់តែច្រើន នៅកម្ពុជាគឺល្អ ខ្លាំងណាស់ មិនថា តែជារបស់រដ្ឋ ឬ កីឡដ្ឋានឯកជននោះទេ ការមានកីឡដ្ឋានច្រើន នឹងធ្វើឲ្យមានការប្រកួតច្រើន កាលពីមុន ក្រុមដែលចង់ប្រកួត គឺមានតែទាត់នៅស្តាត ចាស់ ឬស្តាតអូឡាំពិកប៉ុណ្ណោះ តែអនាគតទៅ បើយើងមានកីឡដ្ឋានច្រើន យើងមិនចាំបាច់ ទៅតែខ្វល់ខ្វាយ ពីការខ្វះទីលានប្រកួត ផ្លូវការនោះទេ"

ចំណែកឯ ប្អូនស្រី ចាន់ ណារី និស្សិតឆ្នាំ ទី២ ផ្នែករចនា (Design) បានអះអាងថា បើសិនជាស្តាត របស់ក្រោន អាចរួចរាល់ ទាន់រដូវកាលថ្មី ចាប់ផ្តើមមែន ប្អូនស្រី នឹងធ្វើដំណើរ ទៅគាំទ្រនៅ ទីនោះរៀងរាល់ការ ប្រកួត ដើម្បីលើកទឹកចិត្តក្រោន ដែលជាក្រុមសំណព្វចិត្ត ជាមួយមិត្តភកិ្ត៕
ទីលានហ្វឹកហាត់របស់កីឡាករដែលស្ថិតនៅក្រោយកីឡដ្ឋានថ្មី


អាគារចំបងនៃកីឡដ្ឋាន RSN ដែលរួមមានកន្លែងសំខាន់ៗជាច្រើន


វេទិកាអង្គុយទស្សនាធំជាងគេ ដែលពេលនេះទើបតែដាក់ដំបូងរួចរាល់


វាលស្មៅនៃកីឡដ្ឋាន RSN និងកន្លែងអង្គុយទស្សនាព័ទ្ធជុំវិញ ដែលកំពុងសាងសង់


រូបភាពនៅពីក្រោយកន្លែងអង្គុយទស្សនាផ្នែកខាងជើង


ទិដ្ឋភាពកីឡដ្ឋាន RSN កំពុងស្ថិតនៅក្រោមការសាងសង់


ក្រុមជាងកំពុងមមាញឹកសាងសង់


ប្រព័ន្ធលូបង្ហូរទឹករបស់កីឡដ្ឋាន RSN


កន្លែងអង្គុយទស្សនាផ្នែកខាងកើត


ក្រុមជាងដែក កំពុងតំឡើងកន្លែងអង្គុយសំរាប់អ្នកគាំទ្រ


ក្រុមជាងកំពុងដាក់ដែកលើ កន្លែងអង្គុយអ្នកគាំទ្រនាផ្នែកខាងត្បូង

តើប្រិយមិត្ត ទាំងអស់គ្នា យល់យ៉ាងណាដែរ?

ដោយ៖ Roth & Romeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]