ខេត្តបាត់ដំបង៖ បើតាមសេចក្តីរាយការណ៍ ពីខេត្តបាត់ដំបងនៅវេលា ព្រឹកថ្ងៃទី១៧ ធ្នូ ២០១៤ នេះថា ការធ្វើតេស្តឈាមដើម្បី រកមេរោគអេដស៍ នៅក្នុង មណ្ឌលសុខភាព ឃុំរកា ក្នុងស្រុកសង្កែ គឺមាន ប្រជាពលរដ្ឋ មកធ្វើតេស្តឈាម សរុបចំនួនជាង៦៦០នាក់ហើយ ក្នុងនោះ បានប្រទះឃើញ អ្នកមានផ្ទុកមេរោគអេដស៍ កើនឡើងដល់ចំនួន ៩០នាក់ ដែលតួលេខ នេះគិតចាប់តាំងពី ថ្ងៃទី០៨ ដល់ថ្ងៃ១៦ ធ្នូ មក ។

ប្រភពបានឱ្យដឹងថា ការមកធ្វើតេស្តឈាមនេះ ភាគច្រើនគឺជា ប្រជាពលរដ្ឋនៅក្នុងភូមិរកា ឃុំរកាតែម្តង ព្រោះត្រូវគេរកឃើញមាន ប្រជាពលរដ្ឋផ្ទុក មេរោគអេដស៍ច្រើនជាងគេ ។

ប្រភពបន្តថា នៅវេលាព្រឹកថ្ងៃទី១៧ ធ្នូ នេះដែរ គេឃើញមាន រថយន្តរបស់អង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ និងអង្គការផ្សេងៗទៀត បានមក ដឹកជញ្ជូន ប្រជាពលរដ្ឋដែលមាន ផ្ទុកមេរោគទៅ កាន់មន្ទីរពេទ្យ បង្អែកខេត្តធ្វើការពិនិត្យបន្ថែម និងដើម្បីព្យាបាលបន្ត។

ទន្ទឹមនឹងនោះ គេឃើញខាងកម្លាំងស្នងការ និងកម្លាំងប៉ូលិសស្រុកសង្កែ បានចុះមកត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវ សួរព័ត៌មានពី អ្នកផ្ទុក មេរោគអេេដស៍ ខណៈដែលគេនាំ គ្នាផ្តោតទៅលើគ្រូពេទ្យ ម្នាក់ដែលគេសង្ស័យថា ជាអ្នកបង្កឱ្យឆ្លងមេរោគអេដស៍នេះ ។

គួួររំលឹកថា មានការភ្ញាក់ផ្អើលមួយ ខណៈប្រជាពលរដ្ឋ ចំនួួនជាង ៤០០នាក់មកពីភូមិ-ឃុំផ្សេងគ្នា មកធ្វើតេស្តឈាម នៅក្នុងមណ្ឌល សុខភាពឃុំរកា ក្នុងស្រុកសង្កែ ក៏បានប្រទះឃើញ ប្រជាពលរដ្ឋចំនួន ខ្ទង់៧០នាក់ មានផ្ទុកមេរោគអេដស៍ នេះបើតាមការអះអាង របស់ ក្រុមគ្រូពេទ្យស្រុកសង្កែ ។ គួរបញ្ជាក់ថា ប្រជាពលរដ្ឋ៧០នាក់ ដែលក្រុមគ្រូពេទ្យពិនិត្យ ឃើញមានផ្ទុកមេរោគអេដស៍ គឺមកពីឃុំរកា ទាំងអស់ ។

ប្រភពបានឱ្យដឹងថា ប្រជាពលរដ្ឋ៧០នាក់ ដែលបានដឹងថា ខ្លួនមានផ្ទុកមេរោគអេដស៍ នោះទាំងក្មេង ទាំងចាស់ កំលោះ ក្រមុំ មានការយំ ទួញសោកយ៉ាងខ្លាំង ដែលធ្វើឱ្យប្រជាពលរដ្ឋដទៃទៀត មានការភិតភ័យ ក៏នាំគ្នា ទៅធ្វើតេស្តឈាមយ៉ាងច្រើននៅថ្ងៃទី១៦ ធ្នូ ២០១៤ នេះ ខណៈ ដែល ការធ្វើតេស្តឈាម គឺចាប់ផ្តើមតាំងពីថ្ងៃទី០៨ ធ្នូ រហូតមក ។

ប្រជាពលរដ្ឋទាំងនោះ តែងតែទៅព្យាបាល និងចាក់ថ្នាំនៅ ទីនោះរហូតមក ដោយគេសង្ស័យថា អាចឆ្លង មេរោគតាមរយៈ ការទៅព្យាបាល នៅទីនោះ ៕




ប្រជាពលរដ្ឋនាំគ្នាមកធ្វើតេស្តឈាមនៅមជ្ឈមណ្ឌុលសុខភាពឃុំរកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]