រាជធានីភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានចេញសេចក្តីប្រកាស កាលពីព្រឹកថ្ងៃទី១៦ ធ្នូ ថាដោយ សារមាន កូដកម្មទាមទារ ដំឡើងប្រាក់ខែពី សំណាក់ អ្នកបើកបរ កម្មករកើប និងបោសសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី តាំងពីថ្ងៃទី១៥ ធ្នូ មក ធ្វើឱ្យមានការខកខាន ប្រមូលសំរាមនៅ តាមផ្លូវ និងតំបន់មួយ ចំនួនក្នុងរាជធានីភ្នំពេញ។ ដោយសារតែក្រុមហ៊ុន កំពុងចរចាស្វែងរក ដំណោះស្រាយ ជាមួយអ្នកបើកបរ និងកម្មករនោះ ធ្វើឱ្យគំនរ សំរាមត្រូវបាន ពង្រាយនៅតាមផ្លូវ នានាគ្រប់ច្រកល្ហក ។

យោងតាមការ ប្រកាសរបស់សាលារាជធានីថា អាជ្ញាធរគ្រប់ខណ្ឌ ក៏បាននិងកំពុងប្រើប្រាស់រថយន្ត និងកម្លាំងសន្តិសុខ ខណ្ឌកើបប្រមូល និង ដឹកជញ្ជូនសំរាម ទៅដាក់នៅ ទីលានចាក់សំរាមក្នុងខណ្ឌដង្កោ ។ កូដកម្មស្រដៀងគ្នានេះ របស់ក្រុមអ្នកបើកបរ និងកម្មករកើបនិង ប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ីនទ្រីក្នុងឆ្នាំ ២០១៤នេះ បានកើតមាន ចំនួន៣លើកហើយ ទាំងលើកនេះ ដែលលើកទី១ នៅខែកុម្ភៈ និង លើក ទី២នៅខែកក្កដា ដោយទាមទារ ប្រាក់ឈ្នួលនិង ប្រាក់អត្ថប្រយោជន៍ ការងារ មួយចំនួនទៀត ។ កន្លងមក ភាគីក្រុមហ៊ុនបាន ផ្តល់ ដំណោះស្រាយដល់ បុគ្គលិក ដោយផ្តល់ប្រាក់ ឧបត្ថម្ភទៅតាម ប្រភេទនៃការងារ ដូចជា អ្នកកើបសម្អាត និងប្រមូលសំរាម បានទទួល ៥ដុល្លារ បុគ្គលិកកើបសំរាម ទាំងថ្ងៃនិង យប់ទទួល បាន១០ដុល្លារ ហើយអ្នកបើករថយន្ត និងផ្នែកជាង ទទួលបាន៥ដុល្លារ ។

រហូតមកដល់ពេលនេះ បុគ្គលិកប្រមូលសំរាមទទួល បានប្រាក់ឈ្នួល ចាប់ពី៩៥ដុល្លារ ទៅ១១៥ដុល្លារ និងអ្នកបើករថយន្តនិងជាងជួសជុល ទទួលបានចាប់ ទី១២០ដុល្លារ ទៅ១៥០ដុល្លារ តាមវេនយប់ ឬវេនថ្ងៃ ។ ក្រុមហ៊ុនស៊ីនទ្រី ជាសាខាមួយនៃ សហគ្រាសកាណាដា ដែលមាន ឈ្មោះថា ស៊ីនទ្រែក និង ទទួួលបានសិទ្ធិផ្តាច់មុខ លើការប្រមូលសំរាមនៅ ក្នុងរាជធានី ភ្នំពេញ ចាប់តាំងពីឆ្នាំ២០០២មក បន្ទាប់ពីបាន ចុះកិច្ច ព្រមព្រៀងជាមួយ រាជរដ្ឋាភិបាល សម្រាប់រយៈពេល៤៩ ឆ្នាំ ។ ក្រុមអ្នកបើកបរ រថយន្ត និងកម្មករប្រមូល សំរាម បោសសំរាមរបស់ ក្រុមហ៊ុនស៊ីនទ្រី ប្រមាណ ១ពាន់នាក់ មិនបានចេញប្រមូលសំរាម និងបោសសំរាមរយៈពេល២ថ្ងៃហើយ ដោយនាំគ្នាធ្វើកូដ កម្មទាមទារ លក្ខខណ្ឌការងារ ចំនួន៦ចំណុច ហើយនៅល្ងាចថ្ងៃទី១៥ ធ្នូ និងព្រឹកថ្ងៃទី១៦ ធ្នូបានប្រមូលផ្ដុំគ្នា ប្រមាណ១០០នាក់នៅ ទីស្នាក់ការ ក្រមហ៊ុន ដែលមានទីតាំងស្ថិត នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ក្រុមកម្មករ បានឲ្យដឹងថា ពួកគាត់មានគ្នា ប្រមាណ១ពាន់នាក់ ចែកចេញជា២វេន ក្នុងនោះ មានវេនយប់ និងវេនថ្ងៃ ហើយការធ្វើកូដកម្ម មិនព្រម ចេញទៅប្រមូលសំរាមនេះ គឺមានរយៈពេល ២ថ្ងៃមកហើយ ដើម្បីទាមទារ លក្ខខណ្ឌការងារ ចំនួន៦ចំណុច ក្នុងនោះរួមមាន ៖

១-ក្រុមអ្នកបើកបរ រថយន្តទាំងវេនយប់ និងវេនថ្ងៃ ទាមទារឲ្យថៅកែក្រុមហ៊ុន ផ្ដល់ប្រាក់ឈ្នួលចំនួន៣០០ដុល្លារ ក្នុង១ខែ
២-កម្មករកើបសំរាមវេនថ្ងៃទាមទារប្រាក់ឈ្នួលចំនួន១៥០ដុល្លារ ក្នុង១ខែ
៣-កម្មករកើបសំរាមវេនយប់ ទាមទារប្រាក់ឈ្នួលចំនួន១៧០ដុល្លារ ក្នុង១ខែ
៤-កម្មករបោសសំរាម ទាមទារប្រាក់ឈ្នួល ចំនួន១៣០ដុល្លារ ក្នុង១ខែ
៥- ក្រុមអ្នកបើកបររថយន្ត កម្មករផ្នែកកើបនិងផ្នែកបោស ទាមទារឲ្យថៅកែផ្ដល់ លុយបាយថ្ងៃត្រង់ចំនួន៣.០០០រៀល ជារៀងរាល់ថ្ងៃ ក្នុងម្នាក់
៦-ទាមទារឲ្យថៅកែ ផ្ដល់ប្រាក់ថ្លៃធ្វើដំណើរ និងការស្នាក់នៅក្នុង ម្នាក់ៗចំនួន៣០ដុល្លារក្នុង ១ខែ ។

ក្រុមអ្នកបើកបរ រថយន្តបានឲ្យដឹងថា កាលពីប៉ុន្មានខែមុន ពួកគាត់បានតវ៉ាទាមទារ នូវលក្ខខណ្ឌការងារ ជាបន្តបន្ទាប់ ហើយថៅកែ ក្រុមហ៊ុន បានដំឡើងឲ្យខាងក្រុម អ្នកបើកបររថយន្ត ត្រឹម១៣០ ដុល្លារ ចំណែកកម្មករ ផ្នែកកើប និងបោសសំរាម ត្រឹម៩០ដុល្លារប៉ុណ្ណោះ។ ពេលនេះ ដោយសារតែ ប្រាក់ឈ្នួលនោះមិនអាច ទប់ទល់ទៅនឹង ការចំណាយប្រចាំថ្ងៃ បាន ទើបពួកគាត់ទាមទារសុំ ឲ្យថៅកែដំឡើង បន្ថែមទៀត ហើយបើនៅតែគ្មាន ដំណោះស្រាយទេ ពួកគាត់មិនព្រម បញ្ឈប់ការតវ៉ា ហើយក៏មិនចេញប្រមូលសំរាមដែរ ។ ទាក់ទិនទៅនឹង ហេតុការណ៍នេះ ត្រូវបានប៉ូលិស មូលដ្ឋានឲ្យដឹងថា កម្មករក្រុមហ៊ុននេះ ឧស្សាហ៍ធ្វើកូដកម្ម តវ៉ាទាមទារនូវលក្ខខណ្ឌ ការងារណាស់ ហើយ ពេលធ្វើម្ដងៗមិន ងាយបញ្ចប់ទៅវិញ ត្រឹម១ថ្ងៃ ឬ២ថ្ងៃណាស់ គឺការដោះស្រាយ មិនងាយត្រូវគ្នាឡើយ ។ កន្លងមក បានអូសបន្លាយ ពេល ចាប់ពី៣ថ្ងៃឡើងទៅ ទើបត្រូវរ៉ូវគ្នាដែលធ្វើ ឲ្យសំរាមគរនៅ តាមផ្លូវសាធារណៈ ឬទីប្រជុំជនស្អុយរលួយ ។

ដោយឡែក នៅពេលនេះមាន ការចូលរួមរកដំណោះស្រាយ ពីសំណាក់មន្ត្រីមកពីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរ ខណ្ឌ រួមជាមួយតំណាង ក្រុមហ៊ុនស៊ីនទ្រី និងតំណាង កម្មករផងដែរ ។ ប៉ុន្តែមិនបានលទ្ធផលនោះឡើយ ហើយក្រុមកម្មករ បានបន្តធ្វើការ តវ៉ាទៀត និងមិនទាន់ ដឹងថា ដល់ពេលណា ទើបអាចត្រូវរ៉ូវ គ្នានោះឡើយ ៕



គំនរសំរាមនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ

ក្រុមកម្មករធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]