ភ្នំពេញ ៖ អធិការ នគរបាល ខណ្ឌសែនសុខ លោក ម៉ក់ ហុង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ បានបង្ហាញមុខ ជនសង្ស័យ ដែលសម្លាប់ម្តាយមីង របស់ខ្លួន ដើម្បីប្លន់យក អលង្ការ និងបានបញ្ជូន ទៅកាន់តុលាការ ដើម្បីបន្តការ សាកសួរ និងមានធ្វើការ ចោទប្រកាន់ តាមផ្លូវច្បាប់។

លោក ម៉ក់ ហុង បានបញ្ជាក់ថា ជនសង្ស័យរូបនេះ និងបក្ខពួកម្នាក់ទៀត ដែលកំពុង រត់គេចខ្លួននោះ បានរួមដៃគ្នា សម្លាប់ស្រ្តីជាម្តាយ ដើម្បីប្លន់យក ទ្រព្យសម្បត្តិ និងគ្រឿងអលង្ការ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ កន្លងទៅ។

អធិការ នគរបាល ខណ្ឌសែនសុខ បានបន្តទៀតថា ក្រោយមានអំពើឃាតកម្ម ខាងលើនេះ ស្នងការនគរបាល រាជធានីភ្នំពេញ និងស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាមកកម្លាំង នគរបាល របស់លោក ធ្វើការស្រាវជ្រាវ ជាបន្ទាន់ ដើម្បីតាមចាប់ ជនដៃដល់រូបនេះ។

លោក ម៉ក់ ហុង បានបញ្ជាក់ទៀតថា «ក្រោយចំណាយ ពេលវេលា អស់រយៈពេល ជាច្រើនខែ មកនោះ ទីបំផុត កម្លាំងនគរបាល របស់យើង បានឈាន ទៅដល់ការចាប់ខ្លួន ជនសង្ស័យ ខាងលើ ខណៈបក្ខពួក ម្នាក់ទៀត កំពុងរត់គេចខ្លួន»។

យ៉ាងណាក៏ដោយ កម្លាំងនគរបាល កំពុងតាមចាប់ខ្លួន ជនសង្ស័យម្នាក់ទៀត ដែលកំពុងរត់ គេចខ្លួនយកផ្តន្ទា ទោសតាមផ្លូវច្បាប់ ឲ្យទាល់តែបាន ។

សូមបញ្ជាក់ថា យុវជនចិត្តតិរច្ឆាន សម្លាប់ម្តាយមីង របស់ខ្លួន ដើម្បី ប្លន់យកគ្រឿងអលង្ការ ទីបំផុតត្រូវនគរបាល ខណ្ឌសែនសុខ តាមចាប់ខ្លួន ញាត់ចូល សំណាញ់ដែក ទាល់តែបាន បន្ទាប់ពីព្យាយាមរត់គេច និងលាក់ខ្លួន អស់រយៈពេល៨ខែ។

កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤កន្លងទៅ ស្រ្តីវ័យ៣៣ឆ្នាំម្នាក់ ឈ្មោះ ជឹម សុខគីម ត្រូវបានឃាតកចាក់ សម្លាប់ក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិ ចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្រោយចាក់សម្លាប់ឃាតក បានប្លន់យកលុយ ស្រ្តីរងគ្រោះ ចំនួន ៤ពាន់ដុល្លារ និងគ្រឿងអលង្ការ មួយចំនួនរត់ គេចខ្លួន បាត់តែម្តង។ ស្រ្តីរងគ្រោះមាន កូន៣នាក់ ក្នុងបន្ទុក ប្រុស២នាក់ ស្រី ១នាក់ មានមុខរបរ ជាអ្នកលក់ដូរឥវ៉ាន់ ចាប់ហួយ។

ក្រោយករណី ឃាតកម្មកន្លង ផុតទៅរយៈពេលប្រមាណ ៤ខែ ក្រុមគ្រួសារស្រ្តី រងគ្រោះបាន ព្យាយាមតាមរក ជនសង្ស័យរហូត ប្រទះឃើញ រូបគេលាក់ខ្លួននៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ក្រុមគ្រួសារ ស្រ្តីរងគ្រោះ បានចង្អុលបង្ហាញទៅ សមត្ថកិច្ច ឈានដល់ការ ឃាត់ខ្លួនតែម្តង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤។ ជនសង្ស័យ ឆៃ យក់លៀក អាយុ ៣១ឆ្នាំ មុខរបរជាជាងទង ក្រោយពេលឃាត់ខ្លួន បានសារភាពឥត លាក់លៀមប្រាប់ សមត្ថកិច្ចថា រូបគេ រួមនិងបក្ខពួកម្នាក់ទៀត ពិតជាបានចាក់ សម្លាប់ស្រ្តីរងគ្រោះ ហើយប្លន់យកប្រាក់ និងគ្រឿងអលង្ការ ពិតប្រាកដមែន។

សូមបញ្ជាក់ថា ជនសង្ស័យ ជាក្មួយរបស់ស្រ្តីរងគ្រោះ ហើយតែងតែចេញ ចូលក្នុងបន្ទប់ផ្ទះជួល របស់ស្រ្តីរងគ្រោះ ជាញឹកញាប់ផងដែរ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]