ភ្នំពេញ ៖ ក្រោយបញ្ចេញ ប្រតិបត្តិការ ស្រាវជ្រាវ និងធ្វើការស៊ើបអង្កេត តាមជំនាញ របស់ខ្លួន អស់ជាច្រើន ថ្ងៃមកនោះ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញ ដូរមនុស្ស និងការពារ អនីតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានឈានទៅដល់ការ ឃាត់ខ្លួន មេខ្លោង ២នាក់ (ជនជាតិចិនម្នាក់ និងជនជាតិ ខ្មែរម្នាក់) នាំក្មេងស្រី ទៅរៀបការ ខុសច្បាប់ នៅ ប្រទេសចិន ហើយបញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ។

លោក កែវ ធា នាយការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារ អនីតិជន រាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ ចំនួន២នាក់ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ខណៈជនសង្ស័យ ទាំងនេះ កំពុងត្រៀមនាំ ជនរងគ្រោះ ជាអនីតិជន ឡើងយន្តហោះ ទៅកាន់ ប្រទេសចិន ដើម្បីយកទៅលក់ និងរៀបការ ជាមួយបុរស ជនជាតិ ចិននៅទីនោះ។

លោក កែវ ធា បានបញ្ជាក់ថា ក្រោយទទួល បានព័ត៌មាន នៃការជួញដូរ មនុស្ស ដោយខុសច្បាប់ ខាងលើនេះ ស្នងការ នគរបាល រាជធានីភ្នំពេញ និង ស្នងការរង ទទួលផែន បានបញ្ជាឲ្យកម្លាំង នគរបាលការិយាល័យ របស់លោក ធ្វើការស្រាវជ្រាវ ដើម្បីតាម ចាប់ជនសង្ស័យ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់។

នាយការិយាល័យរូបនេះ បានបន្តទៀតថា ដោយមានការឯកភាព ពីព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ផងនោះ កម្លាំងនគរបាល របស់លោក បានចុះទៅឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ កំពុងស្ថិតនៅ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ និងជួយសង្គ្រោះ ជនរងគ្រោះ ព្រមទាំង កោះអញ្ជើញ អ្នករត់ម៉ូតូឌុបម្នាក់ យកមកសួរនាំ និងអប់រំផងដែរ ។

នាយរងការិយាល័យ ប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ លោក ហុង បានថ្លែងឲ្យដឹងថា ជនសង្ស័យ ទាំង២នាក់ រួមមានទី១ ឈ្មោះ XU XIAN DIA ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរជាង សំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី១ឈ្មោះ ហេង សេង អាយុ៥៣ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះលេខ៣០ ផ្លូវ លេខ២៣១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

បើតាមលោក ហុង ជនសង្ស័យទាំង២នាក់ ត្រូវ បានចោទប្រកាន់ពីបទ «អំពើប៉ុនប៉ង លក់-ដូរ មនុស្សសម្រាប់ នាំឆ្លងដែន» ។ ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបាននាំខ្លួន មកសួរនាំ នៅការិយាល័យ ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ខណៈជនរងគ្រោះ និងអ្នករត់ម៉ូតូឌុប ត្រូវបានសមត្ថកិច្ច ហៅមកអប់រំ ឲ្យអនុញ្ញាតឲ្យ ត្រឡប់ទៅផ្ទះវិញ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]