រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មាន បានធ្លាយចេញ ពីស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ឱ្យដឹងថា កាលពីព្រឹក ថ្ងៃទី១៦ ធ្នូ គណៈកម្មការ ស្រាវជ្រាវ លើបទល្មើស ឃាតកម្ម បាញ់សម្លាប់ លោកឧកញ៉ា អឹុង ម៉េងជឺ បណ្តាលឱ្យ បាត់បង់ជីវិត នៅមុខហាង លក់ផ្លែឈើ ម្តុំអាងទឹក អូឡាំពិក ក្នុងសង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌចំការមន បើគិតមកដល់ ពេលនេះ មានរយៈពេល ជិត១ខែ មកហើយ ។ ទោះបីជាបែបណា ក្រុមឃាតករ ជាជនដៃដល់ ព្រមទាំង អ្នកសមគំនិត ៦នាក់ ដែលជាឪពុក ម្តាយ និងអង្គរក្ស របស់ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានឃុំខ្លួន នៅពន្ធនាគារ ព្រៃស រួចហើយ ។ រីឯអ្នកផ្តើមគំនិត (ថោង សារ៉ាត់) កំពុងត្រូវបាន រត់គេចខ្លួន នៅឡើយ ។

នៅព្រឹកថ្ងៃទី១៦ ធ្នូ គណៈកម្មការ ជំនាញ ស្រាវជ្រាវ លើបទឧក្រិដ្ឋនេះ ដែលមាន រួមបញ្ចូលដោយ មន្ត្រីនាយកដ្ឋាន កណ្តាល នគរបាល យុត្តិធម៌ ក្រសួងមហាផ្ទៃ នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានជួបប្រជុំគ្នា ធ្វើកោសល្យវិច័យ ទៅលើវត្ថុតាង មួយចំនួនទៀត ដែលបាន ដកហូត ពីបុរី៩៩៩ និងលំនៅឋាន ជាច្រើនកន្លែង របស់ឧកញ៉ា ថោង សារ៉ាត់ ។ ប្រភពព័ត៌មានបន្តថា គណៈកម្មការ ជំនាញស្រាវជ្រាវ បទល្មើសនេះ បានយក កាមេរ៉ាសុវត្ថិភាព និងម៉ាស៊ីន អេឡិចត្រូនិក ដែលជាប្រដាប់ ស្គេនមេដៃ មកឆែកមើល ឡើងវិញទាំងអស់ ប្រយោជន៍ដើម្បី រកសកម្មភាព ទាំងឡាយណា ដែលពាក់ព័ន្ធ បទឧក្រិដ្ឋ កាលពី ថ្ងៃ២២ វិច្ឆិកា ។

មន្ត្រីជំនាញស្រាវជ្រាវ កំពុងធ្វើកិច្ចការងារ នេះយ៉ាងសកម្ម ប៉ុន្តែលទ្ធផល មិនទាន់បាន ជាផ្លែផ្កា នៅឡើយទេ និងកំពុងបន្ត ឆែកឆេរ ក្នុងកាមេរ៉ា សន្តិសុខ បន្ថែមទៀត ។ មុននេះ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោកនាយ ឧត្តមសេនីយ៍ ខៀវ សុភ័ក ថ្លែងឱ្យដឹងថា ប៉ូលិសកម្ពុជា កំពុងសហការ ជាមួយប៉ូលិស អាំងទែប៉ូល ដើម្បីតាម ចាប់ខ្លួន ឧកញ៉ា ថោង សារ៉ាត់ ។ វិធានការថ្មីនេះ ធ្វើឡើងបន្ទាប់ពី សមត្ថកិច្ច អះអាងថា បានតម្រុយ ពីទីកន្លែង លាក់ខ្លួន របស់លោក ឧកញ៉ា ម្ចាស់ក្រុមហ៊ុន សំណង់ បុរី៩៩៩ ដែលកំពុង រត់គេចខ្លួន ពីការតាមចាប់ ក្នុងសំណុំរឿង បាញ់សម្លាប់ លោក ឧកញ៉ា អុឹង ម៉េងជឺ ។

លោកឧត្តមសេនីយ៍ ខៀវ សុភ័ក ឱ្យដឹងដែរថា នៅរយៈពេល ប៉ុន្មានថ្ងៃនេះ ប៉ូលិសកម្ពុជា ចាប់ផ្តើម សហការជាមួយ ប៉ូលិសអន្តរជាតិ អាំងទែប៉ូល បន្ថែមលើការ សហការជាមួយ ប៉ូលិស ក្នុងប្រទេស ក្បែរខាងកម្ពុជា ដើម្បីតាមចាប់ខ្លួន ឧកញ៉ាអាប់យស ថោង សារ៉ាត់ គឺចាំបាច់ណាស់ ត្រូវមានការ សហការជាមួយ ប៉ូលិសអន្តរជាតិ អាំងទែប៉ូល ហើយប៉ូលិស អន្តរជាតិ នៃស្ថាប័ននេះ ក៏បានឆ្លើយតប ចំពោះសំណើ របស់កម្ពុជាដែរ ។

កាលពីថ្ងៃទី១១ ធ្នូ ប៉ូលិសកម្ពុជា បានបញ្ជូនដីកា ស្វែងរកចាប់ខ្លួន លោកឧកញ៉ា ថោង សារ៉ាត់ ទៅអាជ្ញាធរ ប្រទេសវៀតណាម និងប្រទេស ជិតខាងកម្ពុជា ដទៃ ដើម្បីសុំកិច្ច សហការ ក្នុងការចាប់ខ្លួន បញ្ជូនជនសង្ស័យ មកកម្ពុជាវិញ ។ ដូចគ្នានេះដែរ លោក ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋាន កណ្តាល នគរបាល យុត្តិធម៌ នៃក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹងដែរថា ប៉ូលិស របស់ប្រទេស វៀតណាម បានឆ្លើយតប ចំពោះការស្នើសុំ កិច្ចសហការ ពីប៉ូលិស កម្ពុជាហើយ ។ ប៉ុន្តែលោកមិនទាន់ អះអាងថា នឹងចាប់ខ្លួន លោក ថោង សារ៉ាត់ បាននៅពេលណា នោះទេ ។

កាលពីថ្ងៃទី១២ ខែធ្នូ សមត្ថកិច្ចចម្រុះ ចុះទៅឆែកឆេរ ដល់ភូមិគ្រឹះ ចំនួន៣ទីតាំង របស់ឧកញ៉ា ថោង សារ៉ាត់ ដោយសមត្ថកិច្ច បានដកហូត យកក្បាលកាមេរ៉ា សន្តិសុខ និងម៉ាស៊ីន ផ្តិតក្រយៅដៃ កាំភ្លើងខ្លី ម៉ាករ៉ូឡូ មួយដើម និងវត្ថុតាង មួយចំនួនទៀត និងបាន កោះហៅ មេការម្នាក់ នៃបុរី៩៩៩ មកសាកសួរ ។

លោក ថោង សារ៉ាត់ ត្រូវបានគេ សង្ស័យថា តុលាការ បានចាប់ខ្លួន ឃុំខ្លួន មនុស្ស៦នាក់ ក្នុងនោះរួមមាន ឪពុកម្តាយ របស់គាត់ និងអង្គរក្ស ៤នាក់ ដែលមានម្នាក់ បានឆ្លើយថា ខ្លួនជាអ្នក បាញ់សម្លាប់ លោកឧកញ៉ា អឹុង ម៉េងជឺ ។ មន្ត្រីនគរបាល ដែលស្និទ្ធនឹង ប្រតិបត្តិនេះ អះអាងថា សមត្ថកិច្ច នឹងចាប់ខ្លួន លោកឧកញ៉ា ថោង សារ៉ាត់ បាន ក្នុងពេលខាងមុខ ។

នៅពេលចាប់ខ្លួន ឧកញ៉ា ថោង សារ៉ាត់ បាន នគរបាល នឹងធ្វើសន្និសីទកាសែត ជាសាធារណៈ ឱ្យសាធារណជន បានដឹងរឿងក្តី ឱ្យបាន ស៊ីជម្រៅជាងនេះ តែពេលនេះ ស្ថិតក្នុងដំណាក់កាល ស្រាវជ្រាវ និងសើុបអង្កេត នៅឡើយទេ ៕


លោកឧកញ៉ា ថោង សារ៉ាត់ ដែលកំពុងគេចខ្លួន


សមត្ថកិច្ចចុះឆែកឆេរលំនៅឋានឧកញ៉ា ថោង សារ៉ាត់


បុរី៩៩៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]